ជាតិ
បទវិភាគ
តម្លៃ​១០​យ៉ាង របស់​បណ្ឌិត កែម ឡី អាច​កន្ត្រាក់​បេះដូង​ជនជាតិខ្មែរ​ឲ្យ​សម្រក់​ទឹកភ្នែក
16, Jul 2016 , 10:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅលើ​ពិភពលោក​នេះ មាន​មនុស្ស​តិចតួច​ណាស់ ដែល​ទទួលបាន​ការកោតសរសើ​រ​ពី​ពលរដ្ឋ​ទូទៅ  និង​ដាក់​ងារ​ឲ្យ​ថា​«​វីរបុរស​»​។ មុននឹង​ក្លាយជា​វីរជន មិនមែនជា​ការងាយស្រួល​ប៉ុន្មាន​ទេ គឺ​ចាំបាច់​មានការ​លះបង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​បុព្វហេតុ​មនុស្សជាតិ​។ ថ្មីៗ​នេះ លោក បណ្ឌិត កែម ឡី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម ត្រូវបាន​ពលរដ្ឋ​ខ្មែរ ផ្តល់​ងារ​ថា​ជា​«​វីរជន​ដើម្បី​សេរីភាព​នៃ​ការបញ្ចេញមតិ​»​។ តើ​លោក កែម ឡី មាន​ចំណុច​ពិសេស​អ្វីខ្លះ​?  


 
១) លោក កែម ឡី ត្រូវបាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ ចំពោះ​ភាពក្លាហាន​របស់លោក​។ ពលរដ្ឋ​ខ្មែរ និង​អ្នកសារព័ត៌មាន តែងតែ​ចាត់ទុក លោក កែម ឡី ជា​អ្នក​និយាយ​រិះគន់​មិន​សំចៃមាត់ ចំពោះ​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​។ ក្រៅពី​ការរិះគន់ លោក កែម ឡី តែងតែ​ផ្តល់​ដំណោះស្រាយ​តាមបែប​វិទ្យាសាស្ត្រ និង​បែប​តក្ក​វិទ្យា​(Logical)​។ លើសពីនេះ បើទោះបីជា លោក កែម ឡី ធ្លា​ប់រង​ការគំរាមកំហែង​ដល់​អាយុជីវិត​ក៏ដោយ តែ​បុរស​មាឌ​ដំបង និង​សម្បុរ​ស្រអែម​រូបនេះ មិនដែល​ផ្លាស់ប្តូរ​មនសិការ និង​ការងារ​របស់ខ្លួន​ឡើយ​។ 
 
២) លោក កែម ឡី បាន​លះបង់​យ៉ាងច្រើន ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស និង​សេរីភាព​នៃ​ការបញ្ចេញមតិ​។ លោក កែម ឡី សុខចិត្ត​លះបង់​ជីវិត ចោល​ប្រពន្ធ និង​កូន​ជាទី​ស្រឡាញ់​របស់លោក ដើម្បី​ធ្វើ​ការងារ​ស្រាវជ្រាវ​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​។ មុន​ទទួលមរណភាព លោក កែម ឡី បាន​បង្កើត​យុទ្ធនាការ​«១០០​រាត្រី​»​។ ១០០​រាត្រី គឺជា​សកម្មភាព​របស់​លោក ក្នុងការ​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១០០​ខ្នង​ផ្ទះ ដើម្បី​ស្រាវជ្រាវ​ពី​បញ្ហា​របស់​ពលរដ្ឋ និង​ចងក្រង​ជា​ឯកសារ ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ​។ ក្រៅពីនេះ លោក​មានបំណង ចងក្រង​កោះ​ខ្មែរ​ដើម្បី​ទុកជា​ភស្តុតាង ករណី​មាន​ជម្លោះ​ដែន​កោះ​រវាង​កម្ពុជា និង​ប្រទេសជិតខាង​។  
 
