អន្តរជាតិ
ប្រធានាធិបតី​តួ​ក​គី ទៅដល់​ក្រុង​អ៊ី​ស្តង់​ប៊ុល ខណៈ​រដ្ឋប្រហារ​យោធា​បរាជ័យ
16, Jul 2016 , 8:58 am        
រូបភាព
​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បាន​ទៅដល់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា​នេះ បន្ទាប់ពី​យោធា​មួយក្រុម បានធ្វើ​រដ្ឋប្រហារ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​។ យោធា​បានដាក់​ប្រទេស​ក្រោម​ច្បាប់អាជ្ញាសឹក និង​បានប្រកាសថា ខ្លួន​គ្រប់គ្រង​ទឹកដី​ជាច្រើន​ផងដែរ​។

 
​លោក Erdogan ដែល​លេចមុខ​នៅ​ព្រលានយន្តហោះ Ataturk និយាយថា លោក នឹងមិន​ទៅណា​ទេ ហើយ​អ្នក​ដែល​នៅ​ពីក្រោយ​រដ្ឋប្រហារ​នេះ នឹងត្រូវ​ទទួលខុសត្រូវ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។ យ៉ាងណាក្ដី បើតាម​ទូរទស្សន៍ Al Jazeera អ្នកនាំពាក្យ​ទីភ្នាក់ងារ​ចារកម្ម​តួ​ក​គី បាន​ប្រាប់​ទូរទស្សន៍ NTV ថា ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ បាន​បរាជ័យ​។
 
 កងទ័ព​តួ​ក​គី​មួយក្រុម នៅ​ថ្ងៃទី​១៥ ខែកក្កដា បានប្រកាសថា ខ្លួន​ធ្វើ​រដ្ឋប្រហារ និង​ដាក់​ប្រទេស​ក្រោម​ច្បាប់អាជ្ញាសឹក​។ ក្រុម​យោធា ដែល​នៅ​ពីក្រោយ​ការធ្វើ​រដ្ឋប្រហារ​ទាំងនោះ និយាយថា ខ្លួន​ត្រួតត្រា​ផ្នែក​ជាច្រើន ខណៈ​ព្រលានយន្តហោះ​អ៊ី​ស្តង់​ប៊ុល ត្រូវបាន​បិទ ហើយ​យន្តហោះ​ចម្បាំង ត្រូវ​បានឃើញ​ហោះ​លើ​អាកាស​។​
 
​ប្រធានាធិបតី Erdogan ទៅដល់​អ៊ី​ស្តង់​ប៊ុល បន្ទាប់ពី​នាយករដ្ឋមន្ត្រី Binali Yildirim បាន​ប្រាប់​ទូរទស្សន៍ NTV ថា ស្ថានការណ៍​តួ​ក​គី គឺ​ត្រូវបាន​គ្រប់គ្រង​ស្ទើរ​ទាំងស្រុង​ហើយ​។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី ក៏​ប្រកាស​ដាក់​តំបន់​គ្មាន​ការហោះហើរ លើ​រដ្ឋធានី​អង់កា​រ៉ា បន្ទាប់ពី​មាន​ឧទ្ធម្ភាគចក្រ​មួយ គ្រឿង​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​យន្តហោះ​ចម្បាំង​។​
 
​បន្ថែម​ពីលើ​នេះ ក៏មាន​សេចក្ដីរាយការណ៍​ថា អាគារ​សភា​តួ​ក​គី ក៏​រង​ការវាយប្រហារ​ផងដែរ​។ ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Anadolu ផ្សាយ​ដែរ​ថា ប៉ូលិស​១៧​នាក់ បាន​បាត់​បង់ជីវិត នៅ​មូលដ្ឋាន​កងកម្លាំង​ពិសេស​។ 
 
​ដោយឡែក ប្រជាជន​តួ​ក​គី​រាប់រយ​នាក់ បាន​ចេញមក​តាម​ដង​ផ្លូវ និង​ទីតាំង​សំខាន់ៗ ក្នុង​រដ្ឋធានី​អង់កា​រ៉ា និង​អ៊ី​ស្តង់​ប៊ុល ដើម្បី​បញ្ជាក់​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​រដ្ឋាភិបាល បើទោះជា​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ ដាក់​បម្រាម​គោចរ និង​ច្បាប់អាជ្ញាសឹក​ក៏ដោយ​។ បុរស​តួ​ក​គី​ម្នាក់​ស្រែកថា​៖«​យើង​មាន​រដ្ឋាភិបាល​។ យើង​មាន​មេបញ្ជាការ​កងទ័ព ហើយ​យើង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ធ្លាក់​ឱនថយ​ឡើយ​»៕​

Tag:
 Erdogan
  តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com