ជាតិ
ល្ខោនខោលកម្ពុជា ចូលរួមការសម្ដែងនៅប្រទេសថៃ
× ភ្នំពេញ៖ កម្ពុជានឹងយក ល្ខោនខោលកម្ពុជា ចូលរួមសម្ដែងក្នុងកម្មវិធី ASEAN +3 Mask Festival នៅប្រទេសថៃ នាថ្ងៃទី៤ កក្កដាខាងមុខនេះ ដើម្បីលើកស្ទួយកិត្យានុភាពនៃសិល្បៈខ្មែរលើឆាកអន្តរជាតិ។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការសម្ដេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃសៅរ៍កន្លងមក។
តាមរយៈហ្វេសប៊ុករបស់ខ្លួន សម្តេនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា «យើងនឹងយក "ល្ខោនខោលកម្ពុជា" ទៅចូលរួមសំដែងក្នុងកម្មវិធី ASEAN +3 Mask Festival នៅព្រះរាជាណាចក្រថៃ នៅថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ ដែលមានការចូលរួមសម្ដែងពីប្រទេសកម្ពុជា ថែ ឡាវ មីយ៉ាន់ម៉ា និងកូរ៉េខាងត្បូង»។
ការយកល្ខោនខោលទៅចូលរួមសំដែងគឺដើម្បីលើកស្ទួយកិត្យានុភាពនៃសិល្បៈខ្មែរលើឆាកអន្តរជាតិ ព្រោះល្ខោនខោលជាទម្រង់សិល្បៈខ្មែរបុរាណមួយ ។ ល្ខោនខោល ឬល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយដែលមានអាយុកាលចំណាស់តាំងពីមុនសម័យអង្គរ ក្នុងសតវត្សទី៩ តាមរយៈចម្លាក់លឹបក្នុងតាមជញ្ជាំងប្រាសាទអង្គរ។ សម្រាប់តួសម្ដែងក្នុងល្ខោនខោល សុទ្ធសឹងតែជាបុរស ដែលតែងតួជានារី ជាប្រចាំក្នុងការសម្ដែងក្នុងព្រះរាជវាំងបុរាណខ្មែរ។ ទន្ទឹមនឹងនេះ ល្ខោនខោល ភាគច្រើន មានការសម្ដែងតែក្នុងព្រះបរមរាជវាំង និងក្នុងកម្មវិធីធំៗរបស់ជាតិប៉ុណ្ណោះ។
ល្ខោនខោល ហាក់បីដូចជាមានការចាប់អារម្មណ៍ច្រើនជាមុន ព្រោះប្រជាពលរដ្ឋកម្ពុជា បានរួបគ្នាការពារនូវវប្បធម៌របស់ជាតិ បន្ទាប់ពីមានភាពមិនចុះសម្រុងជាមួយភាគីថៃក្នុងការដាក់បញ្ជូលល្ខោនខោលជាវប្បធម៌របស់ខ្មែរទៅជាបេតិកភណ្ឌវប្បធម៌អរូបី។ ជាមួយគ្នានេះដែរ ការផ្ទុះជម្លោះជាមួយភាគីថៃ ក្នុងបណ្ដាញសង្គមកាលពីពេលថ្មីៗនេះធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋម្ពុជា។
សូមបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជាបានដាក់របាំ អប្សរា ឬរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីឆ្នាំ២០០៣ ។ បន្ទាប់មកមាន ល្ខោនស្បែកធំ ដែលបានចុះបញ្ជីទទួលស្គាល់ដោយអង្គការយូណេស្កូនៅថ្ងៃទី ២៥ វិចិ្ឆកា ឆ្នាំ២០០៥ និងល្បែងទាញព្រ័ត្រនៅថ្ងៃទី២ ធ្នូ ឆ្នាំ២០១៥ ។ ម្យ៉ាងវិញទៀត ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ កំពុងត្រៀម និងចងក្រងឯកសារពាក់ព័ន្ធនឹង ក្បាច់គុនល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ដើម្បីស្នើសុំចុះបញ្ជីជាបន្តបន្ទាប់នៅអង្គការយូណេស្កូផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com