អន្តរជាតិ
អាមេរិក​បន្ទោស​ហ្គេម Pokemon GO ធ្វើ​ឲ្យ​ក្មេង​លួច​ឆ្លងដែន​ពី​កាណាដា​ចូល​អាមេរិក​
24, Jul 2016 , 1:31 pm        
រូបភាព
​សហរដ្ឋអាមេរិក​បាន​អះអាងថា ហ្គេម Pokemon Go បានធ្វើ​ឲ្យ​ក្មេងៗ​ដើរ​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​កាណាដា​ចូល​ទឹកដី​អាមេរិក​កន្លងមកនេះ​។ ក្នុង​សប្តាហ៍​នេះ ភ្នាក់ងារ​ល្បាត​ព្រំដែន​អាមេរិក​បាន​អះអាងថា​ក្មេងៗ​ពីរ​នាក់​វង្វេង​ដោយបាន​ឆ្លងដែន​ចូល​រដ្ឋ Montana សហរដ្ឋអាមេរិក ព្រោះតែ​ពួកគេ​រវល់​កាន់​ទូរ​សព្ទ​លេង​ហ្គេម​និង​តាម​ប្រមាញ់​រូប​តុក្កតា​។



​ហ្គេម​ដ៏​ពេញនិយម Pokemon Go កំពុង​ធ្វើ​ឲ្យ​យុវវ័យ​វក់វី និង​រហូត​ធ្វើ​ឲ្យ​ពួកគេ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ផង​ក៏មាន​។ នៅ​សហរដ្ឋអាមេរិក​វិញ គេ​ឃើញ​មានការ​រិះគន់​ហ្គេម​នេះ​ខ្លាំង​ផងដែរ ព្រោះ​វា​បានធ្វើ​ឲ្យ​ក្មេងៗ​ឆ្លងដែន​ខុសច្បាប់​ពី​កាណាដា​ចូលក្នុង​ទឹកដី​អាមេរិក​ច្រើនដង​គ្រាន់តែ​ក្នុង​សប្តាហ៍​នេះ​។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ភ្នាក់ងារ​គយ​និង​ល្បាត​ព្រំដែន​អាមេរិក​បាន​អះអាងថា យុវជន​កាណាដា ពីរ​នាក់​បាន​ឆ្លងដែន​ចូល​ទឹកដី​រដ្ឋ Montana   ហើយ​ត្រូវបាន​ឃាត់ខ្លួន​។ យុវជន​ទាំងពីរ​ដែលមាន​វ័យ​ជា​អ​នី​ត​ជន​នោះ​វង្វេង​ឆ្លងដែន​ពី​កាណាដា​ព្រោះ​ពួកគេ​រវល់​តែ​លេង​ហ្គេម Pokemon Go និង​តាម​ប្រមាញ់​រូប​តុក្កតា​សត្វ​។

​បើតាម​លោក Michael Rappold អ្នក​ភ្នាក់ងារ​ល្បាត​អាមេរិក​ខាងលើ​បាន​អះអាងថា ក្មេងៗ​ទាំងពីរ​នាក់​មិនបាន​ចាប់អារម្មណ៍​ថា​ពួកគេ​នៅទីណា​និង​កំពុង​ទៅណា​ឡើយ តែ​គេ​ផ្ចង់អារម្មណ៍​តែ​នៅលើ​ហ្គេម​មួយ​មុខ​ប៉ុណ្ណោះ​។ ដូច្នេះហើយ​បានជា​ពួកគេ​វង្វេង​ឆ្លងដែន​បែបនេះ​។ ប៉ុន្តែ​ក្រោយ ឃាត់ខ្លួន​និង​ត្រូវបាន​សួរនាំ​ហើយ​នោះ ក្មេងៗ​ទាំងពីរ​ត្រូវបាន​គេ​ប​ញ្ចូ​ន​ឆ្លងដែន​ឲ្យ​ទៅ​កាណាដា​វិញ​ដើម្បី​ត្រលប់​ទៅ​ជួប​ជាមួយ​ឪពុកម្តាយ​ពួកគេ​វិញ​។​

​ហ្គេម Pokemon GO នេះ​កំពុង​ពេញនិយម​ខ្លាំង​លើ​ពិភពលោក ចាប់តាំងពី​វា​ត្រូវបាន​គេ​បង្កើត​និង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​ដើមខែ​កក្កដា​កន្លងមក​នេះ​។ អ្នកលេង​ហ្គេម​នេះ ប្រើប្រាស់​ទូរ​សព្ទ​ដើម្បី​ស្វែងរក​និង​តាម​ចាប់​ប្រភេទ​តុក្កតា​សត្វ​ក្នុង​រឿង Pokemon ជាច្រើន​ដែល​រូបនេះ​លេចចេញ​នៅ​ទីតាំង​ជាច្រើន​មាន​ទាំង​ភោជនីយដ្ឋាន ការិយាល័យ សារមន្ទីរ និង​បណ្តា​កន្លែង​សំខាន់ៗ​ផ្សេងទៀត​។ ដូច្នេះហើយ​បានជា​ក្មេងៗ​និង​មនុស្ស​ជាច្រើន​ជក់ចិត្ត និង​វក់​ជាមួយ​ហ្គេម​នេះ​ថែម​ទៀតផង​។ ប៉ុន្តែ​គេ​បារម្ភ​ថា បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​ក្នុង​ហ្គេម​នេះ​កំពុងតែ​ធ្វើ​ឲ្យ​មនុស្ស​គ្រោះថ្នាក់​នៅពេល​ខាងមុខ​ផង​៕


Tag:
 Pokemon Go
  អាមេរិក​
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com