កីឡាជាតិ
ជាតិ
AFF U16៖ អូស្ត្រាលី​លើក​ពាន​ពីរលើក ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដូចគ្នា​
24, Jul 2016 , 4:29 pm        
រូបភាព
ដោយ:
​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​អូស្ត្រាលី​បាន​លើក​ពាន​ជា​លើក​ទី​២​នៃ​ព្រឹត្តិការណ៍ AFF U-16 Championship 2016 បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម ៥-៣ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាលពី​យប់​ថ្ងៃទី​២៣ ខែកក្កដា ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ កាលពី​ឆ្នាំ​២០០៨​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ ក្រុម​អូស្ត្រាលី​ក៏បាន​យកឈ្នះ​ក្រុម​បា​រ៉ែ​ន ៥-៤ ដោយ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​ដូចគ្នា​ដែរ​។​



​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​អូស្ត្រាលី​បាន​លើក​ពាន​នៃ​ព្រឹត្តិការណ៍ AFF U-16 Championship ប្រចាំឆ្នាំ​២០១៦ ក្រោយពី​ក្រុម​នេះ​យកឈ្នះ​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម ៥-៣ ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ។ ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ធ្វើឡើង​បន្ទាប់ពី​ចប់​ការប្រកួត​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើ ៣-៣​។


​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ AFF U-16 កាលពី​ម្សិលមិញ​កីឡាករ Nguyen Huynh Sang បា​នរក​គ្រាប់​បាល់​ជួយ​ឲ្យ​ក្រុម​វៀតណាម​នាំ​អូស្ត្រាលី ១-០ នៅ​នាទី​៣៦ មុន​កីឡាករ Nguyen Tran Viet Cuong រកបាន​គ្រាប់​បាល់​ទី​ពីរ​បន្ថែម​ឲ្យ​វៀតណាម​នៅ​នាទី​៥៦​។

​ប៉ុន្តែ​នៅ​នាទី​៥៨​កីឡាករ John Roberts ប្រធាន​ក្រុម​អូស្ត្រាលី​សម្រេចបាន​មួយ​គ្រាប់​ដើម្បី​តាម​វៀតណាម ២-១ នៅ​នាទី​៧៧ មុននឹង​វៀតណាម​ស៊ុត​ប​ញ្ជូ​ល​ទី​អូស្ត្រាលី ៣-១ ដែល​សម្រេច​ដោយ​កីឡាករ Nguyen Khac Khiem ។ ប៉ុន្តែ​នៅ​នាទី​៨៣​កីឡាករ​អូស្ត្រាលី Mark Moric សម្រេចបាន​មួយ​គ្រាប់​បន្ថែម មុន​កីឡាករ John Roberts សម្រេចបាន​គ្រាប់​ទី​៣​ដើម្បី​ជួយ​ឲ្យ​អូស្ត្រាលី​តាម​ស្មើ​វៀតណាម ៣-៣ នៅ​នាទី 90+1 រហូត​ចប់​តង់​ទី​២​។   


​លទ្ធផល​ស្មើ ៣-៣ នេះ​បានធ្វើ​ឲ្យ​ក្រុម​ទាំងពីរ​ឈានដល់​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​កីឡាករ Dylan Pierias បាន​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​អូស្ត្រាលី​នាំមុខ​វៀតណាម ១-០ តែ​កីឡាករ Uong Ngoc Tein រក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​វៀតណាម​។ កី​ឡករ Mark Moric រក​គ្រាប់​បាល់​ទី​២​ឲ្យ​អូស្ត្រាលី បន្ទាប់មក​កីឡាករ Vu Quang Do រកបាន​គ្រាប់​បាល់​ទី​២​ឲ្យ​វៀតណាម ក្រោយមក​កីឡាករ John Roberts សម្រេច​គ្រាប់​ទី​៣​ឲ្យ​អូស្ត្រាលី ប៉ុន្តែ​កីឡាករ​របស់​វៀតណាម Nguyen Xuan Kien ធ្វើ​មិនបាន​សម្រេច​សម្រាប់​គ្រាប់​បាល់​ទី​៣​ធ្វើ​ឲ្យ​អូស្ត្រាលី​នាំមុខ​វៀតណាម ៣-២​។

​បន្ទាប់មក​កីឡាករ Adrian Ross Valenti សម្រេច​គ្រាប់​ទី​៤​ឲ្យ​អូស្ត្រាលី ចំណែក​កីឡាករ Nguyen Huynh Sang បានសម្រេច​គ្រាប់​ទី​៣​ឲ្យ​វៀតណាម​តាម​អូស្ត្រាលី ៣-៤ ប៉ុន្តែ​ត្រូវ​កីឡាករ Bryce Edward Horace Bafford រក​គ្រាប់​បាល់​ទី​៥ នាំ​ជ័យជម្នះ​ឲ្យ​អូស្ត្រាលី​លើ​ក្រុម​វៀតណាម ៥-៣​។


​ការលើក​ពាន​នេះ​វា​ជា​លើក​ទី​២ និង​ជា​ប្រវត្តិសាស្ត្រ​ច្រំ​ដដែល​សម្រាប់​ក្រុមយុវជន​ជម្រើសជាតិ​អូស្ត្រាលី​ដែល​បានឈ្នះ​ពាន​ពី​ព្រឹត្តិការណ៍ AFF U-16 តាមរយៈ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី ព្រោះ​កាលពី​លើក​មុន​នៅក្នុង​ឆ្នាំ​២០០៨ ដែល​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ក្រុម​អូស្ត្រាលី បាន​លើក​ពាន​បន្ទាប់ពី​យក​ក្រុម​U-16​បា​រ៉ែ​ន ៥-៤ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​ផងដែរ ។ 

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​បាល់ទាត់​ជ្រើស​ជ្រើស​ជើងឯក​ពានរង្វាន់​សហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន នៃ​ព្រឹត្តិការណ៍ AFF U-16 Championship 2016 ម្ចាស់​ជើងឯក​បាន​ទៅលើ​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​អូស្ត្រាលី រីឯ​ជើងឯក​រង​បាន​លើ​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម​។ ចំណែក​លេខ​៣​បាន​ទៅលើ​ក្រុមយុវជន​ជម្រើសជាតិ​ថៃ និង​ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ដែលជា​ក្រុម​ទទួលបាន​ពានរង្វាន់ Fair Play សម្រាប់​ប្រកួត AFF U-16 Championship 2016 នេះ​៕


រូបភាពទាំងអស់ ប្រភពពី៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Tag:
 U16​កម្ពុជា​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com