កីឡាជាតិ
ជាតិ
អ្នកចាត់ការ U16ថៃ៖ ប្រកួតលើទីលានស្មៅកម្ពុជា មិត្តភាពជារឿងទីមួយ ចាញ់ឬឈ្នះជារឿងទីពីរ
× ការប្រកួតពានដណ្ដើមចំណាត់ថ្នាក់ទីបី នៃព្រឹត្តិការណ៍ AFF U16 Championship រវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ និងក្រុមជម្រើសជាតិថៃអាយុក្រោម១៦ឆ្នាំ ដោយបញ្ចប់ទៅជាមួយនឹងលទ្ធផលក្រុមយុវជនថៃ យកឈ្នះកម្ពុជា ៣ទល់០ ។ ការប្រកួតនេះ គេសង្កេតឃើញមានការប៉ះទង្គិចច្រើនលើកច្រើនសាររវាងកីឡាករទាំងសងខាង។
ទាក់ទិននឹងការប៉ះទង្គិចរវាងកីឡាករ និងកីឡាករក្នុងពេលប្រកួត គ្រូបង្វឹកជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ លោក Inoue Kazunouri បាននិយាយថា លោករន្ធត់អ្វីដែលកើតឡើងលើទីលាន។ លោកបន្តថា ការប៉ះទង្គិចកើតឡើងពេលកីឡាករដណ្ដើមបាល់គ្នា ហើយតវ៉ាគ្នាទៅវិញទៅមក ព្រោះជាការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខបី ។
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបញ្ជាក់ទៀតថា នៅជប៉ុន ក្នុងការប្រកួតដែលកីឡាករមានអាយុស្របាលគ្នា គឺគេលេងស្ងប់ និងលេងមិនឈ្លោះគ្នាទេ។ ប៉ុន្តែវាមានស្ថានភាពច្រើនក្នុងការលេង អ្វីគួរធ្វើគឺគោរពច្បាប់ក្នុងការលេង។ ជាមួយគ្នានេះ លោក Inoue ក៏បានលើកឡើងពីចំណុចខ្សោយរបស់កីឡាករកម្ពុជាផងដែរ។ លោកថា ចំណុចខ្សោយកីឡាករកម្ពុជា គឺ ទិចនិច និងរូបរាងកាយរបស់កីឡាករ ដែលមានមាធតូច ហើយដែលត្រូវដោះស្រាយ។
ជុំវិញការប៉ះទង្គិចនេះដែរ គ្រូបង្វឹកក្រុមជម្រើសថៃ លោក Chaiyong Khumphiam និយាយដែរថា វាអាស្រ័យលើអាជ្ញាកណ្ដាល ក្នុងការគ្រប់គ្រងភាពតានតឹង កុំឲ្យមានការកើនឡើង។ ចំណែកឯអ្នកចាត់ការទូទៅក្រុមថៃ លោក Worapoj Yasadatt បញ្ជាក់ថា ក្រុមរបស់លោកមកកម្ពុជា គឺតំណាងឲ្យប្រទេសថៃ ហើយទីមួយនោះ គឺមកដើម្បីមិត្តភាព ឯការចាញ់ឬឈ្នះជារឿងទីពីរ។
អ្នកចាត់ការរូបនេះបន្តទៀតថា ថៃនិងកម្ពជា ជាមិត្តភក្តិល្អនិងជាអ្នកជិតខាង។ ហើយបន្ទាប់ពីការប្រកួតចប់ កីឡាករនិងកីឡាករ ស្គាល់គ្នានិងចូលចិត្តគ្នា ព្រោះកីឡាករកម្ពុជា ធ្លាប់ទៅប្រកួតជាមួយថៃ។ យ៉ាងណាក្ដី លោក Worapoj អះអាងថា៖«យើងក៏ត្រូវពិចារណាពីយុត្តិធម៌ដែរ តែខ្ញុំក៏មិនអាចនិយាយថា ការប្រកួតនេះ Fair Play ឬអត់ដែរ ប៉ុន្តែខ្ញុំបានប្រាប់ឲ្យយកូនក្រុមប្រកួតដោយលេងFair Play ។ ហើយអ្វីដែលខ្ញុំនិយាយបាន គឺប្រជាជនថៃ ស្រលាញ់កម្ពុជា»។
លើសពីនេះ អ្នកចាត់ការក្រុមថៃ ក៏បានសរសើរអ្នកគាំទ្រកម្ពុជា ថាមានរីកចម្រើនក្នុងចូលរួមលើកទឹកចិត្តកីឡាករ ។ លោក Worapoj ថា បើទោះជាមានការប៉ះទង្គិចគ្នា និងសកម្មភាពខ្លះក៏ដោយ តែពួកគេនៅតែមានស្នាមញញឹមចំពោះក្រុមថៃ ព្រោះវាតែជាការប្រកួត ៕
© រក្សាសិទ្ធិដោយ thmeythmey.com