បទវិភាគ
ល្មមដល់ពេលដែលខែ្មរឈប់ឈ្លោះគ្នា តែត្រូវរួមគ្នា កសាងមាតុភូមិដ៏កំសត់មួយនេះ
×
កម្ពុជាដែលធ្លាប់ជាអាណាចក្រដ៏ខ្លាំងក្លា និងមានទឹកដីធំទូលាយ កាលពីអតីតកាល បានប្រែខ្លួនមកជាជាតិសាសន៍ដែលក្រីក្រ និងមានទឹកដីរួមតូចនាពេលបច្ចុប្បន្ន ដោយសារតែភាពបែកបាក់ និងការធ្វេសប្រហេសរបស់ក្រុមអ្នកនយោបាយ និងពលរដ្ឋខ្មែរស្ទើរគ្រប់ជំនាន់។ ដូច្នេះហើយ ល្មមដល់ពេលហើយ ដែលអ្នកនយោបាយខ្មែរ ពលរដ្ឋខ្មែរគ្រប់និន្នាការ ត្រូវរួបរួមគ្នាឈរលើផលប្រយោជន៍ជាតិ ដើម្បីអភិវឌ្ឍន៍មាតុភូមិដ៏កំសត់មួយនេះ ។ ថ្វីបើយើងគាំទ្របក្សផ្សេងគ្នា មានទស្សនៈផ្សេងគ្នា តែយើងមិនមែនជាសត្រូវ និងត្រូវកាប់សម្លាប់គ្នាឡើយ ។
« សាមគ្គី សាមគ្គានំ តបោ សុខោ ការរួបរួមសាមគ្គីគ្នា នឹងនាំមកនូវសេចក្តីសុខ » ។ នេះគឺជាព្រះពុទ្ធឱវាទដែលព្រះអង្គ បានត្រាស់សម្តែងតាំងពីជាង ២ ពាន់ឆ្នាំមុនមក ។ ព្រះពុទ្ធដីកា ដ៏មានអត្ថន័យនេះ ល្មមអាចជ្រាបចូលសន្តានចិត្តរបស់ពលរដ្ឋខ្មែរ ដែលភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា ឲ្យមានស្មារតីរួបរួមគ្នា ដើម្បីកសាងប្រទេសជាតិ ។ ពីព្រោះថា ខ្មែរដែលធ្លាប់ខ្លាំង ក៏ធ្លាប់មានប្រវត្តិបាត់បង់ទឹកដី ធ្លាប់កាប់សម្លាប់គ្នាឯងក្នុងភ្លើងសង្គ្រាម ធ្លាក់ខ្លួនជាប្រទេសក្រីក្រដូចបច្ចុប្បន្ន ដោយសារតែការធ្វើប្រហេស និងការបែកបាក់គ្នារបស់អ្នកនយោបាយ និងពលរដ្ឋខ្មែរក្នុងអតីតកាល ។ លើលោកនេះ ប្រហែលជាគ្មានជាតិសាសន៍ណាមួយនោះទេ ដែលហ៊ានលើកដៃសម្លាប់ជាតិសាសន៍ខ្លួនឯងអស់រាប់លាននាក់ដូចកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។
ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ពោលគឺក្រោយពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ កម្ពុជាបានប្រកាន់យកនូវរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយអនុញ្ញាតឲ្យមានគណបក្សនយោបាយច្រើនចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនាអាណត្តិទី ១ និងអាណត្តិបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ។ ថ្វីដ្បិតកម្ពុជា ដើរទៅមុខមួយជំហានស្រវាឳបយករបបប្រជាធិបតេយ្យពិតមែន តែប្រទេសនេះ នៅតែបន្តជួបបញ្ហាបែកបាក់គ្នារវាងអ្នកនយោបាយ និងអ្នកនយោបាយ និងរវាងពលរដ្ឋ និងពលរដ្ឋ ដោយគ្រាន់តែមានភាពធូរស្រាលជាងអតីតកាល ។ បច្ចុប្បន្ននៅតែមានអ្នកនយោបាយខ្មែរខ្លះ បន្តហែកហួរគ្នា ចាត់ទុកគ្នាជាសត្រូវ ដើម្បីបម្រើមហិច្ឆតានយោបាយប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីជោគវាសនារបស់ជាតិ។ ដើម្បីប្រយោជន៍បក្សខ្លួន ក្រុមខ្លួន គ្រួសារខ្លួន និងដើម្បីអំណាច ពួកគេត្រូវឈ្លោះគ្នា និងចាត់ទុកគ្នាជាសត្រូវក្នុងវិថីនយោបាយ ។
