English-Français
បុណ្យជាតិ​បារាំង​១៤​កក្កដា ក៏​ជា​បុណ្យ​របស់​មនុស្ស​ក្នុង​សកលលោក​ដែរ
13, Jul 2016 , 12:45 pm        
រូបភាព
 
​ថ្ងៃទី​១៤​កក្កដា គឺជា​ថ្ងៃ​បុណ្យជាតិ​បារាំង​ដែល​ត្រូវបាន​ប្រារព្ធ​ជាង​២០០​ឆ្នាំ​មកហើយ បន្ទាប់​ជ័យជម្នះ​នៃ​ចលនា​បដិវត្តន៍​ប្រឆាំង​របបរាជានិយម​ផ្តាច់ការ​។ តើ​បុណ្យជាតិ​បារាំង​មាន​ប្រវត្តិ​យ៉ាងដូចម្តេចខ្លះ​? ហើយ​ថ្ងៃ​ប្រវត្តិសាស្ត្រ​បារាំង​នេះ​មាន​អត្ថន័យ​យ៉ាងណា​? ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោក Jean-Claude Poimboeuf  បានផ្តល់​បទសម្ភាសន៍​ដល់​លោក គី សុខ​លីម អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ ដើម្បី​ផ្តល់​ចម្លើយ​ទៅនឹង​សំណួរ​ទាំងនេះ​។​

 
ស្តាប់សំឡេង



​លោក គី សុខ​លីម​៖ ថ្ងៃទី​១៤​កក្កដា គឺជា​ថ្ងៃ​បុណ្យជាតិ​បារាំង​។ លោក​ឯកអគ្គរដ្ឋទូត តើ​គេ​អាច​និយាយបានថា ថ្ងៃ​១៤​កក្កដា គឺជា​ថ្ងៃ​កកើត​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​បារាំង​ដែរឬទេ​?
​លោក Jean-Claude Poimboeuf  ៖ ថ្ងៃទី​១៤​កក្កដា គឺជា​កាលបរិច្ឆេទ​សំខាន់​មួយ​ដែលមាន​ទំនាក់ទំនង​ខ្លាំង​ទៅនឹង​បដិវត្ត​នៅ​ប្រទេស​បារាំង ដោយហេតុថា ថ្ងៃ​១៤​កក្កដា​ឆ្នាំ​១៧៨៩ គឺជា​ព្រឹត្តិការណ៍​ដែល​រម្លឹក​ពី​ជ័យជម្នះ​នៃ​ប្រជាជន​បារាំង​ទល់នឹង​អំណាច​រាជានិយម​ផង និង​ជាការ​រម្លឹក​ដល់​ពិធីបុណ្យ​១៤​កក្កដា​១៧៩០​ផង​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​អបអរ​ជ័យជម្នះ​នោះ ដោយមាន​វត្តមាន​ព្រះមហាក្សត្រ​។ គឺ​ចាប់ពីពេលនោះ​ហើយ​ដែល​ថ្ងៃ​១៤​កក្កដា​ក្លាយជា​ពិធីបុណ្យ​បែប​ជា​ប្រពៃណី​បារាំង​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺថា ថ្ងៃ​១៤​កក្កដា​បាន​ក្លាយជា​បុណ្យជាតិ គឺ​នៅ​ឆ្នាំ​១៨៨០ បានន័យថា គឺ​១​សតវត្សរ៍​ក្រោយមក ដែល​របប​សាធារណរដ្ឋ​បាន​ចាក់​ឬ​ស​នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​របស់​បារាំង​។ 

