ជាតិ
សេដ្ឋកិច្ច
កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​មក​នៅត្រឹម ៦,២៥​ភាគរយ នៅ​ឆ្នាំ​២០២១
19, Jul 2016 , 10:39 pm        
រូបភាព
លោក Markus Rodlauer នាយករងផ្នែកអាស៊ីប៉ាស៊ីហ្វិកនៃIMF
លោក Markus Rodlauer នាយករងផ្នែកអាស៊ីប៉ាស៊ីហ្វិកនៃIMF
ដោយ:
​ភ្នំពេញ​៖ ខណៈ​មើលឃើញ​ពី​ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា ដែល​រក្សាបាន​ក្នុង​រង្វង់ ៧​ភាគរយ​នៅ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧  ក្រុម​បេសកកម្ម​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​សន្និដ្ឋាន​ពី​ការធ្លាក់ចុះ​នៃ​កំណើន​នេះ​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ IMF សេដ្ឋកិច្ចកម្ពុជា នឹង​ធ្លាក់​មក​នៅ​ប្រមាណ​៦,២៥​ភាគរយ​ប៉ុណ្ណោះ នៅ​ឆ្នាំ ២០២១ ។



​ក្រុម​បេសកកម្ម​របស់ IMF បានមក​ទស្សនកិច្ច​ពីថ្ងៃ​៦ ដល់​ថ្ងៃ​២០​ខែកក្កដា ដើម្បី​វាយតម្លៃ​ការអភិវឌ្ឍ ម៉ាក្រូសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា មុន​នឹងដាក់​របាយការណ៍ ជូន​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ IMF ធ្វើការ​ពិភាក្សា និង​សម្រេច​។

​ក្រុម​នេះ ព្យាករ​ថា​៖«​កំណើនសេដ្ឋកិច្ច នឹង​នៅតែ​រក្សាបាន​ភាពរឹងមាំ ក្នុង​រង្វង់ ៧​ភាគរយ  សម្រាប់​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ដែល​គាំទ្រ​ដោយ​ការនាំចេញ​សម្លៀកបំពាក់​ដ៏​ខ្លាំង វិស័យ​អចលនទ្រព្យ និង​សកម្មភាព​សំណង់ រួមទាំង​ការបញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ​»​។​

​ក្រុមការងារ​នេះ រំពឹងថា អតិផរណា​របស់​កម្ពុ​ជា នឹង​កើន​ដល់ ៣,២​ភាគរយ ត្រឹម​បំណាច់​ឆ្នាំ​២០១៦ ដោយសារ​ការ​ងើបឡើង នូវ​តម្លៃ​ម្ហូបអាហារ​។ ទន្ទឹម​នឹះ​នេះ ឱនភាព​ពាណិជ្ជកម្មរ​បស់​កម្ពុជា មាន ៩,៧​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ធ្លាក់ចុះ​ពី ១០,៧​ភាគរយ កាលពី​ឆ្នាំ​២០១៥ ដោយសារ​ការនាំចេញ​សម្លៀកបំពាក់ និង​បន្ថយ​ការ​នាំចូល​អគ្គិសនី បន្ទាប់ពី​បញ្ចប់​គម្រោង​វា​រី​អគ្គិសនី​ធំៗ​មួយចំនួន​។​

​ក្រុម​បេសកកម្ម​របស់ IMF បន្ត​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ចកម្ពុជា សម្រាប់​រយៈពេល ៥​ឆ្នាំ​ទៀត​។ ក្រុម​នេះ ថ‍ា​៖«​កំណើនសេដ្ឋកិច្ច ត្រូវបាន​រំពឹងថា នឹងមាន​ដំណើរការ​យឺត នៅត្រឹម​រង្វង់ ៦,២៥​ភាគរយ នៅ​ឆ្នាំ​២០២១ បណ្ដាលមកពី​កា​ថយចុះ នូវ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ការ​ប្រឈម​ក្នុង​ការធ្វើ​ពិពិធ​កម្ម​នាំចេញ និង​ការ​ថមថយ​នៃ​លំហូរ​ឥណទាន​»​។​

​ក្រុម​អ្នកជំនាញ​ទាំងនេះ  បាន​សង្កត់ធ្ងន់​ពី​កំណើន​ឥណទាន​ជា​បន្តបន្ទាប់ ដែល​ប្រមូលផ្ដុំ​ខ្លាំង​ក្នុង វិស័យ​អចលនទ្រព្យ​ថា ជា​ហានិភ័យ ដែល​គំរាមកំហែង​ដល់​សេដ្ឋកិច្ច និង​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។

​ក្រុម​បេសកកម្ម​របស់ IMF បាន​សាទរ​វិធានការ​កាត់បន្ថយ​ហានិភ័យ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ធនាគារជាតិ​កម្ពុជា (NBC) ដូចជា​ការដំឡើង​ទុនបម្រុង​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាដើម​។ តែ​ក្រុម​នេះ​ថ្លែងថា គួរ​ចាត់វិធានការ​ច្រើន​ទៀត ដើម្បី​បន្ថយ​វិបត្តិ​ទាំងនេះ​។​

​បន្ថែម​ពីនេះ ពួកគេ​បាន​មើលឃើញ​ឥទ្ធិពល​ពី​ខាងក្រៅ​ដល់​សេដ្ឋកិច្ចកម្ពុជា ដែល​រួមមាន ការធ្លាក់ចុះ​ខ្លាំង នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ការកើនឡើង​នូវ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក កំណើនសេដ្ឋកិច្ច​ទាប​នៅ​តំបន់​អឺរ៉ុប និង​ការ​រឹតបន្ដឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​សកល​ជាដើម​៕


Tag:
 IMF
  កំណើនសេដ្ឋកិច្ច​
  ​ឥណទាន
© រក្សាសិទ្ធិដោយ thmeythmey.com