ជាតិ
ល្ខោនខោល​៖ ក្រសួង​ថា ការចុះបញ្ជី​បេតិកភណ្ឌ​ត្រូវធ្វើ​តាមច្បាប់ មិនមែន​ធ្វើតាម​ការនឹកឃើញ​ទេ​
05, Jun 2016 , 12:13 pm        
រូបភាព
អ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួង​វប្បធម៌
អ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួង​វប្បធម៌
 
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រតិកម្ម​ទៅនឹង​ការ​លើកឡើងថា ក្រសួង​មិនបាន​គិតគូរ ក្នុង​ការរៀបចំ​ល្ខោនខោល ដាក់​ស្នើ​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​អង្គការ​យូណេស្កូ​។ មតិ​របស់​មហាជន​ជាទូទៅ បាន​រិះគន់​ក្រសួង​វប្បធម៌ គឺ​បន្ទាប់ពី​ព័ត៌មាន​បរទេស​បាន​ចុះផ្សាយ​ថា ប្រទេស​ថៃ​កំពុង​រៀបចំ​ឯកសារ ដើម្បី​ដាក់​ស្នើសុំ​ចុះបញ្ជី​ល្ខោនខោល ទៅ​អង្គការ​យូណេស្កូ​។​


ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​ បញ្ជាក់នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មានរបស់ខ្លួន​​យ៉ាង​ដូច្នេះ​ថា « រាល់​កិច្ចការ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក ឫ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ក្តី គឺ​ត្រូវ​អនុវត្តតាម​គោលការណ៍​ច្បាប់ និង​នីតិវិធី​ចាំបាច់​ដែល​អង្គការ​យូណេស្កូ​តម្រូវ​ឲ្យ​សម្រាប់​ជនជាតិ និង​គ្រប់​ប្រទេស​លើ​ពិភពលោក ពុំមែន​ធ្វើ​តាមតែ​ការប្រកាស ការនឹកឃើញ ឬ​តាម​ការណ៍​រំភើប​របស់​អ្នក​ណាមួយ ឫ​ប្រទេស​ណាមួយ​នោះឡើយ​»​។​

ជាមួយគ្នានេះ ​ក្នុង​សំណេរ​មួយ​ទំព័រ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣ មិថុនា ក្រសួង​វប្បធម៌ បាន​រម្លឹក​ពី​ការងារ​មួយចំនួន ដែល​ខ្លួន​បាន​និង​ធ្វើ​កន្លងមក មានការ​ដាក់​របាំ​អប្សរា ឫ​របាំ​ព្រះរាជ​ទ្រព្យ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ កាលពី​ឆ្នាំ​២០០៣ ។ បន្ទាប់​មក​មាន ល្ខោនស្បែក​ធំ ដែល​បាន​ចុះបញ្ជី​ទ​ទួ​ក​ស្គាល់​ដោយ​អង្គការ​យូណេស្កូ​នៅ​ថ្ងៃទី ២៥ វិ​ចិ្ឆ​កា ឆ្នាំ​២០០៥ និង​ល្បែង​ទាញព្រ័ត្រ​នៅ​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០១៥ ។ 
 
​ក្រសួង​វប្បធម៌​អះអាងថា ជា​បន្ត​បន្ទាប់ខ្លួន មមាញឹក​រៀបចំ​ឯកសា​រពាក់​ព័ន្ធ​ជាច្រើន ដើម្បី​រៀបចំ ចាប៉ីដងវែង និង​តម្បាញ​សូត្រ​។​ល​។ ត្រៀម​ដាក់​ស្នើ​ទៅ​អង្គការ​យូណេស្កូ​ដូចគ្នា​។ ហើយ​ក្នុងនោះ ក្រសួង​ក៏​កំពុង​ត្រៀម និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង ក្បាច់គុន​ល្បុក្កតោ ភ្លេងអារក្ស និង​ល្ខោនខោល ដើម្បី​ស្នើសុំ​ចុះបញ្ជី​ជា​បន្តបន្ទាប់​។​
 
​ក្រសួង​ស្នើ​ឲ្យ​ស្នើ​ឲ្យ​សាធារណជន​ដឹង​ពី​ការងារ​របស់​ក្រុមការងារ​ជំនាញ​ខ្លួន ដែល​បាននិងកំពុង​ខិតខំ​ធ្វើ​អស់ពី​លទ្ធភាព តាម​គ្រប់​មធ្យោបាយ​ផ្សេងៗ ក្នុង​បំណង​ការពារ​ផលប្រយោជន៍​ជាតិ​៕
 
 

Tag:
 ក្រសួង​វប្បធម៌​
  ល្ខោនខោល​
  បេតិកភណ្ឌ​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com