៣) លោក កែម ឡី ត្រូវបាន​ពលរដ្ឋ​ឲ្យ​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​សិល្បៈ​និយាយ​របស់លោក​។ លោក​ត្រូវបាន​អញ្ជើញ​ជា​វាគ្មិន​នៅតាម​សិក្ខាសាលា វេទិកា​យុវជន និង​វាគ្មិន​នៅតាម​បណ្តាញសារព័ត៌មាន​យ៉ាងច្រើន​។ ក្រៅពី​សំឡេង​ដ៏​មុត​ស្រួច លោក​មាន​លក្ខណៈពិសេស​ម្យ៉ាងទៀត គឺ​លោក​ពូកែ​ពន្យល់​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​ពលរដ្ឋ​គ្រប់​ម​ជ្ឈ​ដា្ឋ​ន​។ ចំណុច​នេះ ទើប​ពលរដ្ឋ ដែល​ធ្លាប់​ស្តាប់​លោក​បណ្ឌិត កែម ឡី ទោះបីជា​ពលរដ្ឋ​មួយចំនួន មានចំណេះដឹង​តិចតួច​យ៉ាងណាក្តី ក៏​អាច​ទទួលបាន​គំនិត​ជាច្រើន​តាមរយៈ​បំ​ណិ​ន​ប្រសប់​នៃ​ការពន្យល់​របស់លោក​កែម ឡី​។ 
 
៤) លោក កែម ឡី គឺជា​មនុស្ស​សាមញ្ញ​បំផុត​។ ទោះបីជា លោក​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក៏ដោយ ប៉ុន្តែ បុរស​វ័យ​៤៦​ឆ្នាំ​រូបនេះ មិន​ដែលមាន​ឫកពារ​ឆ្មើងឆ្មៃ​នោះទេ​។ ទឹកមុខ​ញញឹម និង​ភាព​រួសរាយ​រាក់ទាក់ បាន​ចាក់​ជ្រៅ​ដល់​បេះដូង​របស់​យុវជន​ខ្មែរ​។ នៅពេល​ចូលរួម​ធ្វើជា​វាគ្មិន​នៅតាម​សិក្ខាសាលា ឬ​វេទិការ​យុវជន​ផ្សេងៗ លោក កែម ឡី តែងតែ​បង្ហាញ​អាកប្បកិរិយា​គោរព ចំពោះ​មនុស្ស​ទូទៅ​។ ហេតុនេះហើយ ទើប​មាន​យុវជន​ជាច្រើន តែងតែ​សុំ​លោក​ថតរូប​ជាមួយ នៅពេល​សម្រាក​ពិសារ​អាហារសម្រន់ និង​នៅពេល​បញ្ចប់​កិច្ចពិភាក្សា​។ ចំណែក សំលៀកបំពាក់​វិញ លោក កែម ឡី ត្រូវបាន​គេ​សង្កេតឃើញថា លោក​តែងតែ ពាក់អាវ​ស​ជាមួយ​ខោ​ខៅ​ប៊​យ និង​ពាក់​ស្បែកជើង​កីឡា​ដ៏​សាមញ្ញ​។ យូរៗ​ម្តង ទើប​គេ​ឃើញ​លោក​ពាក់​អាវធំ ដោយមាន​ក្រវ៉ា​ត់ក​។  
 
៥) បណ្ឌិត កែម ឡី គឺជា​មនុស្ស​នឹងនរ​។ ទោះបីជា​លោក​ត្រូវគេ​ប្រមាថ ឬ​ប្រើ​សម្តី​មិន​សមរម្យ​មកលើ​រូបលោក នៅក្នុង​វេទិកា​តុមូល​ក្តី វេទិកា​យុវជន​ក្តី តែ​គេ​ហាក់​មិនដែល​ឃើញ​លោក​កែម ឡី ខឹងសម្បារ​ឬ​ច្រលោតខឹង ចំពោះ​ដៃគូ​ពិភាក្សា​នោះទេ​។ លោក​តែ​ប្រកាន់​ឥរិយាបថ​ញញឹម​ជានិច្ច​គ្រប់​ស្ថានភាព​។  
 