រីឯពលរដ្ឋខ្លះដែលជាម្ចាស់ប្រទេសវិញ ក៏កំពុងផុងខ្លួនជឿលើអ្នកនយោបាយគ្មានមនសិការមួយចំនួន ដែលបង្កឲ្យមានអរិភាពជាមួយប្រជាពលរដ្ឋគ្នាឯង។ នៅតាមមូលដ្ឋានខ្លះពលរដ្ឋ មើលមុខគ្នាមិនចំ ឈ្លោះប្រកែកគ្នា ពេលខ្លះទៀតឈានដល់ការកាប់សម្លាប់គ្នាក៏មាន ដោយសារពួកគេប្រកាន់ជំហរគាំទ្រគណបក្សនយោបាយខុសគ្នា។ បងប្អូនបង្កើត មិត្តសំឡាញ់ ដែលធ្លាប់តែស្រឡាញ់គ្នា ល្អូកល្អឺននឹងគ្នា ប្រែជាបែកបាក់គ្នា ក៏ព្រោះតែមាននិន្នាការគាំទ្របក្សនយោបាយ និងទស្សនៈផ្សេងគ្នាដែរ ។ គ្រាន់តែទស្សនៈផ្សេងគ្នា ពួកគេនាំគ្នាជេរប្រទេចគ្នាយកឈ្នះចាញ់នៅតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលជាទីលានបញ្ចេញមតិដ៏ពេញនិយមនាពេលបច្ចុប្បន្ន។ ម្នាក់ៗសុទ្ធតែគិតថា មានតែទស្សនៈរបស់ខ្លួនឯងទេ ដែលត្រឹមត្រូវឥតខ្ចោះ ហើយទស្សនៈអ្នកផ្សេង គឺជាទស្សនៈខុស ដែលត្រូវតែជេរប្រទេច និងស្អប់បុគ្គលនោះតែម្តង។
ទាំងនេះជាកត្តាដែលគួរឲ្យព្រួយបារម្ភ សម្រាប់ប្រទេសកម្ពុជា ដែលធ្លាប់វក់វីនឹងភ្លើងសង្គ្រាមមួយនេះ ស្របពេលដែលប្រទេសនេះ បានប្រកាន់យកនូវរបបប្រជាធិបតេយ្យអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ។ ម្យ៉ាងទៀត ទង្វើនេះ ក៏បង្ហាញពីខ្លឹមនៃប្រជាធិបតេយ្យពិតប្រាកដ នៅមិនទាន់អាចជ្រាបចូលទៅក្នុងសន្តានចិត្តរបស់ប្រជាពលរដ្ឋខ្មែរបានច្រើននោះឡើយ។ របបប្រជាធិបតេយ្យ ដែលបើកសិទ្ធិសេរីភាពឲ្យពលរដ្ឋ អាចមាននិន្នាការគាំទ្រគណបក្សណាក៏បានតាមតែខ្លួនពេញចិត្ត និងបើកឲ្យពលរដ្ឋមានទស្សនៈផ្សេងគ្នា ព្រមទាំងបញ្ចេញមតិដោយសេរី កុំឲ្យតែប៉ះពាល់ដល់សិទ្ធិនិងសេរីភាពរបស់បុគ្គលដទៃ។
ជាការពិត ការឈ្លោះទស្សនៈគ្នា ក្នុងន័យស្ថាបនា កែលម្អ ដើម្បីប្រយោជន៍ប្រទេសជាតិទាំងអស់គ្នា គឺជារឿងដែលគួរឲ្យសរសើរ នឹងលើកទឹកចិត្តឲ្យធ្វើបន្តទៀត ។ ក៏ប៉ុន្តែអ្វី ដែលគួរបារម្ភនោះ គឺអ្នកនយោបាយ និងពលរដ្ឋខ្លះមិនត្រឹមតែឈ្លោះទស្សនៈគ្នា តែចាត់ទុកគ្នាជាសត្រូវ បែបបាក់គ្នាទៀត ។ ដូច្នេះក្នុងនាមយើងជាជនជាតិ ដែលនិយាយភាសាដូចគ្នា រស់នៅលើទឹកដីតែមួយដូចគ្នា ហេតុអ្វីយើងចាំបាច់បែបកបាក់គ្នា ចាត់ទុកសត្រូវ គ្រាន់តែរឿងគាំទ្របក្សផ្សេងគ្នា និងទស្សនៈខុសគ្នាប៉ុណ្ណឹង? ប្រសិនបើជនជាតិយើង នៅបន្តបែកបាក់គ្នា កាប់សម្លាប់គ្នាតាមដានអតីតកាលទៀតនោះ តើពេលណាមាតុភូមិដ៏កំសត់មួយនេះ បានស្គាល់រសជាតិនៃភាពរីកចម្រើនដូចគេ? វាគួរតែដល់ពេលហើយ ដែលយើងទាំងអស់គ្នា ត្រូវចាប់ដៃគ្នា សាមគ្គីគ្នា ដើម្បីកម្ពុជារបស់យើង ៕
Tag:
សាមគ្គី
ពលរដ្ឋខ្មែរ
អ្នកនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com