ជាតិ
ថែល ថៃ ក្លាយ​ជា​ម្ចាស់ពាន The Voice Cambodia រដូវកាលទីពីរ​
20, Jun 2016 , 12:06 am        
រូបភាព
ដោយ: ថ្មីៗ
បេក្ខជន ថែល ថៃ (កូនក្រុម​របស់​កញ្ញា ឱក សុគន្ធកញ្ញា) បាន​ក្លាយ​ជា​ម្ចាស់ពានកម្មវិធី​ប្រឡង​ចម្រៀង The Voice Cambodia រដូវកាលទីពីររបស់ទូរទស្សន៍​ហង្សមាស​ ដោយ​រូបគេ​ទទួល​បាន​សំឡេងគាំទ្រ​ច្រើន​ជាង ឃី សុឃុន (កូន​ក្រុម​លោក ឆន សុវណ្ណរាជ) សាន ស្រីឡៃ (កូន​ក្រុម​របស់​អ្នក​នាង ពេជ្រ សោភា)  និង ឈីន រតនៈ (កូន​ក្រុម​របស់​លោក ណុប បាយ៉ា​រិទ្ធ) នៅ​វគ្គ​ផ្តាច់ព្រ័ត្រនា​រាត្រី​ថ្ងៃអាទិត្យ ទី​១៩ ខែមិថុនា នេះ។ ពានរង្វាន់នេះ មានទឹក​ប្រាក់១០០លានរៀល។



ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី​ប្រឡង​ចម្រៀង The Voice Cambodia រដូវកាលទីពីរ មាន​ការចូល​រួម​ទស្សនាផ្ទាល់​ពីសំណាក់​រដ្ឋ​មន្ត្រី​ក្រ​សួងព័ត៌មាន លោក ខៀវ កាញារីទ្ធ​ និងភរិយា។ នា​ការប្រកួត​ប្រជែងចុងក្រោយនេះ កម្មវិធី​តម្រូវឲ្យ​បេក្ខជន​ទាំង​បួន​រូប​បកស្រាយ​បទ​ចម្រៀងម្នាក់ៗចំនួន២បទ ។ បន្ថែមពីលើនេះ បេក្ខជន​ត្រូវ​បាន​តម្រូវឲ្យ​ច្រៀងម្នាក់មួយ​បទ​ជាមួយ​គ្រូបង្វឹក​របស់ខ្លួន ប៉ុន្តែ​មិនមែន​ដើម្បីទទួល​សំឡេង​គាំទ្រនោះឡើយ។

នៅជុំ​ទីមួយ ឃី សុឃុន ឡើង​បក​ស្រាយ​​មុន​គេ ជា​មួយ​នឹងបទចម្រៀងដែលមាន​ចំណង​ជើង​ថា «និស្ស័យជា​ព្រា​នក៏មាន​បេះដូង» បន្ទាប់​មក ​សាន​ ស្រីឡៃ ច្រៀងបទ «ឈប់ឈឺឈប់ទឹកភ្នែក» មុនពេល​ ថែល ថៃ លើក​យ​កបទ «ទូរសព្ទ​អាធ្រាត្រ​ឃ្លា​តស្នេហ៍» មក​បក​ស្រាយ រីឯបទចុងក្រោយនៅជុំទីមួយនេះ ឈីន រតនៈ ច្រៀងបទ «សង្សា​រអើ​យ!ភ្លេច​បងមិនបាន»។


បន្ទាប់ពី​បិទ​បញ្ចប់​ការ​ទទួល​សារគាំទ្រ​នៅ​ជុំទីមួយ បេក្ខជន និង​បេក្ខនារី បានឡើង​ច្រៀង​ជាមួយ​គ្រូ​បង្វឹក​របស់​ខ្លួន។ សាន ស្រីឡៃ បកស្រាយ​បទ «ផឹកលួង​ខ្លួន​ឯង» ជាមួយ​ ពេជ្រ សោភា បន្ទាប់មក ឃី សុឃុន ច្រៀងបទ «Right Here Waiting for You» ជាមួយ​ឆន សុវណ្ណរាជ ហើយ ថៃល ថៃ ច្រៀង​បទ «ពេល​បង​ចាស់ទៅ» ជាមួយ ឱក សុគន្ធកញ្ញា ចំណែក ឈីន រតនៈ និង ណុប បាយ៉ារិទ្ធ បក​ស្រាយ​បទ «បង និងអូន»។

នៅ​ជុំទីពីរ សាន ស្រី​ឡៃ ច្រៀង​បទ «បងចេះក្បត់អូន អូនក៏​ចេះក្បត់បង» ឃី សុ​ឃុន ច្រៀងបទ «ចិត្តអូន​យ៉ាង​ណា?» ឈីន ​រតនៈ បក​ស្រាយ​បទ «សង្សារឡូយពេក» មុន​ពេល ថែ​ល ថៃ បង្ហើ​សំនៀង​ជាមួ​យ​នឹងបទ «ក្រមុំឡើង​ថ្លៃ»។

កាលពី​ The Voice Cambodia រដូវកាលទីមួយ ប៊ុត សីហា ដែល​ជាកូន​ក្រុម​របស់​លោក ឆន សុវណ្ណរាជ បាន​ឈ្នះពានមុនគេ ដោយបាន​ការគាំទ្រ​ច្រើន​ជាង ចំរើន សុភ័ក្រ្ត កូន​ក្រុម​លោក ណុប បាយ៉ារិទ្ធ ឃុន វុត្ថា កូន​ក្រុម​របស់ កញ្ញា ឱក សុគន្ធកញ្ញា និងសយ រតនៈ កូន​ក្រុម​របស់អ្នកនាង ពេជ្រ សោភា នា​ការប្រកួតវគ្គ​ផ្តាច់ព្រ័ត្រ។ អតីត Top4 រដូវកាលទីមួយ ក៏បាន​បក​ស្រាយ​រួមគ្នាបទចម្រៀង «រស់ដើម្បីអ្នកណា?» នារាត្រី​ប្រឡង​ផ្តាច់ព្រ័ត្រ​រដូវកាលទីពីរ​ផងដែរ៕

Tag:
 The Voice Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com