បទវិភាគ
លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​រីកចម្រើន​ទៅមុខ​យឺត​ដោយសារ​កម្ពុជា​ឆ្លងកាត់​របប​ច្រើនពេក​?
10, Jul 2016 , 9:59 pm        
រូបភាព
ដោយ:
 
 
​ភ្នំពេញ​៖ ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ប្រទេស​កម្ពុជា បានប្រកាស​ប្រកាន់យក​របប​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​។ ទោះបីជា​យ៉ាង​ក៏ដោយ ក៏​ឆ្លងកាត់​ការ​គ្រង់​គ្រង​និង​ការដឹកនាំ​ជិត​បួន​អាណត្តិ​កន្លងមកនេះ គេ​សង្កេតឃើញថា ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ជួប​ការ​ឧបសគ្គ​មួយចំនួន​។ តើ​អ្វីខ្លះ​អាចជា​ឧបសគ្គ​ទាំងនោះ​?

 
​យោងតាម​ការអង្កេត​តថភាព​ជាក់ស្ដែង​ក្នុងសង្គម ការពិចារណា និង ការវិភាគ គេ​អាច​សន្និដ្ឋានបានថា ឧបសគ្គ​ដែល​រារាំង​មិនឱ្យ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប្រព្រឹត្តទៅបាន​រលូន អាច​រួមផ្សំ​មកពី​កត្តា​មួយចំនួន ដូចជា គំនិត​អាត្មានិយម​របស់​មនុស្ស​, ផ្នត់គំនិត​និង​ទម្លាប់​នៅក្នុង​ការគ្រប់គ្រង​គ្រួសារ​ខ្មែរ​, ឥទ្ធិពល​នៃ​របបរាជានិយម​, ឥទ្ធិពល​នៃ​របប​អាណានិគមនិយម​បារាំង​, ឥទ្ធិពល​នៃ​របប​សង្គមនិយម​ឬ​កុម្មុយនីស្តនិយម​, បុគ្គលភាព ផ្នត់គំនិត ឥរិយាបថ និង ឆន្ទៈ​នយោបាយ​របស់​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង ក៏​ដូ​ជា យន្តការ នីតិវិធី​ច្បាប់ និង បទដ្ឋាន​គតិយុត្ត​មួយចំនួន ដែល​មិនទាន់​ឆ្លើយតប​។​ល​។​
 
​ទ្រឹស្ដី​របស់​ទស្សនវិទូ​មួយចំនួន អះអាងថា មនុស្ស​មានគំនិត​អាត្មានិយម​តាំងពី​កំណើត​មកម្ល៉េះ​ប្រសិន​ប​បើ​គ្មាន​សាសនា សីលធម៌ និង ច្បាប់​រដ្ឋ​ទេ មនុស្ស​ម្នាក់ៗ​នឹង​បន្តធ្វើ​អ្វីៗ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​គិតថា​តើ​វិធី​ដែល​ខ្លួន​ធ្វើ​នោះ ត្រូវ​ឬ​ខុស​ឡើយ​។ ដោយឡែក​ក្នុងសង្គម​ខ្មែរ ជាពិសេស​ក្នុងសម័យ​បុរាណ ឪពុកម្ដាយ​ភាគច្រើន​លើសលប់ តែងតែ​ប្រកាន់​គំនិត​ថា ខ្លួន​មានអំណាច​ធ្វើ​អ្វីៗ​សព្វ​យ៉ាង​មកលើ​កូន​របស់ខ្លួន ហើយ​យល់ថា​ទង្វើ​របស់ខ្លួន​មិនដែល​ខុស បើទោះបីជា​ខុស ក៏​ពួកគេ​កម្រ​សុំទោស​កូន​របស់ខ្លួន​ណាស់​។ បុគ្គល​បែបនេះ ប្រសិនបើ​គេ​ក្លាយជា​អ្នកដឹកនាំ​ឬ​អ្ន​គ្រប់គ្រង គឺ​គេ​មិនអាច​ទទួលយក​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​បានឡើយ​។ 
 
​ម្យ៉ាងទៀត នៅក្នុង​អតីតកាល របបរាជានិយម​ក៏ត្រូវ​បាន​គេ​គិតថា ជា​របប​ផ្ដាច់ការ ហើយក៏​ធ្លាប់មាន​អត្ថិភាព​ក្នុងការ​ដឹកនាំ និង​ការគ្រប់គ្រង​ប្រទេស​កម្ពុជា​ដែរ​ក្នុង​អតីតកាល​។ របប​នេះ ថ្វីបើ​ក្នុងការ​ដឹកនាំ​ជាក់ស្ដែង អាចមាន​ល្អ មាន​អាក្រក់ ប៉ុន្តែ វា​មាន​លក្ខណៈ​ផ្ទុយ​ទាំងស្រុង​ពី​របប​ប្រជាធិបតេយ្យ​។ ឥទ្ធិពល​នៃ​ការគ្រប់គ្រង​បែប​ផ្ដាច់ការ​និង​បុគ្គលនិយម​នេះ តិច​ឬ​ច្រើន ប្រា​ដក​ជា​នៅតែមាន​ក្នុង​ផ្នត់គំនិត​របស់​អ្នកដឹកនាំ​ខ្មែរ​មួយចំនួន​ដែរ​។  
 
