ជាតិ
សិល្បះ
កវី គង្គ ប៊ុន​ឈឿន ចង់​មាន​ទីតាំង​តម្កល់​ធាតុ​លោក​ នៅក្បែរ​ស្ទឹង​សង្កែ​
20, Jan 2016 , 10:48 am        
រូបភាព
​ការ​ប្រារព្ធ​ពិធី​រម្លឹក​អ​នុ​ស្សាវ​រី​យ៍បទ​«​ម្លប់​ដូង​ទី​១០» ដែលជា​ចំណងជើង​មួយ​នៃ​បទ​ចម្រៀង​របស់លោក ស៊ីន ស៊ី​សាមុត ពី​សំណាក់​អភិបាលខេត្ត​បាត់ដំបង បានធ្វើ​ឲ្យ​អ្នកនិពន្ធ​បទ​ចម្រៀង​នេះ​គឺ​លោក គង្គ ប៊ុន​ឈឿន រំជួលចិត្ត​ពី​ប្រទេស​ន័​រវេ​ស​ដែល​លោក​កំពុង​រស់នៅ​។ រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​ទូរ​សព្ទ​ពី​ទ្វីបអឺរ៉ុប ក្នុងស្ថានភាព​មាន​ជំងឺ​ធ្ងន់ធ្ងរ​ផង​នោះ កវី​ម្ចាស់​ស្ទឹង​សង្កែ​ថ្លែងថា លោក​សាទរ​គំនិត​ផ្តួចផ្តើម​របស់​អភិបាលខេត្ត​បាត់ដំបង ហើយ​លោក​ក៏​ចង់​មាន​ទីតាំង​និម្មិត​រូប​មួយ​នៃ​ការ​រំ​ឮ​ក​ស្នាដៃ​លោក​ជាច្រើន​ដែលមាន​ពាក់ព័ន្ធ​នឹង​ខេត្តបាត់ដំបង ដែលជា​ខេត្ត​កំណើត​របស់លោក​ដែរ​។​



​ទាំង​រំភើប ទាំង​ចម្លែក​ក្នុង​ចិត្ត និង​ភ្ញាក់ផ្អើល​ផង ទាំងនេះ​គឺជា​ចំណាប់អារម្មណ៍​របស់​ក​វី​ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុន​ឈឿន ដែល​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ ចំពោះ​ព្រឹត្តិការណ៍​នៃ​ការ​រម្លឹក​អនុស្សាវរីយ៍ «​ម្លប់​ដូង​ទី​១០» នា​មាត់​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង​។​

​កាលពីពេល​ថ្មីៗ​នេះ អភិបាលខេត្ត និង​អាជ្ញាធរខេត្ត​បាត់ដំបង បានរៀបចំ​ពិធី​រម្លឹក និង​បង្ហាញ ដើម​ដូង​ទី​១០ ដែលជា​ខ្លឹមសារ​នៃ​បទ​ចម្រៀង ដែល​ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត និង​ដែល​និពន្ធ​ដោយ​លោក គង្គ ប៊ុន​ឈឿន​។​

សូមស្តាប់ប្រសាសន៍លោក គង្គ ប៊ុនឈឿន



​លើសពី​ការសរសេរ​អរគុណ​អភិបាលខេត្ត​បាត់ដំបង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កវី​គង្គ ប៊ុន​ឈឿន បាន​ថ្លែង​ពី​អារម្មណ៍​ផ្ទាល់​របស់លោក​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ពី​ប្រទេស​ន័​រវេ​ស​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​អរ ហើយ​មានការ​ចម្លែក​ក្នុង​ចិត្ត​ដែរ ព្រោះ​មិន​នឹក​ឃើញថា គេ​រម្លឹក​ឡើងវិញ បទ​ម្លប់​ដូង​ទី​១០​នេះ​ទេ​។ ដល់​មានការ​រម្លឹក​ឡើងវិញ​អ៊ីចឹង ខ្ញុំ​ក៏​ភ្ញាក់ផ្អើល​ដែរ ព្រោះ​វា​ជា​បទ​របស់ខ្ញុំ ហើយ​ជា​ជា​សំឡេង​របស់លោក ស៊ីន ស៊ី​សាមុត​។ ធ្វើ​នេះ​ល្អ ព្រោះ​វា​ធ្វើ​ឲ្យ​ល្អ​ដល់​វិស័យ​ទេសចរណ៍ និង​សិល្បៈ ។ គ្រាន់តែ​ខ្ញុំ​ស្តាយ​មិនបាន​ទៅ​ចូលរួម​ផ្ទាល់ ព្រោះ​ខ្ញុំ​មាន​ជំងឺ​។ ពិសេស​ទឹកដី​បាត់ដំបង ជា​ស្រុកកំណើត​របស់ខ្ញុំ​»​។​

