សង្គមជាតិ
អ្នកស្រាវជ្រាវចេញផ្សាយ​សៀវភៅ​ស្តីពី​នយោបាយការបរទេសកម្ពុជា​និង​តួនាទី​ស្នូល​អាស៊ាន
07, Jan 2016 , 8:59 pm        
រូបភាព
 ​មូលហេតុ​នៃ​ភាពជោគជ័យ​នៃ​ស្ថាប័ន​អាស៊ាន​ក្រោយ​បង្កើតឡើង​រយៈពេល​៤៨​ឆ្នាំ ក្លាយជា​រឿង​ដែល​គ្រប់គ្នា​ចង់ដឹង​។​ចំណែក​គោលនយោបាយ​ការបរទេស​កម្ពុជា​ក្នុងនាម​ជា​សមាជិក​អង្គការ​តំបន់​នេះ​មាន​លក្ខណៈ​បែបណា និង​ត្រូវ​បង្កើតឡើង​ពឹងផ្អែក​សំខាន់​លើ​អ្វី​នោះ​ក៏​ជា​ចម្ងល់​មួយ​របស់​ប្រជាជន សិស្ស និស្សិត បញ្ញា​វ័​ន្ត​ផងដែរ​។  តែ​ចម្ងល់​ទាំងនេះ នឹងត្រូវ​បកស្រាយ​ដោយ​សៀវភៅ​ថ្មី​មួយ​មាន​ចំណងជើង​ថា «​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុង​សហគម​ន៌​អាស៊ី​បូព៌ា និង​នយោបាយ​ការបរទេស​កម្ពុជា​ក្នុង​អាស៊ាន​»​។ 

 
​សៀវភៅ​ថ្មី​ជា​ភាសា​ខ្មែរ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា «​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុង​សហគម​ន៌​អាស៊ី​បូព៌ា និង​នយោបាយ​ការបរទេស​កម្ពុជា​ក្នុង​អាស៊ាន​» មាន​លក់​ជា​ផ្លូវការ​ហើយ​តាម​បណ្ណាគារ​នានា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សៀវភៅ​នេះ​និពន្ធ​ឡើង​ដោយ​លោក ហេង សារិទ្ធ ជា​ប្រធានការិយាល័យ​នៃ​អគ្គនាយកដ្ឋាន​អាស៊ាន និង​អ្នកស្រាវជ្រាវ​នៃ​វិទ្យស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ (CISS) ។ 