​លោក គី សុខ​លីម​៖ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​មិន​យល់​គឺថា ហេតុអ្វី​ប្រជាជន​បារាំង​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​១៤​កក្កដា ដែល​កាលបរិច្ឆេទ​នេះ​គឺជា​ព្រឹត្តិការណ៍​បដិវត្ត​ប្រឆាំង​រាជានិយម​? ដូច្នេះ​បានន័យថា បារាំង​កំពុង​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​អនុស្សាវរីយ៍​ជូរចត់​ដែរ​មែន​ទេ​?
​លោក Jean-Claude Poimboeuf ៖ វា​ជា​ព្រឹត្តិការណ៍​នៃ​ជ័យជម្នះ​របស់​ប្រទេស​បារាំង​។ បានន័យថា គឺជា​ការផ្លាស់ប្តូរ​រប​ប​ដឹកនាំ​មួយ ពី​រាជានិយម​ផ្តាច់ការ រហូតដល់​របប​សាធារណរដ្ឋ​បារាំង​។ ប៉ុន្តែ​គេ​ត្រូវការ​មួយ​សតវត្សរ៍ ទម្រាំ​ព្រឹត្តិការណ៍​១៤​កក្កដា​នេះ ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ដោយ​អ្នកនយោបាយ និង​ប្រជាជន​បារាំង ដើម្បី​ប្រារព្ធ​ថ្ងៃ​១៤​កក្កដា​ជា​ថ្ងៃបុណ្យ​ជាតិ​។ 

​លោក គី សុខ​លីម​៖ តើ​ពិភពលោក​នេះ​អាច​ទាញយក​ជា​មេរៀន​ពី​ព្រឹត្តិការណ៍​បុណ្យជាតិ​បារាំង​នេះ​បានទេ នៅក្នុង​បរិបទ​នៃ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​?
​លោក Jean-Claude Poimboeuf៖ លក្ខណៈពិសេស​មួយ​នៃ​ថ្ងៃបុណ្យ​ជាតិ​បារាំង​នេះ​គឺ បុណ្យជាតិ​បារាំង​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​នៅក្នុង​ពិភពលោក ដូច​ថ្ងៃបុណ្យ​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក​ថ្ងៃទី​៤​កក្កដា​ដែរ​។ ពិភពលោក​ស្គាល់​ថ្ងៃទី​១៤​កក្កដា ពីព្រោះ​ថ្ងៃនេះ​បានបង្ហាញ​ដល់​បរទេស​ជាច្រើន​ពី​តម្លៃ​នៃ​ប្រជាធិបតេយ្យ សេរីភាព សមភាព ភាតរភាព ដែល​ទាំងអស់នេះ​ជា​តម្លៃ​សកល ហើយ​ដែល​បាន​បំផុសគំនិត​ទៅដល់​សេចក្តីប្រកាស​ជាស​កល​នៃ​សិទ្ធិមនុស្ស​។ ដូច្នេះ​ថ្ងៃបុណ្យ​១៤​កក្កដា មិនមែន​គ្រាន់តែ​ជា​បុណ្យជាតិ​បារាំង​ទេ តែ​ជា​ពិធីបុណ្យ​របស់​មនុស្ស​ក្នុង​សកលលោក​។ លោក វិ​ទ័​រ អ៊ុយ​ហ្គោ (Victor Hugo) បាន​និយាយ​ត្រូវ​ណាស់​នៅក្នុង​ការពិភាក្សា​មួយ​ក្នុង​ព្រឹទ្ធសភា​នៅ​ឆ្នាំ​១៨៨០ ពោលគឺ​នៅពេលដែល​បារាំង​កំពុង​អនុម័ត​ថ្ងៃ​១៤​កក្កដា​ជា​ថ្ងៃបុណ្យ​ជាតិ​នោះ ថា ថ្ងៃ​១៤​កក្កដា​មិនមែន​ត្រឹមតែ​ជា​បុណ្យជាតិ​បារាំង​ទេ តែ​វា​ក៏​ជា​បុណ្យ​សាកល​ផងដែរ​។​


