ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ស្នើ​បង្កើត​រោងចក្រ​ផលិត​សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម ពី​សំណល់​ប្លា​ស្ទីកនៅ​កម្ពុជា​
19, Jul 2016 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​កែច្នៃ​សំណល់​ប្លា​ស្ទីក GOMI Recycle 110 ជប៉ុន មានបំណង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម ពី​សំណល់​ប្លា​ស្ទីក ក្នុង​ខេត្តស្វាយរៀង ខណៈពេល​កម្ពុជា​កំពុង​លក់​កាកសំណល់​ប្លា​ស្ទីក​ឲ្យ​បរទេស​។​



​លោក Yusuke Okumura អគ្គនាយក​ក្រុមហ៊ុន GOMI Recycle 110 អមដំណើរ​ដោយ​ប្រតិភូ​ទីភ្នាក់ងារ JICA បាន​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ ពី​បច្ចេកវិទ្យា​កែច្នៃ​សំណល់​ប្លា​ស្ទីក​ទៅជា​ផលិតផល​សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម ដែលមាន​ភាពរឹងមាំ​ធន​នឹង​អាកាសធាតុ​។​

​អគ្គនាយក​ក្រុមហ៊ុន​កែច្នៃ​កាកសំណល់​ប្លា​ស្ទីក​ជប៉ុន​រូបនេះ បាន​ប្រា​ប់លោក សាយ សំ​អាល់ ក្នុងជំនួប​ពិភាក្សា​ពី​គម្រោង​នេះ ក្នុង​ក្រសួងបរិស្ថាន​ថា ក្រុមហ៊ុន​លោក​នឹង​ស្នើ​រដ្ឋាភិបាល​កម្ពុជា សុំ​បង្កើត​រោងចក្រ​កែច្នៃ​ផលិតផល​សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម ដែលមាន​ភាពរឹងមាំ​ធន​នឹង​កម្តៅ និង​ទឹកភ្លៀង​ពី​សំណល់​ប្លា​ស្ទីក ក្នុង​ខេត្តស្វាយរៀង​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ កាល​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ បាន​គាំទ្រ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ដែលមាន​បំណង​កសាង​រោងចក្រ​កែច្នៃ​នៅ​ទី​រួម​ខេត្តស្វាយរៀង​។ ទន្ទឹមគ្នា​ដែរ លោក​បាន​ណែនាំ​ក្រុមហ៊ុន​ឲ្យ​បន្ត​សហការ​ជាមួយ​មន្ត្រី​បច្ចេកទេស និង​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ថែមទៀត ដើម្បី​ធានា​ដល់​ដំណើរការ​វិនិយោគ ស្របតាម​គោលការណ៍​ណែនាំ និង​បទដ្ឋាន​បច្ចេកទេស​។​

​ពាក់ព័ន្ធ​គម្រោង​ថ្មី​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព ជឿជាក់​យ៉ាង​មុតមាំ​លើ​គម្រោង​នេះ នឹង​ជួយ​កាត់បន្ថយ​ការបំពុល​កាកសំណល់​ប្លា​ស្ទីក​ក្នុង​បរិស្ថាន ហើយ​វា​ជួយផ្តល់​ការងារ​ដល់​ប្រជាជន​ក្នុង​ការងារ​ផលិត​សម្ភារៈប្រើប្រាស់ គ្រឿង​សង្ហា​រឹម​លំអ និង​កាត់បន្ថយ​ការនាំ​ចូល​ផលិត​នេះ​ពី​បរទេស​ថែមទៀត​។​

​តែ​យ៉ាងណា លោក​ពុំទាន់​អាច​បញ្ជាក់​ពី​កាល​បរិ​ច្ឆ​ទ ទីតាំង និង​តម្លៃ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ដែល​គ្រោង​សាងសង់​នៅលើ​ទឹកដី​ខេត្ត​ភាគ​បូព៌ា ប្រទេស​កម្ពុជា នៅឡើយ​ទេ ព្រោះ​ក្រុមហ៊ុន​កំពុង​សិក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​លម្អិត​សិន មុនពេល​ពួកគេ​ចាប់ផ្តើម​សង់រោង​ចក្រ​៕


Tag:
 ជប៉ុន​
  កម្ពុជា​
  រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com