ជាតិ
ពន្ធនាគារ​កម្ពុជា ផ្ទុក​អ្នកទោស​លើស​ចំនួន​កំណត់​ជាង​២៣​ភាគរយ​
07, Jan 2016 , 3:57 pm        
រូបភាព
 
​ពន្ធនាគារ​កម្ពុជា អាចដាក់​អ្នកទោស​ទូទាំងប្រទេស បានត្រឹមតែ ១២០០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ននេះ ចំនួន​អ្នកទោស មាន​រហូតដល់ ១៧៨៩៦ នាក់​។ នេះ​ជា​បញ្ហា​ដ៏​ធំ​មួយ សម្រាប់​អ្នកទោស​កម្ពុជា ដែល​កំពុង​ប្រឈម​។​


 
​ពន្ទ​នាគារ​កម្ពុជា បាន​ផ្ទុក​ទណ្ឌិត លើស​ចំនួន​កំណត់ រហូតដល់​៥៨៩៦​នាក់ ស្មើនឹង​២៣,៧៣​ភាគរយ​។ តាម​ការកំណត់ ពន្ធនាគារ​អាច​ផ្ទុក​ចំនួន​អ្នកទោស​បានតែ ១២០០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​នាពេល​បច្ចុប្បន្ន អ្នកទោស​ទូទាំងប្រទេស​មាន​រហូតដល់ ១៧៨៩៦​នាក់  (​ស្រី​១៤៦២​នាក់ និង​អនីតិជន​៥២៦​នាក់​)​។ នេះ​បើតាម​ការអះអាង​របស់​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ដែល​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចា​ប់​កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​គោលការណ៍​ក្នុងការ​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស នៅ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​៦ ខែមករា​។​
 
​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ចំណុះ​នៃ​ការដាក់​អ្នកទោស​នៅក្នុង​ពន្ធនាគារ គឺ​មិន​គ្រប់គ្រាន់​។ ចំនួន​អ្នកទោស បាន​លើសពី​លទ្ធភាព​ដែល​ពន្ធនាគារ ដែល​បានកំណត់​។ នេះ​ជា​បញ្ហា​ដ៏​ធំ​មួយ ដែល​ពន្ធនាគារ​កំពុង​តែ​ប្រឈម នាពេល​បច្ចុប្បន្ន​»​។ 
 
​តាម​គោលការណ៍ បន្ទប់​មួយ​អាចដាក់​អ្នកទោស​ត្រឹម​៨​នាក់​ប៉ុណ្ណោះ បុ​ន្តែ​ស្ថានភាព​បច្ចុប្បន្ន បន្ទប់​ខ្លះ ដាក់​លើសពី ៨​នាក់ ហើយ​មាន​បន្ទប់​ក្នុង​ពន្ធនាគារ​ខ្លះទៀត ដាក់​អ្នកទោស​រហូតដល់ ជិត​៣០​នាក់​។ ភាព​ចង្អៀត​នៃ​ពន្ធនាគារ​នីមួយៗ មាន​ស្ថានភាព​ផ្សេងៗ​គ្នា ដោយ​ក្នុងនោះ ពន្ធនាគារ​ព្រៃ​សរ និង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់សោម កំពុងតែ​ប្រឈម​នឹង​ការ​ណែន​តាន់តាប់​ខ្លាំងជាងគេ​។ 
​លើសពីនេះទៅទៀត បន្ទប់​ឃុំឃាំង​ខ្លះ​មិន​ត្រឹមតែ​ចង្អៀត​នោះទេ តែ​ថែម​ទាំងចាស់​ទ្រុឌទ្រោម ទៀតផង ដោយ​អាគារ​ខ្លះ​សល់​តាំងពី​សម័យ​បារាំង​មកម្ល៉េះ ដូចជា​ពន្ធនាគារ​ខេត្តតាកែវ និង​ខេត្តកំពត​ជាដើម​។​
 
​យ៉ាងណាក៏ដោយ កិច្ចប្រជុំ​កាលពី​ថ្ងៃ​ម្សិលមិញ មិនបាន​លើក​ពី​យន្តការ​នៃ​ការកសាង​អាគារ​បន្ថែម​នោះទេ ពោលគឺ​គ្រាន់តែ​ជំរុញ​ឲ្យ​មានការ​ជួសជុល​អាគារ​ចាស់ៗ មួយចំនួន​ដែល​សល់​ពី​សម័យ​បារាំង​ប៉ុណ្ណោះ​។ ប៉ុន្តែ ស្មារតី​នៃ​កិច្ចប្រជុំ​នោះ បានស្នើ​ឲ្យ​រដ្ឋាភិបាល បង្កើត​មជ្ឈមណ្ឌល​កែប្រែ និង​បន្សាប​គ្រឿងញៀន​មួយ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចៀស​វា​នាំ​អ្នកប្រើប្រាស់​គ្រឿងញៀន​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ ដែល​អាច​បណ្តាល​ឲ្យ​កកស្ទះ​យ៉ាងខ្លាំង ព្រោះ ក្នុងចំណោម​អ្នកទោស​ទាំង​១៧៨៩៦​នាក់ អ្ន​ន​ទោស​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​មាន​ចំនួន​ច្រើនជាងគេ រហូត​ជាង​៧០​ភាគរយ​៕

Tag:
 ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com