អន្តរជាតិ
នយោបាយអន្តរជាតិ
ឧត្តមសេនីយ៍ Tran Dai Quan ក្លាយជាប្រធានាធិបតីថ្មីវៀតណាម 
×![]()
លោក Tran Dai Quan ត្រូវបានសភាវៀតណាមបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានាធិបតីដែលជាមុខងារនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងបក្ស នាថ្ងៃសៅរ៍នេះ។ កន្លងមកមក Tran Dai Quan ធ្លាប់បម្រើការងារជាប្រមុខក្រសួងសន្តិសុខសាធារណរបស់វៀតណាម។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhua។
លោក ជាវ សំណាង លម្អិតព័ត៌មាននេះ
នៅថ្ងៃសៅរ៍នេះ សភាវៀតណាមបានសម្រេចបោះឆ្នោតជ្រើសតាំងរដ្ឋមន្ត្រីសន្តិសុខសាធារណ លោកនាយឧត្តមសេនីយ៍ប៉ូលិស Tran Dai Quan ឲ្យកាន់តំណែងជាប្រធានាធិបតីថ្មីដែលជាមុខងារនយោបាយដែលមានអំណាចបំផុតក្នុងបក្ស។
ការបោះឆ្នោតឲ្យលោកបំពេញមុខងារជាប្រមុខរដ្ឋនេះធ្វើឡើងដោយមានសំឡេងគាំទ្រ ៤៦០ ក្នុងចំណោមសមាជិកសភាសរុបចំនួន៤៦៥នាក់ដែលបានបោះឆ្នោតក្នុងអង្គប្រជុំនៃរដ្ឋសភានីតិកាលទី១៣។ តាមពិតទៅការសម្រេចជ្រើសតាំងឲ្យលោកកាន់តំណែងកំពូលនេះក្រោយឡើងក្រោយពេលដែលលោកក្លាយជាបេក្ខជនម្នាក់ប៉ុណ្ណោះដែលទទួលបានការគាំទ្រក្នុងសមាជប្រាំឆ្នាំមុខរៀបចំឡើងកាលពីខែមករាកន្លងមក។
លោក Quan បានកើតនៅខែតុលា ឆ្នាំ ១៩៥៦ នៅខេត្តភាគខាងជើង Nih Binh ហើយលោកមានសញ្ញាបត្របណ្ឌិត និងមានងារជាសាស្ត្រាចារ្យផងដែរ។ លោកបានទទួលការសិក្សានៅសាលាបណ្ឌិតសភានគរបាលវៀតណាម និង សាលាវប្បធម៌និងភាសាបរទេសដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសន្តិសុខផ្ទៃក្នុងចាប់ពីឆ្នាំ ១៩៧២ ដល់ ឆ្នាំ ១៩៧៥ ។
ចាប់តាំងពីពេលនោះមកលោកបន្តកាន់តំណែងក្នុងស្ថាប័ននយោបាយសំខាន់ៗរបស់វៀតណាមជាបន្តបន្ទាប់រួមទាំងជាសមាជិកការិយាល័យនយោបាយផងដែរ។ ហើយដល់ឆ្នាំ ២០១១ លោកក៏ត្រូវបានគេជ្រើសតាំងឲ្យបំពេញភារកិច្ចជារដ្ឋមន្ត្រីសន្តិសុខសាធារណ ដែលជាស្ថាប័នទទួលបន្ទុកធ្វើចារកម្ម និងប្រឆាំងរាល់ការគំរាមកំហែងផ្នែកសន្តិសុខពីខាងក្រៅ ឬក្នុងប្រទេសចំពោះគណបក្សកុម្មុយនីស្ត និងជាលេខាធិការនៃនគរបាលកណ្តាលបក្សកុម្មុយនីស្តវៀតណាមផង។
ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់រដ្ឋមន្ត្រីសន្តិសុខសាធារណនេះស្ថិតក្រោមក្រសែរភ្នែក របស់បណ្តាប្រទេសលោកខាងលិច។ គេចង់ដឹងថា តើប្រធានាធិបតីថ្មីនេះមានលទ្ធភាពលើកស្ទួយស្ថានភាពសិទ្ធិមនុស្សនៅវៀតណាមបានកម្រិតណា។ ការលើកស្ទួយសិទ្ធិសេរីភាព បញ្ចប់ការធ្វើទុកបុកម្នេញលើសកម្មជនសិទ្ធិមនុស្សនិងសកម្មជននយោបាយ ជាហេតុផលមួយដែលអាចជំរុញឲ្យអាមេរិកបញ្ចប់ការហាមឃាត់ការលក់អាវុធឲ្យវៀតណាមដែរ។
ហើយពាក់ព័ន្ធនយោបាយការបរទេសឯណោះវិញ គេក៏សង្ឃឹមថា ប្រមុខរដ្ឋវៀតណាមថ្មីនឹងពង្រឹងទំនាក់ទំនងជាមួយអាមេរិកឲ្យកាន់តែប្រសើរ។ ការងារដំបូងបំផុតរបស់លោកក្នុងវិស័យការទូតគឺជួបជាមួយប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅក្នុងកិច្ចប្រជុំអាស៊ីបូព៌ានៅក្នុងប្រទេសឡាវចុងឆ្នាំនេះ។
យ៉ាងណាមិញ ការឡើងកាន់តំណែងរបស់លោក ឧត្តមសេនីយ៍ប៉ូលិសវៀតណាមម្នាក់នេះ ជាអ្វីដែលគណបក្សកុម្មុយនីស្តវៀតណាមចង់បាន។ យោងតាមប្រវត្តិរូបសង្ខេបនិងបទពិសោធន៍កាន់ការងារជាភ្នាក់ងារសន្តិសុខជាតិកន្លងមក ជំរុញឲ្យប្រធានាធិបតីនេះនឹងអាចមានសមត្ថភាពនិងលទ្ធភាពការពារសុវត្ថិភាពរបស់គណបក្ស។ ប៉ុន្តែ យោងតាមស្ថានភាពជាក់ស្តែងតំណែងប្រធានាធិបតីដូចជាមិនសូវមានឥទ្ធិពលប៉ុន្មានឡើយ បើប្រៀបធៀបជាមួយតំណែងនាយករដ្ឋមន្ត្រី និងលេខាធិការបក្សកុម្មុយនីស្ត៕
Tag:
វៀតណាម
Tran Dai Quan
© រក្សាសិទ្ធិដោយ thmeythmey.com