អន្តរជាតិ
នយោបាយអន្តរជាតិ
បារ៉ាក់ អូបាម៉ា៖ អាមេរិកមិនពាក់ព័ន្ធជាមួយរដ្ឋប្រហារនៅតួកគីទេ
× លោក បារ៉ាក់ អូបាម៉ា បានអះអាងថា សហរដ្ឋអាមេរិកមិនមានពាក់ព័ន្ធរដ្ឋប្រហារបរាជ័យនៅតួកគីកាលពីសប្តាហ៍មុនឡើយ។ ប្រមុខរដ្ឋអាមេរិករូបនេះបានអំពាវនាវឲ្យរដ្ឋាភិបាលតួកគីរក្សាសម្ព័ន្ធភាពជាមួយអាមេរិក និងពន្យល់ឲ្យបណ្តាប្រជាជនតួកគីបានយល់ថា ព័ត៌មានថាអាមេរិកពាក់ព័ន្ធបញ្ហារដ្ឋប្រហារជារឿងចចាអារ៉ាមប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីម៉ិកស៊ិកកាលពីថ្ងៃថ្ងៃសុក្រ ប្រធានាធិបតីអាមេរិកបានទាត់ចោលការចោទប្រកាន់ និងពាក្យចចាមអារ៉ាមដែលថាអាមេរិកពាក់ព័ន្ធការធ្វើរដ្ឋប្រហារបរាជ័យនៅតួកគី។ លោកថា អាមេរិកមិនបានដឹងមុនឡើយពីរដ្ឋប្រហារនេះ ហើយអាមេរិកក៏មិនស្ថិតនៅពីក្រោយការធ្វើរដ្ឋប្រហារនេះដែរ។
ប្រធានាធិបតីអាមេរិករូបនេះចង់បកស្រាយនិងពន្យល់ឲ្យអស់មន្ទិលសង្ស័យ ព្រោះវាបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងនិងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងតួកគីនេះ។ លោកក៏អំពាវឲ្យរដ្ឋាភិបាលតួកគីធ្វើយ៉ាងពន្យល់ឲ្យប្រជាជនបានដឹង និងជម្រះឲ្យអស់មន្ទិលសង្ស័យ ចៀសវាងកុំឲ្យមានការភាន់ច្រឡំតទៅទៀត។
លោក អូបាម៉ា បានថ្លែងថា៖«នៅពេលពាក្យចចាមអារ៉ាម ដូចនេះសាយភាយ វាធ្វើឲ្យប្រជាជនយើងដែលស្ថិតនៅតួកគីរងគ្រោះថ្នាក់ ហើយវាក៏គំរាមកំហែងដល់សម្ព័ន្ធភាព និងភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងតួកគី។ ដូច្នេះខ្ញុំចង់និយាយឲ្យច្បាស់ និងបកស្រាយឲ្យអស់សង្ស័យតាមដែលអាចធ្វើបាន ថា យើងថ្កោលទោសការប៉ុនប៉ងធ្វើរដ្ឋប្រហារ»។
តាមពិតទៅ បញ្ហាកាន់តែស្មុគស្មាញ ព្រោះប្រព័ន្ធផ្សព្វផ្សាយតួកគី រួមទាំងអ្នកនយោបាយតួកគី ក៏សុទ្ធតែចង្អុលនិងទម្លាក់កំហុសលើអាមេរិកដូចគ្នា។ ដូចឃើញស្រាប់សូម្បីតែរដ្ឋមន្ត្រីក្រសួងការងារតួកគី ក៏ដាក់មន្ទិលសង្ស័យលើសហរដ្ឋអាមេរិកដែរ។
យ៉ាងណាមិញ ក្រោយរដ្ឋប្រហារកើតឡើង ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan មិនបានចោទប្រកាន់សហរដ្ឋអាមេរិកឡើយ ប៉ុន្តែរដ្ឋាភិបាលអង់ការ៉ា បានទម្លាក់កំហុសលើអ្នកផ្សព្វផ្សាយសាសនា លោកFethullah Gulen ដែលកំពុងរស់នៅរដ្ឋ Pennsylvania ទៅវិញ។
សូមបញ្ជាក់ថា រដ្ឋប្រហារបរាជ័យតួកគីកើតឡើងកាលពីថ្ងៃសុក្រទី១៥ ខែកក្កដា ។ក្រោយរដ្ឋប្រហារ កងកម្លាំងនិងប្រជាជនជាច្រើនពាន់នាក់ត្រូវបានចាប់និងឃុំខ្លួន ហើយប្រជាជនរាប់ម៉ឺននាក់ផ្សេងទៀតត្រូវគេព្យួរការងារដោយសារមានជាប់ពាក់ព័ន្ធការរៀបចំរដ្ឋប្រហារនេះ។ចំណែក រដ្ឋាភិបាលតួកគី បានប្រកាសដាក់ប្រទេសប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលបីខដើម្បីបន្តតាមបង្ក្រាបអ្នកដែលនៅពីក្រោយការរៀបចំរដ្ឋប្រហារនេះ៕
Tag:
បារ៉ាក់ អូបាម៉ា
Fethullah Gulen
Recep Tayyip Erdogan
© រក្សាសិទ្ធិដោយ thmeythmey.com