កីឡាអន្តរជាតិ
អន្តរជាតិ
លោក Sam Allardyce ក្លាយជា​អ្នកចាត់ការ​អង់គ្លេស ជំនួស​លោក Hodgson
23, Jul 2016 , 8:39 pm        
រូបភាព
រូបភាពពី៖ហ្វេសប៊ុកEngland Football Team
រូបភាពពី៖ហ្វេសប៊ុកEngland Football Team
​អតីត​អ្នកចាត់ការ​ក្រុម​ឆ្មា​ខ្មៅ Sunderland លោក Sam Allardyce ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​តោ​កំណាច​អង់គ្លេស​ជា​ផ្លូវការ​ហើយ​។ លោក Sam Allardyce នឹង​ចូលកាន់​តំណែង​ជំនួស​លោក Roy Hodgson ដែល​បាន​ចាកចេញ ហើយ​លោក​ទទួលបាន​កិច្ចសន្យា​ដឹកនាំ​រយៈពេល​ពីរ​ឆ្នាំ​ផងដែរ​។



​បន្ទាប់ពី​ដំណើការ​ជ្រើសរើស​គ្រប់​ជ្រុងជ្រោយ​រួចមក សមាគម​កីឡាបាល់ទាត់​អង់គ្លេស (FA) បានសម្រេច​តែងតាំង​លោក Sam Allardyce ជា​អ្នកចាត់ការ​ថ្មី​ហើយ​នៅ​ថ្ងៃទី​២២ ខែកក្កដា​។ បុរស​វ័យ​៦១​ឆ្នាំ​រូបនេះ នឹងត្រូវ​ចូលកាន់​តំណែង​ភ្លាមៗ​ផងដែរ​។ ការជ្រើសរើស​លោក Allardyce ធ្វើឡើង​ដោយ​មនុស្ស​សំខាន់​បីនាក់ គឺ​នាយក​ប្រតិបត្តិ FA លោក Martin Glenn នាយក​បច្ចេកទេស លោក Dan Ashworth និង​ប្រធានស្ដីទី​FA លោក  David Gill​។

​បើតាម​គេហទំព័រ​ផ្លូវការ​របស់ FA បន្ទាប់ពី​ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ថ្មី លោក Sam Allardyce និយាយថា លោក​ពិត​ជាមាន​កិត្តិយស​ណាស់​សម្រាប់​ការតែងតាំង​នេះ ជាពិសេស​នោះ ជាការ​ងារ​ដែល​លោក​តែង​ចង់បាន​។ លោក​បន្តថា សម្រាប់​រូបលោក តួនាទី​នេះ ជាការ​ងារ​ល្អ​បំផុត​ក្នុង​វិស័យ​កីឡាបាល់ទាត់​អង់គ្លេស​។
 
​ជាមួយគ្នា​នោះ អតីត​អ្នកចាត់ការ​ក្រុម​ឆ្មា​ខ្មៅ Sunderland ក៏បាន​ប្រកាស​ការតាំង​ចិត្ត​ចំពោះ​តួនាទី​ថ្មី​នេះ​។ លោក​បញ្ជាក់ថា លោក​នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ជួយ​អង់គ្លេស និង​សម្រាប់​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ទាំងអស់ ហើយ​លោក​នឹងធ្វើ​ឲ្យ​ប្រជាជន និង​ប្រទេស​ទាំងមូល មាន​មោទនភាព​។​

​ការងារ​សំខាន់​របស់លោក Sam Allardyce នៅពេលនេះ គឺ​ធ្វើយ៉ាងណា​ឲ្យ​អង់គលេស មាន​សិទ្ធិ​ទៅ​ប្រកួត​ពានរង្វាន់ World Cup 2018 ដែល​រុស្សី​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្រៅពីនោះ លោក​ក៏ត្រូវ​បង្វឹក​ក្រុមយុវជន​វ័យក្មេង​អង់គ្លេស ដើម្បី​មាន​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​ធំៗ​ផងដែរ​។ 

​លោក Sam Allardyce បាន​ផ្ដួល​បេក្ខភាព​ផ្សេងទៀត សម្រាប់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​នេះ ដែល​រួមទាំង​លោក Jürgen Klinsmann លោក Eddie Howe ក៏ដូចជា​អតីត​អ្នកចាត់ការ​ក្រុម Hull City លោក Steve Bruce ផងដែរ​។ មុន​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស លោក ធ្លាប់​ដឹកនាំ​ក្លឹប​Bolton Wanderers ក្លឹប​ញញួរ​ធំ West ham មុននឹង​ទៅ​ដឹកនាំ​ក្រុម Sunderland​។     


Tag:
 អង់គ្លេស​
  ​បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com