​លើសពីនេះ​ទៀត ផ្នត់គំនិត បទពិសោធន៍ និង ស្មារតី​ច្បាប់ ក្នុងការ​ដឹកនាំ​ប្រទេស​បែប​របប​អាណានិគមនិយម​បារាំង តិច​ឬ​ច្រើន​នៅមាន​ឥទ្ធិពល​លើ​អ្នកដឹកនាំ អ្នក​គ្របគ្រង​ដែលមាន​វ័យ​ចំណាស់ និង ប្រព័ន្ធគ្រប់គ្រង​បច្ចុប្បន្ន​។ គួររម្លឹកថា ការគ្រប់គ្រង​និង​ការដឹកនាំ​ប្រទេស​បែប​អាណានិគមនិយម​បារាំង ប្រកាន់យក​ទម្រង់​មួយ គឺ​អ្នកដឹកនាំ អ្នកគ្រប់គ្រង ឬ មេ គឺជា​ចៅហ្វាយ ជា​ម្ចាស់​អំណាច ជា​អ្នកបញ្ជា ដែល​អាចធ្វើ​អ្វីៗ​សព្វ​យ៉ាង​ចំពោះ​ប្រជាជន​។​
      
​ក្រៅពីនេះ របប​សង្គមនិយម​ឬ​កុម្មុយនីស្តនិយម ដែលមាន​លក្ខណៈ​ដាច់ខាត ហើយ​រដ្ឋ​មានអំណាច​ធំធេង និង ចង់​ធ្វើ​អ្វី​ក៏បាន​នោះ ក៏​ធ្លាប់មាន​អត្ថិភាព​ក្នុងសង្គម​ខ្មែរ​ក្នុងអំឡុង​ឆ្នាំ​១៩៧៥ ដល់ មុន​ឆ្នាំ​១៩៩៣ ក៏​កំពុងមាន​ឥទ្ធិពល​ទាំង​ផ្នត់គំនិត បទពិសោធន៍​គ្រប់គ្រង និង ស្មារតី​ច្បាប់ ក្នុងការ​ដឹកនាំ មកលើ​អ្នកដឹកនាំ អ្នកនយោបាយ និង ការគ្រប់គ្រង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ដែរ​។ 
 
​ចំណុច​សំខាន់​មួយ​ដែល​គេ​ត្រូវតែ​យកចិត្តទុកដាក់​ដែរនោះ គឺ​បុគ្គលភាព ផ្នត់គំនិត ឥរិយាបថ និង ឆន្ទៈ​នយោបាយ​របស់​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង ដែល​មិនទាន់​ចង់​ទទួលយក​លទ្ធិប្រជាធិបតេយ្យ ក៏​ដូ​ជា យន្តការ នីតិវិធី​ច្បាប់ និង បទដ្ឋាន​គតិយុត្ត​មួយចំនួន​ដែល​មិនទាន់​ឆ្លើយតប​នឹង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ 
 
​ជារួម គេ​អាច​និយាយថា កត្តារួម​ផ្សំ​ដូច​បាន​រៀបរាប់​ខាងលើ ពិតជា​បាន​រារាំង​មិនឱ្យ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រព្រឹត្តទៅបាន​រលូន​មែន​។ ដូច្នេះ ប្រសិន​គេ​បើ​ចង់ឱ្យ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រព្រឹត្តទៅបានរ​ស្រួល​និង​មាន​ប្រសិទ្ធភាព លុះត្រាតែ ប្រជាជន​កម្ពុជា ជាពិសេស អ្នកនយោបាយ អ្នកដឹកនាំ និង អ្នក​គ្របគ្រង ត្រូវតែ​ខិតខំ​ជម្រុះ​ចោល​នូវ គំនិត​អាត្មានិយម​, ផ្នត់គំនិត​និង​ទម្លាប់​ផ្ដាច់ការ​ក្នុងការ​គ្រប់គ្រង​គ្រួសារ​, ឥទ្ធិពល​អវិជ្ជមាន​នៃ​របបរាជានិយម របប​អាណានិគមនិយម​បារាំង និង របប​សង្គមនិយម​/​កុម្មុយនីស្តនិយម​។ 
 
​លើសពីនេះ​ទៀត អ្នកដឹកនាំ​និង​គ្រប់គ្រង ត្រូវតែ​កសាង​បុគ្គលភាព បណ្ដុះ​ផ្នត់គំនិត ឥរិយាបថ និង ឆន្ទៈ​នយោបាយ​របស់ខ្លួន​ឱ្យស្រប​ទៅនឹង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង ត្រូវ​វ​តែ​រៀបចំ​យន្តការ នីតិវិធី​ច្បាប់ និង បទដ្ឋាន​គតិយុត្ត​នានា ឱ្យ​ឆ្លើយតប​ទៅនឹង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​។ បើ​មិន​ដូច្នោះ​ទេ ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹងមិន​អាច​ប្រព្រឹត្តទៅបាន​ល្អប្រសើរ​ឡើយ​៕ 
  

Tag:
 ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com