អន្តរជាតិ
លោកស្រី គ្លីនតុន ជ្រើសរើសលោក Tim Kaine ជាបេក្ខជនអនុប្រធានាធិបតី
× បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានសម្រេចជ្រើសយកសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Virginia លោក Tim Kaine ជាបេក្ខជនអនុប្រធានាធិបតី សម្រាប់ដំណើរទៅកាន់ការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។ អ្នកទាំងពីរនឹងត្រូវប្រជែងជាមួយបេក្ខជនបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ និងលោក Mike Pence។
បីថ្ងៃមុនសន្និបាតបក្សប្រជាធិបតេយ្យរដ្ឋ Philadelphia លោកស្រី ហ៊ីឡារី គ្លីនតុន បានប្រកាសចាប់ដៃជាមួយលោក Tim Kaine សម្រាប់ឆ្ពោះទៅកាន់ការកាន់អំណាចនៅសេតវិមាន។ ទីភ្នាក់ងារព័ត៌មាន AFP លោកស្រី គ្លីនតុន បានប្រកាសដូចនេះពីរដ្ឋ Florida ខណៈលោកស្រី កំពុងធ្វើយុទ្ធនាការរយៈពេលពីរថ្ងៃនៅទីនោះ។
បេក្ខជនប្រធានាធិបតីរូបនេះ បានសរសេរលើបណ្ដាញសង្គមTwitter នៅថ្ងៃទី២២ ខែកក្កដា ថា៖« ខ្ញុំរំភើបចិត្តនឹងប្រកាសប្រាប់អ្នកទាំងអស់គ្នាពីដៃគូរបស់ខ្ញុំគីលោក Tim Kaine ដែលបានលះបង់ជីវិតរបស់លោក ដើម្បីអ្នកដទៃ។» លោកស្រី ចាត់ទុក Kaine ជាបុគ្គលសុទិដ្ឋិនិយមដែលមានជំនឿថា គ្មានបញ្ហាអ្វីដែលមិនអាចដោះស្រាយបានឡើយ ប្រសិនបើដាក់ចិត្តធ្វើវា។
បន្តិចក្រោយមកលោក Kaine ក៏បានឆ្លើយតបតាមបណ្ដាញ Twitter វិញថា លោកទើបនិយាយទូរសព្ទជាមួយលោកស្រី គ្លីនតុន ហើយលោកមានកិត្តិយស ដែលត្រូវបានជ្រើសរើសជាដៃគូរបស់លោកស្រី។ លោកស្រី គ្លីនតុន បានជ្រើសយកលោក Kaine ជំនួសបេក្ខភាពដទៃទៀត រួមមានសមាជិកព្រឹទ្ធសភាមកពីរដ្ឋ New Jersey លោក Cory Booker និងរដ្ឋមន្ត្រីកសិកម្ម លោក Tom Vilsack ។
តាមពិតទៅ សមាជិកព្រឹទ្ធសភារូបនេះ គឺជាបេក្ខភាពសំណព្វចិត្តរបស់លោកស្រី គ្លីនតុន ជាយូរមកហើយ។ លោក Kaine ដែលអាចនិយាយភាសាអេស្ប៉ាញយ៉ាងល្អនោះ ក៏ជាសមាជិកកម្មម្នាក់នៅក្នុងគណៈកម្មធិការកិច្ចការការបរទេស និងយោធានៃព្រឹទ្ធសភាអាមេរិក ដែលអាចរួមចំណែកយ៉ាងច្រើនដល់លោកស្រី គ្លីនតុន ជាពិសេសក្នុងចំណោមអ្នកបោះឆ្នោតនៅរដ្ឋ Virginia និងក្រុមជនជាតិនិយាយភាសាអេស្ប៉ាញ។
លោកស្រី គ្លីនតុន និងលោក Kaine នឹងត្រូវទទួលការតែងតាំងជាផ្លូវការពីសន្និបាតបក្សប្រជាធិបតេយ្យ ដែលនឹងចាប់ផ្ដើមនៅ Philadelphia។ បេក្ខជនទាំងពីរ ក៏នឹងចួលរួមក្នុងយុទ្ធនាការរួមគ្នានៅទីក្រុង Miami នៅថ្ងៃទី២៣ ខែកក្កដា ដើម្បប្រុងប្រៀបតទល់នឹងបេក្ខជនបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដែលតែងតែនិយាយរិះគន់លោកស្រី គ្លីនតុន រហូតមក៕
Tag:
អាមេរិក
Hillary Clinton
© រក្សាសិទ្ធិដោយ thmeythmey.com