 
​ជុំវិញ​ការនិពន្ធ​សៀវភៅ​នេះ លោក ហេង សារិទ្ធ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា សៀវភៅ​ថ្មី​របស់លោក​ត្រូវបាន​និពន្ធ​ឡើង​ដោយ​ផ្អែក​ការស្រាវជ្រាវ​ស៊ីជម្រៅ ហើយ​សៀវភៅ​នេះដែរ​ផ្តោតលើ​អាស៊ាន​និង​នយោបាយ​ការបរទេស​កម្ពុជា​តែម្តង ។ សៀវភៅ​ថ្មី​នេះ​នឹង​ក្លាយជា​ឃ្លាំងចំណេះ​យ៉ាងសំខាន់​ពាក់ព័ន្ធ​នយោបាយ​ការបរទេស និង​អាស៊ាន​ជារួម ព្រោះ​សៀវភៅ​នេះ​ព្យាយាម​បកស្រាយ​និង​ពន្យល់​ពី​មូល​ហេតុដែល​ជំរុញ​ឲ្យ​ស្ថាប័ន​អាស៊ាន​ទ​ទួល​ជោគជ័យ និង លក្ខណៈ​នៃ​នយោបាយ​ការបរទេស​កម្ពុជា​ក្នុងនាម​ជា​រដ្ឋ​សមាជិក​អាស៊ាន​នេះ​។  
លោក ហេង​សារិទ្ធ បាន​ពន្យល់ អាស៊ាន​មិនអាច​ដើរមក​ដល់ពេល​បច្ចុប្បន្ន​ទេ បើ​គ្មាន​ការប្រកាន់​ភ្ជាប់​នូវ​តួនាទី​ស្នូល​អាស៊ាន​(ASEAN Centrality) ។គោល​ការណ៍​នេះ មាន​ធាតុ​ផ្សំ​ពីរ​សំខាន់​ក្នុងនោះ​មាន វិធី​អាស៊ាន (ASEAN Way) និង​យុទ្ធសាស្ត្រ​តុល្យភាព​អំណាច (balance of power) ហើយ​សមាជិក​អាស៊ាន​បាន​ប្រើ​គោលការណ៍​ទាំងពីរ​ខាងលើ​យូរ​មកហើយ ដើម្បី​ធានា​សាមគ្គីភាព គ្មាន​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង កសាង​ទំនុកចិត្ត​គ្នារ​វា​សមាជិក ជាពិសេស​ទប់ស្កាត់​នយោបាយ​ពង្រីក​ឥទ្ធិពល​ផ្តាច់មុខ​របស់​មហាអំណាច​ក្នុង​តំបន់ ។​ ​លោក​សង្កត់ធ្ងន់ថា​៖ «​និយាយ​ដល់​តួនាទី​ស្នូល​អាស៊ាន ប្រហែលជា​មិនសូវមាន​មនុស្ស​ច្រើន​បានដឹង​ឡើយ​។ ហើយ​ពាក្យ​តួនាទី​ស្នូល​របស់​អាស៊ាន​នេះ​ទេ​ភាគច្រើន​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​ឯកសារ​ផ្លូវ​ការសំខាន់ៗ​ជាពិសេស​ក្នុង​ក្របខណ្ឌ​អាស៊ានប៉ុណ្ណោះ​»​។ 
 
 មួយវិញទៀត សៀ​ភៅនេះក៏​បកស្រាយ​ពី​ជំហរ​នៃ​គោលនយោបាយ​ការបរទេស​កម្ពុជា​ក្នុងនាម​ជា​សមាជិក​អាស៊ាន​។ លោក​ថា ៖«​គោលនយោបាយ​ការបរទេស​កម្ពុជា​នយោបាយ​អ​ព្យា​ក្រឹត្យ និង​មាន​តុល្យភាព​ដោយ​មិន​លម្អៀងទៅរក​មហាអំណាច​ណាមួយ​ទ្បើ​យ​។ ជា​នយោបាយ​ការបរទេស ដែលមាន​តុល្យភាព ( a balanced foreign policy) ចំពោះ​មហាអំណាច​នានា​នៅក្នុង​តំបន់ ដូចជា​អាមេរិក ចិន ជប៉ុន​»​។ លោក​បាន​សន្និដ្ឋាន​ដែរ​ថា នយោបាយ​ការបរទេស​កម្ពុជា ត្រូវបាន​បង្កើតឡើង​អនុលោម​តាម​មាត្រា​៥៣​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ចែង​ពី​គោលការណ៍​៦​ចំនុច (six-point principle) និង​ពឹង​លើគោលការណ៍សតវត្ស​អាស៊ី (Asian Century) និងកម្ពុជា​ក្នុងដំណាក់កាល​ក្រោយ​ជម្លោះ (post-conflict Cambodia) ។ 
 
​កន្លងមក​មានការ​បកស្រាយ​ខុសប្លែកគ្នាពីគោលនយោបាយ​ការបរទេសកម្ពុជា​និង​មានការទិតៀន​កម្ពុជា​ដែល​ហាក់ដូច​ជាមាន​ទំនោរ​លើ​ក្រុង​ប៉េកាំង​ខ្លាំង​។  ហើយ​គេ​ចាប់ផ្តើម​រិះគន់​កម្ពុជា​ក្រោយពេល រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បរាជ័យ​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​រួម​ក្នុងពេលដែល​កម្ពុជា​ជា​ប្រ​ធានអាស៊ានក្នុង​ឆ្នាំ ២០១២ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com