អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឧ​ត្ត​ម​សេនីយ៍ Tran Dai Quan ក្លាយជា​ប្រធានាធិបតី​ថ្មី​វៀតណាម​
02, Apr 2016 , 11:54 am        
រូបភាព
លោក Tran Dai Quan ត្រូវបាន​សភា​វៀតណាម​បោះឆ្នោត​ជ្រើសតាំង​ឲ្យ​កាន់តំណែង​ជា​ប្រធានាធិបតី​ដែលជា​មុខងារ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​បក្ស នា​ថ្ងៃ​សៅរ៍​នេះ​។ កន្លងមក​មក Tran Dai Quan ធ្លាប់​បម្រើ​ការងារ​ជា​ប្រមុខ​ក្រសួង​សន្តិសុខ​សាធារណ​របស់​វៀតណាម​។​នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។​



លោក ជាវ សំណាង លម្អិតព័ត៌មាននេះ




នៅ​ថ្ងៃ​សៅរ៍​នេះ សភា​វៀតណាម​បានសម្រេច​បោះឆ្នោត​ជ្រើសតាំង​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស Tran Dai Quan ឲ្យ​កាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី​ដែលជា​មុខងារ​នយោបាយ​ដែលមាន​អំណាច​បំផុត​ក្នុង​បក្ស​។

ការបោះឆ្នោត​ឲ្យ​លោក​បំពេញ​មុខងារ​ជា​ប្រមុខរដ្ឋ​នេះ​ធ្វើឡើង​ដោយមាន​សំឡេងគាំទ្រ ៤៦០ ក្នុងចំណោម​សមាជិកសភា​សរុប​ចំនួន​៤៦៥​នាក់​ដែល​បាន​បោះឆ្នោត​ក្នុង​អង្គប្រជុំ​នៃ​រដ្ឋសភា​នីតិកាល​ទី​១៣​។ តាមពិតទៅ​ការសម្រេច​ជ្រើសតាំង​ឲ្យ​លោក​កាន់តំណែង​កំពូល​នេះ​ក្រោយ​ឡើង​ក្រោយ​ពេលដែល​លោក​ក្លាយជា​បេក្ខជន​ម្នាក់​ប៉ុណ្ណោះ​ដែល​ទទួលបាន​ការគាំទ្រ​ក្នុង​សមាជ​ប្រាំ​ឆ្នាំ​មុខ​រៀបចំឡើង​កាលពី​ខែមករា​កន្លងមក​។​

លោក Quan បានកើត​នៅ​ខែតុលា ឆ្នាំ ១៩៥៦ នៅ​ខេត្ត​ភាគ​ខាងជើង Nih Binh ហើយ​លោក​មាន​សញ្ញាបត្រ​បណ្ឌិត និង​មាន​ងារ​ជា​សាស្ត្រាចារ្យ​ផងដែរ​។ លោក​បានទទួល​ការសិក្សា​នៅ​សាលា​បណ្ឌិតសភា​នគរបាល​វៀតណាម និង សាលា​វប្បធម៌​និង​ភាសាបរទេស​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​ចាប់ពី​ឆ្នាំ ១៩៧២ ដល់ ឆ្នាំ ១៩៧៥ ។
​ចាប់តាំងពី​ពេល​នោះមក​លោក​បន្ត​កាន់តំណែង​ក្នុង​ស្ថាប័ន​នយោបាយ​សំខាន់ៗ​របស់​វៀតណាម​ជា​បន្តបន្ទាប់​រួមទាំង​ជា​សមាជិក​ការិយាល័យ​នយោបាយ​ផងដែរ​។  ហើយ​ដល់​ឆ្នាំ ២០១១ លោក​ក៏​ត្រូវបាន​គេ​ជ្រើសតាំង​ឲ្យ​បំពេញភារកិច្ច​ជា​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណ ដែលជា​ស្ថាប័ន​ទទួលបន្ទុក​ធ្វើ​ចារកម្ម និង​ប្រឆាំង​រាល់​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ពី​ខាងក្រៅ ឬ​ក្នុងប្រទេស​ចំពោះ​គណបក្ស​កុម្មុយនីស្ត និង​ជា​លេខាធិការ​នៃ​នគរបាល​កណ្តាល​​បក្ស​កុម្មុយនីស្ត​វៀតណាម​ផង​។​

ការឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​របស់​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណ​នេះ​ស្ថិតក្រោម​ក្រសែរ​ភ្នែក របស់​បណ្តា​ប្រទេស​លោកខាងលិច​។ គេ​ចង់ដឹងថា តើ​ប្រធានាធិបតី​ថ្មី​នេះ​មានលទ្ធភាព​លើកស្ទួយ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម​បាន​កម្រិតណា​។ ការលើកស្ទួយ​សិទ្ធិសេរីភាព បញ្ចប់​ការធ្វើ​ទុក​បុក​ម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស​និង​សកម្មជន​នយោបាយ ជាហេតុ​ផល​មួយ​ដែល​អាច​ជំរុញ​ឲ្យ​អាមេរិក​បញ្ចប់​ការហាមឃាត់​ការលក់​អាវុធ​ឲ្យ​វៀតណាម​ដែរ​។​

​ហើយ​ពាក់ព័ន្ធ​នយោបាយ​ការបរទេស​ឯណោះ​វិញ គេ​ក៏​សង្ឃឹមថា ប្រមុខរដ្ឋ​វៀតណាម​ថ្មី​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឲ្យ​កាន់តែ​ប្រសើរ​។ ការងារ​ដំបូង​បំផុត​របស់លោក​ក្នុង​វិស័យ​ការទូត​គឺ​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅក្នុង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​នៅក្នុង​ប្រទេស​ឡាវ​ចុង​ឆ្នាំនេះ​។

​យ៉ាងណាមិញ ការឡើង​កាន់តំណែងរ​ប​ស់លោក ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​វៀតណាម​ម្នាក់នេះ ជា​អ្វីដែល​គណបក្ស​កុម្មុយនីស្ត​វៀតណាម​ចង់បាន​។ យោងតាម​ប្រវត្តិរូប​សង្ខេប​និង​បទពិសោធន៍កាន់​ការងារ​ជា​ភ្នាក់ងារ​សន្តិសុខ​ជាតិកន្លងមក ជំរុញ​ឲ្យ​ប្រធានាធិបតី​នេះ​នឹង​អាចមាន​សមត្ថភាព​និង​លទ្ធភាព​ការពារ​សុវត្ថិភាព​របស់​គណបក្ស​។ ប៉ុន្តែ យោងតាម​ស្ថានភាព​ជាក់ស្តែង​តំណែង​ប្រធានាធិបតី​ដូចជា​មិនសូវមាន​ឥទ្ធិពល​ប៉ុន្មាន​ឡើយ បើ​ប្រៀបធៀប​ជាមួយ​តំណែង​នាយករដ្ឋមន្ត្រី និង​លេខាធិការ​បក្ស​កុម្មុយនីស្ត​​៕


Tag:
 ​វៀតណាម​
  Tran Dai Quan
© រក្សាសិទ្ធិដោយ thmeythmey.com