 
​លោក គី សុខ​លីម​៖ ជាការ​ពិត បុណ្យជាតិ​បារាំង​ត្រូវបាន​រៀបចំ​នៅ​ប្រទេស​បារាំង និង​នៅក្នុង​ប្រទេស​ដែលមាន​វត្តមាន​ស្ថានទូត​បារាំង​។ ចុះ​នៅ​កម្ពុជា ស្ថានទូត​បារាំង​រៀបចំ​ពិធី​នេះ​យ៉ាងដូចម្តេចខ្លះ​?
​លោក Jean-Claude Poimboeuf ៖ មានការ​រៀបចំ​ពិធី​ចំនួន​២ តាំងពី​ឆ្នាំមុន​។ ទីមួយ គឺមាន​ការជួបជុំ​បរិភោគ​អាហារ​ជា​ប្រពៃណី​នៅ​ស្ថានទូត​បារាំង ដែល​ត្រូវ​រៀបចំ​ដើម្បី​អាជ្ញាធរ​កម្ពុជា និង​អង្គទូត​នានា និង​ទី​២ គឺ​ការជួប​ជុំគ្នា​ក្នុងចំណោម​សហគមន៍​ជនជាតិ​បារាំង​នៅ​កោះ​ពេជ្រ ដែល​ឆ្នាំមុន​យើង​មាន​មនុស្ស​៦០០​នាក់​ចូលរួម ហើយ​ឆ្នាំនេះ​យើង​គិតថា វា​នឹងមាន​ចំនួន​អ្នកចូលរួម​រហូតដល់​១០០០​នាក់ ដែល​នឹង​ជួបជុំគ្នា​នៅ​ថ្ងៃទី​១៣​កក្កដា​នេះ​។ 
 
​លោក គី សុខ​លីម​៖ ប៉ុន្តែ​នៅ​កោះ​ពេជ្រ​គេ​ត្រូវ​បង់ថ្លៃ​សម្រាប់​ការជួបជុំ​បុណ្យជាតិ​នៅ​ទីនោះ មែនដែរ​ឬទេ លោក​ឯកអគ្គរដ្ឋទូត​? 
​លោក Jean-Claude Poimboeuf ៖ បាទ ពីព្រោះ​នៅ​ទីនោះ វា​មានការ​រៀបចំ​អាហារ​ពេល​ល្ងាច​តាមបែប​បារាំង មានការ​បង្ហាញ​សិល្បៈ តន្ត្រី និង​សកម្មភាព​ផ្សេងៗ​សម្រាប់​កុមារ​ទៀត​។ ដូច្នេះ​សមាគម​បារាំង​នានា​ដែល​រៀបចំ​ព្រឹត្តិការណ៍​ទាំងនេះ ត្រូវការ​ចំណូល​ខ្លះ​ដើម្បី​ទប់​ទល់នឹង​ការចំណាយ​។ អ៊ីចឹង​ហើយ​បានជា​អ្នកចូលរួម​ត្រូវតម្រូវ​ឲ្យ​បង់ថ្លៃ​។​
 
​លោក គី សុខ​លីម​៖ តើ​មាន​ជនជាតិ​បារាំង​សរុប​ប៉ុន្មាន​នាក់​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​?
​លោក Jean-Claude Poimboeuf៖ យើង​មាន​អ្នក​ដែល​ចុះឈ្មោះ​នៅ​ស្ថានទូត​ជាង​៤៥០០​នាក់ ដែល​ភាគច្រើន​កំពុង​រស់នៅក្នុង​រាជធានី​។ ក្រៅពីនេះ យើង​មាន​សហគមន៍​បារាំង​នៅ​សៀមរាប បាត់ដំបង និង​នៅ​ខេត្ត​កែប​ខ្លះ​ដែរ​។ តែបើ​យើង​វាយតម្លៃ​សរុប​ចំនួន​ជនជាតិ​បារាំង​ទាំងអស់​ដែល​កំពុង​រស់នៅ​កម្ពុជា ទាំង​អ្នក​ដែល​មិន​ចុះឈ្មោះ​នោះ គឺ​ចន្លោះ​ពី​៧០០០ ទៅ​៨០០០​នាក់​។ ពាក់កណ្តាល​នៃ​ចំនួន​ជនជាតិ​បារាំង​ទាំងនេះ គឺ​អ្នក​ដែលមាន​សញ្ជាតិ​២​។ បានន័យថា ជា​ជនជាតិ​បារាំង​ដែលមាន​សញ្ជាតិ​ខ្មែរ និង​ជនជាតិខ្មែរ​ដែលមាន​ស​ញ្ជា​តិ​បារាំង​៕
 
 

Tag:
 បុណ្យជាតិ​បារាំង​
  Jean-Claude Poimboeuf
© រក្សាសិទ្ធិដោយ thmeythmey.com