អន្តរជាតិ
ប្រធានាធិបតី​ហ្វីលីពីន​៖ កុំ​ហៅ​ខ្ញុំ​ថា «​ឯកឧត្តម​»
21, Jul 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ចាប់តាំងពី​ឡើងកាន់​អំណាច​នៅ​ថ្ងៃទី​៣០ ខែមិថុនា ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌើ​ទើ​តេ (Rodrigo Duterte) បាន​បោះបង់​របៀបរបប​ជា​ទម្លាប់​ជាច្រើន ដែល​ប្រធានាធិបតី​មុនៗ ធ្លាប់​អនុវត្ត​ក្នុងពេល​កាន់អំណាច​។ នៅថ្ងៃនេះ ប្រធានាធិបតី​កណ្ដាប់ដៃ​ដែក​នេះ ក៏បាន​ប្រាប់​ទៅ​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់ មិនត្រូវ​ហៅ​លោក​ជា «​ឯកឧត្តម​» ក្នុងការ​ទំនាក់ទំនង​ផ្លូវការ​នោះទេ​។​



​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌើ​ទើ​តេ នៅ​ថ្ងៃទី​២១ ខែកក្កដា បានដាក់​បញ្ជា​ទៅកាន់​សមាជិក​រដ្ឋាភិបាល​ទាំងអស់ មិនត្រូវ​ហៅ​លោក​ថា «​ឯកឧត្តម (His Excellency)» ក្នុង​លិខិត​ទំនាក់ទំនង​ផ្លូវការ​ជាមួយនឹង​ការិយាល័យ​ប្រធានាធិបតី​នោះទេ​។ ជំនួស​មកវិញ លោក ឌើ​ទើ​តេ បញ្ជាក់ថា មន្ត្រី​ទាំងអស់​អាច​ហៅ​លោក​ត្រឹម​ថា «​ប្រធានាធិបតី​» បាន​ហើយ​។​

​នៅក្នុង​កំណត់​ហេតុដែល​ចុះ​នៅ​ថ្ងៃទី​១៥ ខែកក្កដា និង​ត្រូវបាន​ផ្សាយ​លើ​ទូរទស្សន៍​រដ្ឋ PTV4 នៅ​ថ្ងៃទី​២១ ខែកក្កដា ប្រធានាធិបតី​ហ្វីលីពីន បាន​ណែនាំ​ចំនួន​ពីរ​ចំណុច ទាក់ទិន​នឹង​ការហៅ​ងារ​របស់​ថ្នាក់ដឹកនាំ​។ ក្នុង​ចំណុច​ទីមួយ ប្រធានាធិបតី​ហ្វីលីពីន គួរ​ត្រូវបាន​ហៅ នៅក្នុង​ការទំនាក់ទំនង​ផ្លូវការ ឬ​ព្រឹត្តិការណ៍​នានា ឬ​ក្នុង​ឯកសារ​ផ្សេងទៀត ថា «​ប្រធានាធិបតី RODRIGO ROA DUTERTE» បាន​ហើយ ដោយ​មិនចាំបាច់​មាន​ពាក្យ «​ឯកឧត្តម​» ឡើយ​។

​នៅក្នុង​ចំណុច​ទី​ពីរ សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​របស់លោក ឌើ​ទើ​តេ ក៏ត្រូវ​ណែនាំ​ឲ្យ​ហៅ ក្នុង​លិខិតផ្លូវការ​ជាមួយ​ការិយាល័យ​ប្រធានាធិបតី ថា «​រដ្ឋមន្ត្រី (Secretary)» និង​មិនចាំបាច់​បន្ថែម​ងារ «​ឯកឧត្តម (Honorable)» ទេ​។ យ៉ាងណាមិញ បើតាម​សារព័ត៌មាន Rappler កំណត់ហេតុ​ដដែល​បញ្ជា​ក់ថា គ្រប់​ការិយាល័យ​នៃ​រដ្ឋាភិបាល អាច​ប្រើប្រាស់​ងារ​ឯក​ត្ត​ម នៅពេលដែល​ប្រើពាក្យ​នេះ​សំដៅទៅ​ប្រធាន​ស្ថាប័ន​របស់ខ្លួន នៅក្នុង​ការទំនាក់ទំនង និង​លិខិត​ផ្ទៃក្នុង​របស់​អង្គភាព​នីមួយៗ​។​

​លោក​ប្រធានាធិបតី ឌើ​ទើ​តេ ដែលមាន​ប្រភព​មកពី​កោះ​មិន​ដា​ណាវ តែង​គេច​ចេញពី​ទម្លាប់​ជា​ប្រពៃណី​របស់​ប្រធានាធិបតី​។ កាលពី​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង លោក ឌើ​ទើ​តេ បានជ្រើសរើស​ស្បថ​នៅក្នុង​វិមាន​ប្រធានាធិបតី ជាជាង​នៅ​ឧទ្យាន​ជាតិ ដោយ​លោក​អះអាងថា ដើម្បី​ចៀសវាង​ការស្ទះ​ចរ​ចរណ៍​ក្នុង​ទីក្រុង​។

​មិនតែប៉ុណ្ណោះ សូម្បីតែ​ការ​ស្លៀកពាក់​ក៏មាន​ការផ្លាស់ប្ដូរ​ផងដែរ​។ លោក ឌើ​ទើ​តេ បាន​ស្លៀកខោ​ខូវប៊យ នៅពេល​ព្យុហយាត្រា​កងទ័ព និង​តែង​មូល​ដៃ​អាវ នៅពេល​ចូល​ពិធី​ផ្លូវការ​ផ្សេងៗ​។ លើសពីនេះ នៅពេល​ចូលទៅ​ថ្លែង​ក្នុង​នៅ​សភា​នៅ​សប្ដាហ៍​ក្រោយ លោក បានដាក់​បញ្ជា​ឲ្យ​ភ្ញៀវ​ដែល​ចូលរួម ស្លៀកពាក់​ធម្មតា ដោយ​មិន​ចាំ​ស្លៀកពាក់​ប្រពៃណី​អ្វី​ឡើយ​។ លោក​បញ្ជាក់ថា វា​មិនមែនជា​ពេល​បង្ហាញ​ម៉ូដ​ឡើយ​៕    


© រក្សាសិទ្ធិដោយ thmeythmey.com