បទយកការណ៍ / បទសម្ភាសន៍
លោក ខៀវ សុផល និង​គ្រួសារ ផ្ញើ​វាសនា​នឹង​សត្វ​ផ្សោត​
23, Jul 2016 , 8:59 pm        
រូបភាព
ដោយ:
​ក្រចេះ​៖ លោក ខៀវ សុផល គឺជា​ដឹក​ភ្ញៀវ​តាម​ទូក​មើល​សត្វ​ផ្សោត​ម្នាក់ នៅ​រមណីយដ្ឋាន​ព្រែក​កាំ​ពី​។ ជីវភាព​គ្រួសារ​របស់ បុរស​សម្បុរ​ស្រអែម វ័យ​៤៩ ឆ្នាំ​រូបនេះ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​របរ​មួយ​នេះ​។ របរ​ជួល​ទូក​ដឹក​ភ្ញៀវ​ទស្សនា​សត្វ​ផ្សោត​បាន​ចំណូល​មិន​ច្រើន​ឡើយ ប៉ុន្តែ​លោក សុផល មាន​បន្ទុក​ច្រើន​ត្រូវ​រ៉ាប់រង លើសពី​ការចំណាយ​ថ្លៃ​ម្ហូបអាហារ​ប្រចាំថ្ងៃ​។ ចំណូល​របស់លោក ត្រូវ​ចំណាយ​លើ​ការព្យាបាល​ភរិយា​ដែលមាន​ជំងឺ​ធ្ងន់​ធ្វើការ​មិនកើត និង​ត្រូវ​ដោះបំណុល ជាង​២​ពាន់​ដុល្លារ​ផ្សេងទៀត ដែល​ខ្ចី​ដើម្បី​មើលជំងឺ​ភរិយា​ក​កន្លងមក​។ លោក​សុផល បារម្ភ​ខ្លាំ​ចំពោះ​ការបាត់បង់​សត្វ​ផ្សោត​។   លោក សុផល បន្ថែមថា ប្រសិនបើ​សត្វ​ផ្សោត​បាត់បង់ មានតែ​ការធ្វើ​ចំណាកស្រុក​ធ្វើជា​កម្មករ​ឲ្យ​គេ​នៅ​ស្រុកថៃ​ប៉ុណ្ណោះ ព្រោះ​លោក គ្មាន​ចំណេះ​ជំនាញ​អ្វី​នោះឡើយ​។​



​រមណីយដ្ឋាន​ព្រែក​កាំ​ពី ដែល​ស្ថិតនៅ​ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិ​ត្ត្រ​បុរី ខេត្តក្រចេះ គឺជា​ទី​ដ៏​ពេញនិយម​មួយ សម្រាប់​ភ្ញៀវទេសចរ​មក​កម្សាន្ត​លម្ហែ និង​ជិះទូក​ទស្សនា​សត្វ​ផ្សោត​។ ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅទីនេះ កំពុងតែ​សប្បាយរីករាយ​នឹង​ទេសភាព​ស្រស់ត្រកាល នៃ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​។ ប៉ុន្តែ​ផ្ទុយស្រឡះ​ពី​ភ្ញៀវ​ទេសចរណ៍​ទាំងនោះ លោក ខៀវ សុផល ដែលជា​អ្នក​ជូន​ភ្ញៀវ​ទស្សនា​សត្វ​ផ្សោត​នៅ​ព្រែក​កាំ​ពីនេះ បែរជា​កំពុង​អង្គុយ​យ៉ាង​ស្ងៀម​ស្ថា​ត់ ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន​ទៅវិញ​។ អង្គុយ​នៅក្រោម​ដើម​អំពិល​ទឹក​បារាំង នៅ​ច្រាំងទន្លេ ដែល​ខ្យល់​ទន្លេ​ដ៏​ត្រជាក់​បករ​សៀកៗ ពី​ផ្ទៃ​ទឹក​មក​ផង លោក ខៀវ សុផល ប្រកបរ​បរជា​អ្នក​ជូន​ភ្ញៀវ​ទស្សនា​សត្វ​ផ្សោត​នៅទីនេះ រយៈពេល​បី​ឆ្នាំ​ហើយ​។

