ជាតិ
ឯកឧត្តម កឹម សុខា៖ កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង... នេះជាចំណុចខ្លាំងរបស់យើង 
×![]()
ព័ត៌មានទាក់ទងសំឡេងឆ្លើយស្នេហា ដែលមានការចោទប្រកាន់ថាជាសំឡេងរបស់ឯកឧត្តម កឹម សុខា និងយុវតីម្នាក់ មិនបានធ្វើឲ្យប្រធានស្តីទីគណបក្សប្រឆាំងស្មុគ្រស្មាញអារម្មណ៍នោះឡើយ។ ដោយមិននិយាយចំពីបញ្ហា ឯកឧត្តម កឹម សុខា បានថ្លែងទៅថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង២៥ រាជធានី-ខេត្ត នាកិច្ចប្រជុំកាលពីព្រឹកមិញថា មិនត្រូវធ្វើអ្វីទៅតាមគេចាក់នោះឡើយ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ដូចដែល ខ្ញុំធ្លាប់បានជម្រាបជូនថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិយើង ជាច្រើនដងមកហើយ។ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ហើយយើងក៏ដឹងហើយថា ដរាបណាយើងនៅតែរក្សាគោលជំហរ រឹងមាំរបស់យើង តាមឆន្ទៈរបស់ប្រជាពលរដ្ឋគឺ យើងនៅតែជួបឧបសគ្គជាច្រើនតទៅមុខទៀត»។
ឯកឧត្តម កឹម សុខា បានបន្តថា៖ «យើង មានកិច្ចការច្រើនណាស់ ដែលត្រូវធ្វើ! យើងកំពុងដើរតាមផ្លូវត្រូវហើយ យើងកំពុងតែរួបរួមគ្នាយ៉ាងរឹងមាំហើយ នេះហើយជាចំណុចខ្លាំងរបស់យើង!»។
មេដឹកនាំបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា បក្សរបស់លោកត្រូវតែធ្វើទៅតាមគោលដៅ តាមផែនការយុទ្ធរបស់ខ្លួនប៉ុណ្ណោះ។ «យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬ ធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ ត្រូវរក្សានូវការអត់ធ្មត់តទៅទៀត ដូចដែលខ្ញុំបានជម្រាបហើយថា យើងកុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង»។ លោកបានបន្ថែមយ៉ាងដូច្នេះ៕
Tag:
ឯកឧត្តម កឹម សុខា
គណបក្សសង្គ្រោះជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com