​គ្រាន់​តែមាន​ពិធី​រម្លឹក​អា​នុ​ស្សាវ​រី​យ៍​នៃ​បទ​ចម្រៀង​មួយ​របស់លោក​នៅពេលនេះ លោក គង្គ ប៊ុន​ឈឿន ដែលមាន​អាយុ​៧៦​ឆ្នាំ ហើយ​ដែល​កំពុងមាន​ជំងឺ​ប្រចាំកាយ​ផង​នោះ ក៏បាន​នឹកឃើញ​ពី​បំណង​របស់លោក​ដែល​ចង់​បង្កើត​ទីតាំង​រម្លឹក​អនុស្សាវរីយ៍ ដែល​អាចមាន​រូបសំណាក ឬ​ជាទី​កន្លែង​ដាក់​ធាតុ​របស់លោក​ផង ក្រោយពី​លោក​អស់​ជន្មា​ទៅ​។ សម្រាប់​លោក គង្គ ប៊ុន​ឈឿន ដែល​បាន​ចាក​ចេញពី​កម្ពុជា​ទាំង​បង្ខំចិត្ត​ក្នុង​ឆ្នាំ​២០០០​នោះ លោក​ចង់ឃើញ​រូបសំណាក​អនុស្សាវរីយ៍​នៃ​ការងារ​តែង​និពន្ធ​របស់លោក​ខ្លះ​នៅក្នុង​ខេត្ត​កំណើត​របស់លោក​។ បើទោះជា​មាន​សំឡេង​ខ្សោយ​ក៏ដោយ កវី គង្គ ប៊ុន​ឈឿន នៅ​អាច​រម្លឹក​ការងារ​របស់លោក​យ៉ាង​មោទនៈ​។​

សូមស្តាប់ប្រសាសន៍លោក គង្គ ប៊ុនឈឿន



«​មែនទែនទៅ មិនមែន​មានតែ​«​ម្លប់​ដូង​ទី​១០»​ទេ​។ ខ្ញុំ​រស់នៅ​បាត់ដំបង ខ្ញុំ​មាន​បទ​ច្រើន ដូចជា​បទ​រំដួល​ស្ទឹង​សង្កែ​, កូនស្រី​អ្នកនេសាទ​, បទ​ភូមិ​វត្ត​កំផែង​, សុទ្ធតែ​បទ​ដែល​និយាយ​ពី​ទីតាំង​សំខាន់ៗ ដែល​ទេសចរ ឬ​បងប្អូន​ចង់ដឹង​ចង់​ឮ​។ ម្លោះ​ហើយ បើ​ឯកឧត្តម លោក​មានលទ្ធភាព អាចធ្វើ​អ្វី​តទៅទៀតបាន ដើម្បី​ឲ្យ​កាន់តែ​ផុសផុល​ឡើង កាន់តែ​ល្អ​។ ឲ្យ​គេ​ដឹងថា កវី​ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុន​ឈឿន បានធ្វើ​អ្វីខ្លះ​ចំពោះ ខេត្តបាត់ដំបង នៅពេល​គាត់​នៅរស់​»​។ នេះ​ជាការ​រៀបរាប់​របស់លោក គង្គ ប៊ុន​ឈឿន​។​

​តាមពិតទៅ បំណង​ធំ​របស់លោក ហើយ​ដែល​អាចធ្វើ​ឲ្យ​លោក​កាន់តែ​សប្បាយចិត្ត​ទៀត​នោះ គឺ​ធាតុ​របស់លោក នឹង​អាច​តម្កល់ ឬ​រក្សាទុក​នៅក្នុង​ទីតាំង​នៃ​ការ​រំ​ឮ​ក​អនុស្សាវរីយ៍​របស់លោក​ផ្ទាល់​តែម្តង​។
​លោក គង្គ ប៊ុន​ឈឿន គឺជា​កវី អ្នកនិពន្ធ​រឿង​ប្រលោមលោក និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ជាច្រើន​រយ​បទ​ឲ្យ​អ្នកចម្រៀង​ខ្មែរ​ដ៏​ល្បីល្បាញ​នៅក្នុង​ទស្សវត្សរ៍​៧០៕






Tag:
 គង្គ ប៊ុន​ឈឿន
© រក្សាសិទ្ធិដោយ thmeythmey.com