៦) តាមរយៈ​ការជជែក ឬ​ពិភាក្សា​ពី​គោលនយោបាយ ច្បាប់ សិទ្ធិមនុស្ស​… លោក កែម ឡី តែងតែមាន​យុទ្ធសាស្ត្រ ឬ​ដំណោះស្រាយ​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ លោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​មនុស្ស​ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​មាន​ផែនការ​ច្បាស់លាស់ ដើម្បី​ជួយ​ប្រទេសជាតិ​របស់ខ្លួន​។  
 
៧) លោក កែម ឡី គឺជា​មនុស្ស​មិន​លោភលន់​បុណ្យ​សក្តិ តួនាទី ឬ​តំណែង​នោះទេ​។ កន្លងមក ជំនួយការ របស់ លោក កែម ឡី ធ្លាប់បាន​អះអាងថា លោក កែម ឡី ត្រូវបាន​គេ​ផ្តល់​អ្វីៗ​គ្រប់បែបយ៉ាង ដែល​អាច​ឲ្យ​លោក និង​គ្រួសារ​រស់នៅ​យ៉ាង​សុខ​ស្រួល គ្រាន់តែ​លោក ត្រូវ​បញ្ឈប់​ការងារ​ស្រាវជ្រាវ​របស់លោក​ប៉ុណ្ណោះ​។ ប៉ុន្តែ លោក កែម ឡី មិនបាន​ខ្វល់ខ្វាយ​នឹង​លាភសក្ការៈ​ទាំង​នោះទេ​។   
 
៨)  លោក កែម ឡី គឺជា​មនុស្ស​ស្មោះត្រង់​។ ប្រសាសន៍​របស់លោក​ស្ទើរ​គ្រប់​ម៉ាត់ គឺ​តែងតែ​ចង់​ជួយ​ប្រជាជន និង​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន មាន​សុភមង្គល និង​សុខសន្តិភាព​។​
 
៩)  លោក កែម ឡី គឺ​លោក​ជា​មនុស្ស​និយាយ​ផង និង​ធ្វើ​ផង​។ កន្លងមក គេ​សង្កេតឃើញ លោក កែម ឡី មាន​សកម្មភាព​ជាច្រើន ដូចជា ការចុះ​ស្រាវជ្រាវ​បញ្ហា​ជម្លោះដីធ្លី  ការចុះ​ដេក​ព្រៃ​ដើម្បី​ការពារ​ព្រៃឈើ និង​ការអប់រំ​ពលរដ្ឋ​ពី​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។ អ្នក​ដែល​ស្គាល់ លោក បណ្ឌិត កែម ឡី តែងតែ​លើកឡើងថា លោក​ជាម​នុស្ស​ដែល​ធ្វើ​ការងារ​សកម្ម​បំផុត​ជាមួយ​យុវជន​។ 
 
១០) លោក កែម ឡី គឺជា​មនុស្ស​ចូលចិត្ត​និយាយ​ត្រង់​។ ថ្វី​ដ្បិត ពាក្យ​សច្ចៈ ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​មិន​សប្បាយចិត្ត ប៉ុន្តែ មានតែ​ពាក្យពិត​ទេ ដែលជា​វត្ថុ​ដ៏​ពិសិដ្ឋ​សម្រាប់​ព្យាបាល​ជំងឺ​សង្គម​ខ្មែរ​។ ការនិយាយ​ការពិត បានធ្វើ​ឲ្យ​លោក កែម ឡី ក្លាយជា​វីរជន​របស់​យុវជន និង​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​។ លើសពីនេះ ពលរដ្ឋ​ខ្មែរ​បាន​សម្រក់​ទឹកភ្នែក​ស្ទើរ​មួយ​នគរ នៅពេល​លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​៕
 

Tag:
 កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com