​បុរស​វ័យ​៤៩​ឆ្នាំ​រូបនេះ គ្មាន​ទូក​ផ្ទាល់ខ្លួន​ដើម្បី​ជូន​ភ្ញៀវ​ទេសចរណ៍​ឡើយ លោក​ត្រូវ​ជួល​ទូក​របស់​សហគមន៍​ភូមិ​កាំ​ពី ដើម្បី​ដឹក​ភ្ញៀវ​ទៅ​ទស្សនា​សត្វ​ផ្សោត​។ សម្រាប់​ទូក​ដែល​ជួល​នេះ លោក​ត្រូវ​ចាក់​សាំង​ដោយ​ខ្លួនឯង និង​បង់លុយ​ជាង​ពាក់កណ្តាល ទៅ​ឲ្យ​សហគមន៍​វិញ​។ ដឹក​ភ្ញៀវ​ទៅ​ទស្សនា​សត្វ​ផ្សោត​មួយ​លើក គេ​កំណត់​ឲ្យ​យក​ពី​ភ្ញៀវ​ចំនួន​៣៦០០០​រៀល  ឬ​៩​ដុល្លារ ប៉ុន្តែ​លោក សុផល ទទួលបាន​ប្រាក់​តែ​១​ម៉ឺន ៥​ពាន់​រៀល​ប៉ុណ្ណោះ ចំណែក​ប្រាក់​ចំនួន ២១,០០០​រៀល​ទៀត គឺ​ត្រូវប្រគល់​ទៅ​ឲ្យ​សហគមន៍​។ បើតាម បុរស​សម្បុរ​ស្រអែម​រូបនេះ នៅ​រដូវប្រាំង លោក​ចាក់​សាំង​ទូក​តែ​កន្លះ​លីត្រ​ប៉ុណ្ណោះ ខណៈ​រដូវវស្សា លោក​ត្រូវ​ចាក់​សាំង​ពី ២ ទៅ​៣​លីត្រ​ឯណោះ ដើម្បី​ដឹក​ភ្ញៀវ​ទៅដល់​កន្លែង​សត្វ​ផ្សោត ដែល​ជិត​ឬ​ឆ្ងាយ​។ លោក ខៀវ សុផល បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «​មួយថ្ងៃ បើ​យើង​ដឹក​ភ្ញៀវ​បាន ពីរ បី​ជើង​ក៏ដោយ ក៏​នៅសល់​ប្រហែល ១​ម៉ឺន ឬ​១​ម៉ឺន​៥​ពាន់ អី​ប៉ុណ្ណឹង ព្រោះ​គិត​មើល​យើង​ចាក់​សាំង​ខ្លួនឯង​អស់ពីរ បី លីត្រ ហើយ បាន​អី​សល់​ទៀត​។ ថ្ងៃ​ខ្លះ​គ្មាន​ភ្ញៀវ​ផង​»​។​


​ស្ថិតក្នុង​សំលៀកបំពាក់​អាវ​យឺ​វ​ដៃខ្លី និង​មាន​រហែក​ដោយ​កន្លែង និង​ចោល​ភ្នែក​សម្លឹង​ទៅ​ផ្ទៃ​ទន្លេ​ផង  លោក សុផល បាន​ថ្លែងបន្ត​ទាំង​អួលដើមក​បែបនេះ​ថា​៖«​ខ្ញុំ​រកបាន​ក្នុង​មួយថ្ងៃ សម្រាប់តែ​មួយថ្ងៃ​។ លុយ​ដែល​ខ្ញុំ​រកបាន គឺ​ត្រូវ​ចំណាយ ទិញ​ម្ហូបអាហារ​ទាំងអស់​»​។​

