ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
អ្នកបុរាណវិទ្យារកឃើញថាខ្មែរចេះស្លសំរិទ្ធល្អជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍
28, Jul 2016 ,
8:25 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ រោងជាងស្លសំរិទ្ធមួយកន្លែង ត្រូវបានធ្វើកំណាយ និងរកឃើញដោយក្រុមអ្នកបុរាណវិទ្យានៃសាលាបារាំងចុងបូព៌ា (EFEO) ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា។ អ្នកជំនាញអះអាងថា រោងជាងស្លសំរិទ្ធនោះ មិនមែនជារោងជាងធម្មតានោះទេ តែវាជារោងជាងក្នុងព្រះបរមរាជវាំង ដែលស្តេចក្នុងសម័យមុនៗប្រើប្រាស់ ដើម្បីធ្វើជារូបចម្លាក់ផ្សេងៗ ។ តាមការស្រាវជ្រាវបានបញ្ជាក់ដែរថា ការស្លសំរិទ្ធនៅក្នុងប្រទេសកម្ពុជាមានគុណភាព និងប្រើបច្ចេកទេសខ្ពស់ជាបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការស្រាវជ្រាវលើរោងស្លដែកក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមជាច្រើនឆ្នាំមកហើយ។ តែដោយឡែកសម្រាប់ការស្រាវជ្រាវលើរោងជាងស្លសំរិទ្ធ ទើបតែចាប់ផ្តើមនៅក្នុងឆ្នាំនេះ ដោយសារលទ្ធផលនៃការស្រាវជ្រាវមួយរបស់អ្នកបុរាណវិទ្យា បានប្រទះឃើញចង្ក្រានស្លសំរិទ្ធមួយដោយចៃដន្យ កាលពីឆ្នាំ២០១២ និង២០១៣។
ដើម្បីដឹងពីវិសាលភាពនៃរោងជាងស្លសំរិទ្ធមានដល់កម្រិតណា ក្រុមអ្នកបុរាណវិទ្យានៅសាលាបារាំងចុងបូព៌ា សហការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយមួយកន្លែង នៅក្នុងបរិវេណប្រាសាទសេ្តចកម្មង់។ កំណាយរោងស្លសំរិទ្ធនេះ បានចាប់ផ្តើមនៅដើមខែកក្កដា ហើយវាជារោងស្លសំរិទ្ធដំបូងដែលធ្វើកំណាយឃើញក្នុងតំបន់អង្គរ ឫអាចនិយាយបានថា ដំបូងគេនៅកម្ពុជាផង។
បុរាណវិទូជនជាតិបារាំង លោក Erice VINCENT ដែលដឹកនាំការងារស្រាវជ្រាវបាននិយាយថា លោកបានរកឃើញភស្តុតាងមួយចំនួន ដែលអាចបញ្ជាក់ពីទំហំរោងស្លសំរិទ្ធនេះ។ លោកបន្តថា កំណាយនេះគេត្រូវការទាំងការជីក និងខូងដី ដើម្បីយកល្បាយដីទៅសិក្សាលម្អិត។ លទ្ធផលនៃការស្រាវជ្រាវដំបូងនេះ តាមការបញ្ជាក់របស់លោក Erice គឺមានចំនួន៣។ មួយគឺដឹងពីប្រភេទដី ដែលខុសពីដីធម្មតា ពីរគឺបានរកឃើញស្លាកស្នាម និងសំណល់ពីការស្ល និងទីបី ឧបករណ៍ប្រើប្រាស់ ក្នុងរោងជាងនាសម័យនោះ។
រោងជាងស្លសំរិទ្ធ ដែលប្រទះឃើញនៅខាងជើងប្រាសាទភិមានអាកាសពេលនេះដែរ តាមការប៉ាន់ស្មានរបស់អ្នកស្រាវជ្រាវ អាចមានអាយុកាលតាំងពីពាក់កណ្តាលស.វទី១១ និងទី១២។ អ្នកស្រាវជ្រាវ បានយកលទ្ធផលដែលរកឃើញនៅពេលនេះ ទៅប្រៀបធៀបនឹងលទ្ធផលដែលរកឃើញចង្ក្រានស្លសំរិទ្ធ កាលពីឆ្នាំ២០១២ និង២០១៣ផងដែរ។
ចាប់តាំងពីការធ្វើកំណាយមក អ្នកបុរាណវិទ្យាបានរកឃើញវត្ថុតាងមួយចំនួន ក្នុងនោះរួមមានចង្ក្រានស្លសំរិទ្ធ និងសិតសំរិទ្ធ រួមនិងវត្ថុធាតុផ្សំមួយចំនួន ដូចជាសំណ និងដុំថ្មតូចៗ សម្រាប់សិតរូបចម្លាក់ជាដើម។ ជាងនេះទៅទៀតនោះ តាមរយៈកំណាយនេះ ធ្វើឲ្យគេដឹងថា ជញ្ជាំងដែលសង់ពីថ្មបាយក្រៀមនៃប្រាសាទសេ្តចកម្លង់ សង់ពីលើរោងជាងនោះ។ មានន័យថា ជញ្ជាំងនោះ អាចសង់នៅស.វទី១៣។ អ្នកស្រាវជ្រាវពន្យល់ថា រោងជាងសិប្បកម្មដែលរកឃើញនៅពេលនេះ ទំនងជាត្រូវគេផ្តាស់ប្តូរ និងមានការពង្រីករាជវាំង ឫសង់ប្រាសាទបន្ថែមទៀតក្នុងបរិវេណនោះ។
