ជាតិ
អាជ្ញាធរខេត្ត​បាត់ដំបង​នឹង​បំពេញ​បំណង​លោក គ​ង្គ ប៊ុន​ឈឿន បើ​មានការ​គាំទ្រ​ច្រើន​
18, Apr 2016 , 11:40 am        
រូបភាព
 
​អាជ្ញាធរខេត្ត​បាត់ដំបង នឹង​សាងសង់​ទី​កម្ក​ល់​ធាតុ ឬ​រូបសំណាក​លោក គ​ង្គ ប៊ុន​ឈឿន នៅ​មាត់​ស្ទឹង​សង្កែ ដើម្បី​ជាការ​គោរព​ ដឹងគុណ​ដ​ល់​កវី​ម្ចាស់​ស្ទឹង​សង្កែ​ដ៏​ល្បីល្បាញ​រូបនេះ ប្រសិនបើ​មានការ​គាំទ្រ​​ពី​មហាជន​ច្រើន​។ មា​នទី​តម្ក​ល់​ធាតុ ឬ​រូបសំណាក នៅ​មាត់​ស្ទឹង​សង្កែ ខេត្តបាត់ដំបង​ដែលជា​ទឹកដី​កំណើត​របស់ខ្លួន គឺជា​បំណង​ចុងក្រោយ​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​គ​ង្គ ប៊ុន​ឈឿន​។

 
​ទី​តម្ក​ល់​ធាតុ ឬ ​រូបសំណាក​លោក គ​ង្គ ប៊ុន​ឈឿន នៅ​មាត់​ស្ទឹង​សង្កែ អាច​នឹងត្រូវ​សាងសង់​ឡើង ដើម្បី​បំពេញ​បំណង​ចុងក្រោយ​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​រូបនេះ ប្រសិនបើ​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​​។  នេះ​ជាការ​បញ្ជាក់​របស់ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​។ 
 
​លោក បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ខ្សែ​ទូរ​សព្ទ​នៅ​ថ្ងៃទី​១៨​ខែមេសា​នេះ​ថា​៖«​បើសិនណា​មានការ​គាំទ្រ​យើង​នឹងធ្វើ​។ ដូច្នេះ​យើង​ចាំមើល​មតិ​ភាគច្រើន គាត់​ជួយផ្តល់​យោបល់​មក​ខ្ញុំ ទើប​ខ្ញុំ​អាច​សម្រេច​ថា​យក​កន្លែង​ណា​ជូន​គាត់​(​គ​ង្គ ប៊ុន​ឈឿន​)​បាន​។  យើង​គិតដល់​គាត់​»​។​
 
​ផ្ទុយទៅវិញ ប្រសិនបើ​មហាជន​ជំទាស់ លោក​ច័ន្ទ សុផល បាន​បញ្ជាក់ថា ទី​តម្កល់​ធាតុ​របស់​ម្ចាស់​កវី​ស្ទឹង​សង្កែ អាច​នឹងត្រូវ​សាងសង់​នៅក្នុង​វត្ត​វិបុល​ត្ថា​រាម ឬ​វត្ត​កណ្តាល ជាទី​ដែល​លោក​គ​ង្គ ប៊ុន​ឈឿន ធ្លាប់​បួស​រៀន ហើយ​នៅ​មាត់​ស្ទឹង​សង្កែ​អាច​ត្រឹមតែ​សាងសង់​ជា​រូបសំណាក​លោក គ​ង្គ ប៊ុន​ឈឿន ដើម្បី​បញ្ជាក់​ពី​ការគោរព​ដឹងគុណ​។ 
 
​បន្ទាប់ពី​រៀបរាប់​បន្ថែម​ជុំវិញ​ទី​តម្ក​ល់​ធាតុ ឬ​រូបសំណាក​របស់ លោក គ​ង្គ ប៊ុន​ឈឿន លោក អភិបាលខេត្ត​បាត់ដំបង ក៏បាន​សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​របស់​កវី​ដ៏​ល្បីល្បាញ​រូបនេះ​ដែរ​។ សម្រាប់​លោក ច័ន្ទ​ សុផល និង​អ្នក​បាត់ដំបង​ផ្ទាល់ មានការ​សោកស្តាយ អាឡោះអាឡ័យ និង​ចងចាំ គោរព ដឹងគុណ​ចំពោះ​ស្នាដៃ​ជាច្រើន​របស់គាត់​ដែល​បាន​បន្សល់ទុក​សម្រាប់​ម​នុស្ស​ជំនាន់​ក្រោយ​។ 
 
​ចំពោះ​ពិធី​តាមបែប​សាសនា​វិញ លោក ច័ន្ទ​ សុផល បាន​បញ្ជាក់ថា អាជ្ញាធរ​អាច​រៀបចំ​នៅក្នុង​បរិវេណ​វត្ត​ពោធិ៍​វាល ក្នុង​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដើម្បី​បង្ហាញ​ការយកចិត្តទុកដាក់ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក គ​ង្គ ប៊ុន​ឈឿន​។  
 
​លោក គ​ង្គ ប៊ុន​ឈឿន ដែលជា​កវី អ្នកនិពន្ធ​រឿង​ប្រលោមលោក និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ជាច្រើន​រយ​បទ​ឲ្យ​អ្នកចម្រៀង​ខ្មែរ​ដ៏​ល្បីល្បាញ​នៅក្នុង​ទស្សវត្សរ៍​៧០ បានទទួល​មរណភាព​ក្នុង​វ័យ​៧៧​ឆ្នាំ នៅ​ម៉ោង​៧​ព្រឹក​ម៉ោង​នៅក្នុង​ប្រទេស​ន័​រវេ ត្រូវ​នឹង​ម៉ោង​១​រសៀល​ម៉ោង​នៅ​កម្ពុជា​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៦៕
 



Tag:
 គ​ង្គ ប៊ុន​ឈឿន
 ច័ន្ទ សុផល
  បាត់ដំបង
  ស្ទឹង​សង្កែ​
 
© រក្សាសិទ្ធិដោយ thmeythmey.com