ជាតិ
អ្នកវិភាគកម្ពុជា ថាមានលទ្ធផលវិជ្ជមានច្រើនក្រោយជំនួបអាមេរិក-អាស៊ាន
× ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន មានលទ្ធផលវិជ្ជមានច្រើនជុំវិញអនាគតនៃទំនាក់ទំនងអាមេរិកនិងអាស៊ាន វាក៏រំលេចច្បាស់ថា រដ្ឋបាលអាមេរិកថ្មីអាចនៅបន្តនយោបាយការបរទេសចំពោះអាស៊ីអាគ្នេយ៍ដែលជាមរតកបន្សល់ទុកដោយលោក បារ៉ាក់ អូបាម៉ា ដែរ។ នេះជាការយល់ឃើញរបស់លោក ឈាង វណ្ណារិទ្ធិ ជាអ្នកស្រាវជ្រាវ និងសហស្ថាបនិកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ។
ក្នុងបទបង្ហាញសាធារណនៅព្រឹកថ្ងៃសុក្រទី ២៦ កុម្ភៈនៅវិទ្យាសា្ថនកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ វាគ្មិន និងសហស្ថាបនិកនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (Cambodian Institute for Strategic Studies) លោក ឈាង វណ្ណារិទ្ធិ យល់ឃើញថា លទ្ធផលសំខាន់វិជ្ជមានកើតឡើងក្រោយកិច្ចប្រជុំពិសេសអាមេរិក-អាស៊ាននៅ Sunnylands មានទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខនិងបញ្ហាពាក់ព័ន្ធផ្សេងទៀតផង។ បទបង្ហាញនេះធ្វើឡើងជាង១សប្តាហ៍ក្រោយកិច្ចប្រជុំ និងក្រោយការលើកឡើងរបស់សម្តេច ហ៊ុន សែន ជុំវិញភាពជោគជ័យនៃកិច្ចប្រជុំ។
យោងតាមការតាមដានដោយយកចិត្តទុកដាក់ជុំវិញដំណើរការនិងលទ្ធផលនៃកិច្ចប្រជុំ អ្នកស្រាវជ្រាវរូបនេះថា សេចក្តីថ្លែងការណ៍រួមរវាងអាមេរិកនិងអាស៊ាន ដែលមាន ១៧ ចំណុចនោះបញ្ជាក់ច្បាស់ពីការប្រឹងប្រែងនិងប្តេជ្ញាចិត្តរបស់ប្រទេសអាស៊ានទាំង ១០ និងអាមេរិកក្នុងការពង្រឹងចំណងការទូត សេដ្ឋកិច្ច នយោបាយ និងសន្តិសុខ រួមទាំងការផ្សាភ្ជាប់រវាងប្រជាជននិងប្រជាជនផងក្នុងក្រមខណ្ឌដៃគូយុទ្ធសាស្ត្រ។
ពាក់ព័ន្ធសារសំខាន់ផ្នែកនយោបាយ លោក ឈាង វណ្ណារិទ្ធិ ពន្យល់ថា កិច្ចប្រជុំពីរថ្ងៃអាស៊ាន និងអាមេរិកកន្លងមកជួយលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងដែលពឹងផ្អែកលើច្បាប់ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងកសាងទំនុកចិត្ត និងលើកកម្ពស់គោលការណ៍ស្នូលអាស៊ានជាដើម។
បើក្រឡេកមើលសារសំខាន់សេដ្ឋកិច្ចវិញ លោកមើលឃើញថា កិច្ចប្រជុំនេះបានជួយត្រួសត្រាយផ្លូវសម្រាប់ពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចទ្វេភាគីរវាងអាមេរិកនិងអាស៊ាន ជាពិសេសវាជួយដល់ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ លោកក៏លើកឡើងពីសារសំខាន់នៃ គម្រោងពាណិជ្ជកម្មពហុភាគីស្តង់ដាខ្ពស់ «ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក» របស់អាមេរិក និងសារសំខាន់នៃគំនិតផ្តួចផ្តើមថ្មីរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា «ការផ្សាភ្ជាប់អាស៊ាននិង អាមេរិក » (US-ASEAN Connect) ដែលសុទ្ធសឹងតែជួយដល់ ការចៃ្នប្រឌិត លើកស្ទូយសហគ្រិនភាពជាដើម។
ត្រលប់មកបញ្ហាសន្តិសុខវិញ លោកអធិប្បាយថា វេទិកាកិច្ចប្រជុំអាមេរិកនិងអាស៊ានបានជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាមេរិកឲ្យកាន់តែស៊ីជម្រៅដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ មានទាំងចលនាភេរវកម្ម ហិង្សាជ្រុលនិយម ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខដែនសមុទ្រ និង ការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធីជាដើម។ តាមពិតទៅ អាស៊ានដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាមនោគមន៍វិជ្ជាជ្រុលនិយមនិងភេរវកម្ម។
លោក ឈាង វណ្ណារិទ្ធិ សង្កត់ធ្ងន់ថា៖ «បើនិយាយរឿងសន្តិសុខ គ្មានតំបន់ណាដែលគាំទ្រអាមេរិកក្នុងការប្រឆាំងភេរវកម្ម ខ្លាំងជាងតំបន់អាស៊ានទេលើពិភពលោក»។
ហើយក្រៅពីចំណុចគោលខាងលើ កិច្ចប្រជុំកន្លងមក ក៏បានរំលេចឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់មហាអំណាចអាមេរិកដោយសហការជាមួយបណ្តារដ្ឋអាស៊ានដើម្បីជំរុញការរីកលូតលាស់នៃប្រព័ន្ធនីតិរដ្ឋ ប្រជាធិបតេយ្យ អភិបាលកិច្ច និងដោះស្រាយបញ្ហាបរិស្ថានមានការប្រែប្រួលអាកាសធាតុ និងសន្តិសុខអិនធឺណែតផងដែរ។
យ៉ាងណាក៏ដោយ អ្វីដែលជាចំណុចសំខាន់គឺ វាគ្មិនខាងលើយល់ឃើញថា នយោបាយការបរទេសអាមេរិកភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធនឹងបន្តទៅមុខនាពេលអនាគតទោះមានការផ្លាស់ប្តូរមេដឹកនាំក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំនេះក៏ដោយ។ ហើយការផ្លាស់ប្តូរពីត្រឹមការសហប្រតិបត្តិការខ្ពស់ផ្នែកសន្តិសុខទៅការសហការលើគ្រប់វិស័យនានឹងកើតមាននាពេលអនាគតខាងមុខ។
លោក ឈាង វណ្ណារិទ្ធិថ្លែងថា៖ «ខ្ញុំមានទំនុកចិត្តថា បេក្ខជនទោះមកពីគណបក្សប្រជាធិបតេយ្យ ឬបក្សសាធារណរដ្ឋក៏ដោយ ដែលជាប់ឆ្នោតខាងមុខនឹងបន្តនយោបាយការបរទេសពង្រឹងឥទ្ធិពលអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិកជាពិសេសភ្ជាប់ទំនាក់ទំនងជាមួយអាស៊ាន»៕
© រក្សាសិទ្ធិដោយ thmeythmey.com