ក្នុងគម្រោងកំណាយរោងសិប្បកម្មស្លសំរិទ្ធនេះ មានរយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០១៦នេះ រហូតដល់ឆ្នាំ២០១៩។ អ្នកជំនាញគ្រោងនឹងជីករណ្តៅនៅទីតាំងផ្សេងទៀត ដើម្បីរកទីតាំងដូចគ្នានឹងរណ្តៅទីមួយនេះ។ លោក Erice បានឲ្យដឹងទៀតថា ក្នុងគម្រោងនេះដែរ ក្រុមការងាររបស់លោក គ្រោងនឹងបណ្តុះបណ្តាលអ្នកជំនាញបន្ថែម រួមនិងការសិក្សាពិសោធន៍ឲ្យស៊ីជម្រៅ។ ក៏មានដែរ សំណាកខ្លះត្រូវបានបញ្ជូនទៅពិសោធន៍នៅសហរដ្ឋអាមេរិក។ នេះជាការបញ្ជាក់របស់លោក Erice។
លោក អ៊ឹម សុខរិទ្ធី អនុប្រធាននាយកដ្ឋានអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងបន្ថែមថា រោងជាងស្លសំរិទ្ធនេះ ជាមានលក្ខណៈត្រឹមត្រូវជាងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានតែក្នុងតំបន់អង្គរតែប៉ុណ្ណោះ។ អ្នកជំនាញខាងស្រាវជ្រាវបុរាណវិទ្យារូបនេះបន្តថា ក្រោយពេលសិក្សាថ្មីៗនេះ បានរកឃើញថា ប្រពៃណីនេះ ត្រូវបានចម្លងទៅបន្ទាយលង្វែក ឧត្តុង និងរាជវាំងនៅរាជធានីភ្នំពេញជាដើម។ ត្រង់ចំណុចនេះ លោក សុខរិទ្ធីពន្យល់ថា បុព្វបុរសសម័យមុន តែងសង់រោងសិប្បកម្មនៅខាងជើងព្រះបរមរាជវាំង។ ភស្តុតាងនេះឯង ដែលលោក សុខរិទ្ធីអះអាងថា មរតកអរិយធម៌របស់អង្គរ មិនទាន់ស្លាប់ទាំងស្រុងនោះទេ។
គ្មានឡើយហេតុផល ដែលយកមកធ្វើអំណះអំណាងដែលស្តេចនៅសម័យមុន តែងសង់រោងសិប្បកម្មនៅខាងជើងរាជវាំង។ ប៉ុន្តែតាមការស្រាវជ្រាវ លោក សុខរិទ្ធី បានទាញភ្ជាប់នឹងជំនឿរបស់សាសនាព្រាហ្ម។ តាមការសិក្សានៅកន្លែងស្លដែក ដែលលោក សុខរិទ្ធីធ្លាប់ធ្វើកន្លងមក និងតាមជំនឿ គឺគេតែងដាក់រោងសិប្បកម្មនៅទិសឦសាន ឫទិសខាងជើង និងត្រូវដាក់ឲ្យឆ្ងាយពីប្រាសាទ និងកន្លែងមនុស្សរស់នៅ។
អ្វីដែលអាចបញ្ជាក់ថា រោងស្លសំរិទ្ធនាសម័យអង្គរមានគុណភាពប្រសើរ និងប្រើបច្ចេកទេសពិសេសជាងបណ្តាប្រទេសផ្សេងៗក្នុងតំបន់នោះ គឺរូបចម្លាក់ធ្វើពីសំរិទ្ធ ដែលបានធ្វើកំណាយឃើញនាពេលកន្លងមក។ លោក សុខរិទ្ធីបន្ថែមក្នុងបទបង្ហាញនៅកន្លែងកំណាយនៅថ្ងៃទី២៧ កក្កដាថា ៖« សំរិទ្ធគឺជាវិជ្ជាមួយមិនធម្មតា ដែលគេយកលោហៈផ្សេងៗមកផ្សំគ្នា។ ទាល់តែស្គាល់បច្ចេកទេស ស្គាល់សមភាពច្បាស់ ទាល់តែយើងចេះគីមីវិទ្យាច្បាស់ យើងចេះខាងរ៉ែច្បាស់ ទើបយើងអាចយកមកធ្វើបាន។ ហើយយើងមើលរូបចម្លាក់ដែលធ្វើពីសំរិទ្ធដែលតាំងនៅសារមន្ទីរ គឺវាមានគុណភាពខ្ពស់ជាងគេ បើប្រៀបនឹងអាស៊ីអាគ្នេយ៍ វាខ្ពង់ខ្ពស់ជាងគេ...»៕
គួរបញ្ជាក់ថា ការស្រាវជ្រាវនេះ ស្ថិតក្នុងគម្រោង «ព្រះរាជរោងសិតសំរិទ្ធក្នុងព្រះបរមរាជវាំងអង្គរធំ»។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រោងជាងស្លសំរិទ្ធ
សម័យអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម