ពីនេះ ពីនោះ
ល្បាក់ទឹក​ឡាវ អភិវឌ្ឍ​ជាង​ល្បាក់ទឹក​ព្រះ​និម្មិត​កម្ពុជា​
04, Jul 2016 , 8:59 am        
រូបភាព
ដោយ:
ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​៖ ល្បាក់ទឹក Khonephapheng ឡាវ (Khonephapheng Waterfall) ត្រូវបាន​អភិវឌ្ឍ​ជា​តំបន់​ទេសចរ​ធម្មជាតិ​ជាង​ល្បាក់ទឹក​ព្រះ​និម្មិត ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា​។ Khonephapheng ស្ថិតនៅ​តំបន់ ធី​ស៊ី​ផាន់​ដន លើ​ដង​ទន្លេមេគង្គ ភាគខាងត្បូង ប្រទេស​ឡាវ​។ វា​មាន​ចំងាយ​ប្រមាណ ១៣​គីឡូម៉ែត្រ​ពី​ព្រំដែន​ត្រពាំង​គ្រៀល កម្ពុជា​-​ឡាវ​។​




ការអភិវឌ្ឍ​តំបន់​ល្បាក់ទឹក​ព្រះ​និម្មិត ស្ថិតក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ជាប់​ព្រំប្រទល់​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ពុំទាន់​ល្អប្រសើរ​ដូច​ប្រទេស​ឡាវ​ឡើយ​។ ដ្បិត​វា ជា​ល្បាក់ទឹក​ធម្មជាតិ​ដូចគ្នា ប៉ុន្តែ​ការកែច្នៃ​អភិវឌ្ឍ​ល្បាក់ទឹក ហេដ្ឋារចនាសម្ព័ន្ធ សេវា​ម្ហូបអាហារ និង​សួនច្បារ​លំអរ​ល្បាក់ទឹក​ធម្មជាតិ​ទាំងពីរ​ផ្ទុយគ្នា​។ អ្នកទេសចរ​ធ្វើដំណើរ​តាមផ្លូវ​កៅស៊ូ​ទៅ​ទស្សនា​ល្បាក់ទឹក​ឡាវ ផ្ទុយ​មកវិញ បើ​អ្នកទេសចរ​ចង់​ធ្វើ​ទ​ស្សាន​ល្បាក់ទឹក​ព្រះ​និម្មិត​កម្ពុជា គេ​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​លំ​ដី​ហុយ​ទ្រលោម​។ យ៉ាងណា ល្បាក់ទឹក​ធម្មជាតិ​ធំ​ទាំងពីរ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ក្លាយជា​រមណី​ដ្ឋា​ន​ដ៏​ស្រស់ត្រកាល របស់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​។​

គេ​អាច​សន្ម​ត់​ថា មូលហេតុ​ដែល Khonephapheng មានការ​អភិវឌ្ឍ​ល្អ ព្រោះ រដ្ឋាភិបាល​ឡាវ​បានប្រគល់​សិទ្ធិ​គ្រប់គ្រង​ល្បាក់ទឹក​ហូរ​ចន្លោះ​ផ្ទាំង​ថ្ម​តូចធំ អម​រុក្ខជាតិ​ព្រៃភ្នំ​ខៀវស្រងាត់​មួយ​នេះ ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​។ ក្រុមហ៊ុន​ឯកជន​បាន​លក់​សំបុត្រ សម្រាប់​ភ្ញៀវទេសចរ​ជាតិ​ឡាវ​មួយ​នាក់​តម្លៃ ២០.០០០​គីប ប្រមាណ ៣​ដុល្លារ និង​ទេសចរ​បរទេស​ថវិកា ៥៥.០០០​គីប ប្រហែល​៧​ដុល្លារ​អាមេរិក ក្នុង​ការចូល​ទស្សនា​ល្បាក់ទឹក​។ ហើយ​ក្រុមហ៊ុន​ឯកជន បាន​ជួល​ដី បណ្តោះ​អាស​ន្ត​ដល់​ម្ចាស់​សេវា​អាហារ​ដ្ឋា​ន​មួយៗ តម្លៃ​ជាង​១០០​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ ទោះបីជា​សំបុត្រ​មានតម្លៃ​ថ្លៃ​បន្តិច តែ​ភ្ញៀវទេសចរ​នៅតែ​ចូល​ទស្សនា​។ ហើយ វិស័យ​ឯកជន​អាច​យក​ចំណូល​ថវិកា​ពី​លក់​សំបុត្រ និង​ការជួល​ដី​បណ្តោះអាសន្ន អភិវឌ្ឍ​តំបន់​ល្បាក់ទឹក​ទេសចរ​ធម្មជាតិ ឡាវ បច្ចុប្បន្ន​៕
























© រក្សាសិទ្ធិដោយ thmeythmey.com