កីឡាជាតិ
ជាតិ
កម្ពុជា​ដែលមាន​គ្នា​១០​នាក់​ឈ្នះ​សិង្ហ​បុរី ២-១ ជា​លើកដំបូង​ក្នុងរយៈពេល​៤៤ឆ្នាំ
28, Jul 2016 , 9:31 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែលមាន​គ្នា​ត្រឹម​១០​នាក់ បានទទួល​ជ័យជម្នះ ២-១ លើ​សិង្ហ​បុរី​ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ នា​ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចាន់ វឌ្ឍនាកា និង ទិ​ត្យ ឌីណា ជាអ្នកស​ម្រេច​ផល​សម្រាប់​កម្ពុជា មុនពេល ​ហុង ផេង ទទួលបាន​កាត​លឿង​ជា​លើក​ទី​ពីរ ខណៈ​ការប្រកួត​នៅសល់​១៥​នាទី​។​



​ការប្រកួត​ដែល​កំណត់ទុក​ត្រូវបាន​ពន្យា​ពេល​មួយ​ម៉ោង​ដោយសារ​ភ្លៀង​។ នៅ​នាទី​១៩ ចាន់ វឌ្ឍនាកា បាន​ស៊ុត​ហ្វ្រី​ឃី​ត​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ បញ្ចូល​ទី​នាំមុខ​សម្រាប់​កម្ពុជា​ដោយ​គ្រាប់​បាល់​កើតឡើង បន្ទាប់​ខ្សែការពារ​សិង្ហ​បុរី​ធ្វើ​ឲ្យ សុះ ស៊ូ​ហា​ណា ដួល​។ ៤​នាទី​ក្រោយមក ប្រធាន​ក្រុម​សិង្ហ​បុរី Khairul Armi បានតែ​តបាល់​បញ្ចូល​ទី​តាម​ស្មើ​សម្រាប់​ក្រុម​ភ្ញៀវ​។​

​មុនពេល​ដែល​លោក​អាជ្ញាកណ្តាល​វៀតណាម Hoang Anh Tuan ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​តង់​ទីមួយ ខ្សែបម្រើ ទិ​ត្យ ឌី​ណា បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ ២-១ សម្រាប់​កម្ពុជា​ក្នុង​នាទី​បន្ថែម ក្រោយ​ការបញ្ជូន​យ៉ាង​ល្អ​របស់ ចាន់ វឌ្ឍនាកា​។​

​កម្ពុជា បាន​បាត់បង់​សមាជិក​ម្នាក់​នៅ​នាទី​៧៥ ក្រោយ ហុង ផេង បានទទួល​កាត​លឿង​ជា​លើក​ទី​ពីរ ក្រោយ​រូបគេ​ទាក់​ជើង Shakir Hamzah ឲ្យ​ដួល​នៅក្បែរ​តំបន់​គ្រោះថ្នាក់​។ បន្ទាប់​គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon បាន​បន្ថែម​កម្លាំង​ការពារ​របស់ខ្លួន ដោយ​ដាក់ នេន សុធា​រត្ន​ន៍ ចូល​ជំនួស ហូ​យ ផល្លី​ន​។​

​នៅ​នាទី​៨៤ ចាន់ វឌ្ឍនាកា ត្រូវបាន​ផ្លាស់ប្តូរ​ចេញ ហើយ​ដាក់ជំនួស​ដោយ ប្រាក់ មុន្នី​ឧ​ត្ត​ម ដែលជា​កីឡាករ​ឆ្នើម​ម្នាក់ទៀត​។ សិង្ហបុរី ប្រឹងវាយបកយ៉ាងខ្លាំង ប៉ុន្តែ​លទ្ធផល ២-១ ត្រូវបាន​រក្សា​រហូត​ដល់​បញ្ចប់​ការ​ប្រកួត។​

​នេះ​ជា​ជំនួប Head to Head លើក​ទី​១៧​រវាង​ក្រុម​ទាំងពីរ​សម្រាប់​ការប្រកួត​ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)​។ នា​ជំនួប​១៦​លើក​កន្លងមក កម្ពុជា ធ្លាប់​ឈ្នះ​តែ​១​លើក​គត់ ជាមួយនឹង​លទ្ធផល ៣-០ កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​១៩៧២ នា​ព្រឹត្តិការណ៍​រំលឹក​ខួប​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី​។ ចុងក្រោយ កម្ពុជា​ចាញ់​សិង្ហ​បុរី​ទាំងពីរ​ជើង​នា​ការប្រកួត​ជម្រុះ World Cup។

ជម្រើស​១១​នាក់​ដំបូង​៖ ស៊ូ យ៉ា​ទី (​អ្នកចាំទី​), ហុង ផេង​, សឿ​យ វិសាល​, រស់ សំអឿន​, កែវ សុខ​ផេង (​សំអឿន ពិដោរ ៨៩), ចាន់ វឌ្ឍនាកា (​ប្រាក់ មុន្នី​ឧ​ត្ត​ម ៨៤), សុះ ស៊ូ​ហា​ណា (​ហូ​យ ផល្លី​ន ២៨, នេន សុធា​រ័ត្ន​៧៦), ទិ​ត្យ ឌី​ណា​, ច្រឹង ពលរដ្ឋ​, ឈិន ឈឿន​, សុខ សុវណ្ណ (​ប្រធាន​ក្រុម​)​។​

​កីឡាករ​បម្រុង​៖ លី វ៉ា​ហេ​ទ​, ឃួន ឡា​បូ​រ៉ាវី​, សារី ម៉ាត់​ណូ​រ៉ូ​ទីន​, សុក សំណាង​, រឿ​ម ចាន់​រឿន​, ស៊ុន វណ្ណ​ដេ​ត​, កែវ សុខ​សិលា​, អ៊ុំ សេរី​រ័ត្ន​, ប៊ិន ធា​រី​, រស់ គង់​សំរេច​។​



Tag:
 បាល់ទាត់
  ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com