​មុន​មក​ធ្វើជា​ដឹក​ភ្ញៀវ​តាម​ទូ​នេះ លោក សុផល គឺជា​កសិករ​ធ្វើស្រែ​ម្នាក់ ប៉ុន្តែ​លោក​បាន​បង្ខំចិត្ត​លក់​ដី​ស្រែ​នោះ ដើម្បី​យក​ថវិកា​មក​ព្យាបាល​ជំងឺ​ភរិយា​ដែល​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​កាលពី​៣​ឆ្នាំមុន​។ រំលឹក​ដល់​រឿងនេះ បុរស​រូបនេះ​រៀប​រាប់ទាំង​រលីងរលោង​ទឹកភ្នែក​៖«​ខ្ញុំ​រាល់ថ្ងៃនេះ ពិបាក​ណាស់​ហើយ ប្រពន្ធ​ខ្ញុំ សព្វថ្ងៃ​មិនអាច​ធ្វើ​អ្វី​កើត​នោះទេ ព្រោះ​គាត់​មាន​ជំងឺ ដែល​មិន​អាចធ្វើ​ការងារ​ធ្ងន់​បានទេ​»​។​

​លក់​ដីស្រែ​ហើយ​មក​ធ្វើរ​ជា​អ្នក​ជូន​ភ្ញៀវ​មើល​សត្វ​ផ្សោត គឺ​មកពី​រូបលោក​មិនចេះ​ចំណេះ​ជំនាញ​អ្វី​ផ្សេង​។  នេះ​ជាការ​បញ្ជាក់​របស់ លោក ខៀវ សុផល ដែល​បន្តថា របរ​នេះ គឺអាច​ឲ្យ លោក បាន​នៅ​ជិត​ផ្ទះ និង​មើលថែ​ប្រពន្ធ​ផង​។ ក្រៅពី​លោក ដែល​ទទួលបន្ទុក​ធំ​ក្នុងការ​រ៉ាប់រង​ចំណាយ​ក្នុង​គ្រួសារ លោក ក៏មាន​កូនប្រុស​ច្បង​ម្នាក់ ដែលជា​កម្មករ​ចម្លាក់ ជួយ​រក​ចំណូល​ខ្លះ មក​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ ព្យាបាល​ជំងឺ​ម្តាយ​ដែរ​។ ចំណូល​មួយផ្នែក ក៏ត្រូវ​យក​សង​ថ្លៃ​ការប្រាក់ ដែល​លោក​បាន​ខ្ចី​ពី​អង្គការ​ចំនួន​ជាង ២​ពាន់​ដុល្លារ មក​មើលជំងឺ​របស់​ប្រពន្ធ​។ ការប្រាក់​នេះ ត្រូវ​បង់​ចំនួន​៥០​ដុល្លារ ក្នុង​មួយខែ​។

​ព្រោះតែ​ជីវិត​លោក និង​ក្រុមគ្រួសារ អាស្រ័យ​ទាំងស្រុង​លើ​វត្តមាន​របស់​សត្វ​ផ្សោត​នៅទីនេះ លោក សុផល បានបង្ហាញ​ក្តីបារម្ភ ចំពោះ​ការបាត់បង់​ផ្សោត​ដែរ​។ លោក​បញ្ជាក់ថា ប្រសិនបើ​គ្មាន​ផ្សោត​នោះទេ លោក​ក៏​មិនដឹង​ទៅ​ប្រកប​របរ​អ្វី​ក្រៅពីនេះ នោះដែរ​ហើយក៏​មិន​សង្ឃឹមថា ជីវិត​គ្រួសារ​លោក​អាច​ប្រសើរ​ដូច​គេ​ដែរ​។ លោក សុផល រៀបរាប់​ទាំងអស់​សង្ឃឹម​ថា​៖ «​រាល់ថ្ងៃ​ខ្ញុំ​បារម្ភ​ណាស់​ហើយ តែ​បារម្ភ​បាន​ត្រឹម​បារម្ភ មិនដឹង​ទៅធ្វើ​អ្វី​កើត​។ បើ​គេ​សង់​ស្អី វា​រី​អគ្គីសនី​អី​គេ​ហ្នឹង ខ្ញុំ​ក៏​មិនដឹង​ធ្វើ​ម៉េច​» ។ លោក អះអាងថា បើ​ផ្សោត​លែងមាន មានតែ​ទៅធ្វើ​កម្មករ​ឲ្យ​គេ​នៅ​ប្រទេស​ថៃ​តែប៉ុណ្ណោះ​៕


Tag:
 ខៀវ សុផល​
  ​ផ្សោត​
 ​កាំ​ពី​
© រក្សាសិទ្ធិដោយ thmeythmey.com