សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​៖​ ជំនួយ​របស់​ចិន​ឲ្យ​កម្ពុជា មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ
22, Jul 2016 , 6:19 pm        
រូបភាព
អ្នកនាំពាក្យលោក Lu Kang
អ្នកនាំពាក្យលោក Lu Kang
ដោយ: ថ្មីៗ

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang នៅ​ថ្ងៃទី​២១ ខែកក្កដា​ម្សិលមិញ បាន​ថ្លែង​បញ្ជាក់ថា ជំនួយ​របស់​ចិន​មកកាន់​កម្ពុជា មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ដើម្បី​ជាការ​ច្រានចោល​ទៅនឹង​សារព័ត៌មាន​បរទេសមួយ​ដែល​បាន​ចុះផ្សាយ​ថា​ជំនួយ​នេះ​ ​ពាក់ព័ន្ធ​ជាមួយនឹង​ការគាំទ្រ​របស់​កម្ពុជា​ទៅលើ​ចិន​ក្នុង​ឆាក​អន្តរជាតិ​ក៏ដូចជា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua​។



​អ្នកនាំពាក្យ​រូបនោះ ក៏បាន​បញ្ជាក់ដែរថា «​ចិន សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​នឹងមិន​មើល​ជំនួយ​របស់​ចិន​ក្នុង​រូបភាព​ស្រពិចស្រពិល និង​ឃោសនា​បំផ្លើស​ពី​ព្រឹត្តិការណ៍​ការពិត​ឡើយ​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​ដែល​បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ដែល​បាន​បន្ថែម​ដែរ​ថា «​ក្នុងនាម​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ចិន និង​កម្ពុជា គឺជា​អ្នកជិតខាង​ដ៏​ជិតស្និទ្ធ និង​ជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ស្មោះត្រង់​យូរអង្វែង និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​»​។

​អ្នកនាំពាក្យ​ដដែល​នោះ បាន​បន្តទៀតថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ចិន បាន​ផ្តល់ជំនួយ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​តាម​លទ្ធភាព​របស់ខ្លួន​ដែល​អាច​ធ្វើបាន​ដើម្បី​ជួយ​ប្រទេស​ដទៃ​ក្នុងការ​ព​ន្លឿ​ន​ការអភិវឌ្ឍ និង​បង្កើន​ការរស់នៅ​របស់​ប្រជាជន​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។

​លោក​សង្កត់ធ្ងន់ថា ជំនួយ​នោះដែរ (​ជំនួយ​មកកាន់​កម្ពុជា​) ត្រូវបាន​ប្រើប្រាស់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​សង្គម​លើ​វិស័យ​ជាច្រើន​ដូចជា ការថែទាំ​សុខភាព កសិកម្ម វប្បធម៌ និង​វិស័យ​អប់រំ​ដែល​ត្រូវ​បានទទួល​ការស្វាគមន៍​ពី​ប្រជាជន​កម្ពុជា​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃទី​១៥ ខែកក្កដា កន្លងទៅ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជា​សាធារណៈ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ថា នាយករដ្ឋមន្ត្រី​ចិន​បានប្រកាស​ផ្តល់​ជំនួយឥតសំណង​ចំនួន​៣៦០០​លាន​យន់ ប្រហែល​ជិត ៦០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៦ ដល់ ២០១៨​។​ការប្រកាស​នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ទ្វេរ​ភាគី​រវាង​នាយករដ្ឋមន្ត្រី​ចិន និង​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅក្រៅ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​៕


Tag:
 ចិន
  កម្ពុជា
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com