ជាតិ
លោក កុល សែម ម្ចាស់​បទ «​ស្រី​ខ្មៅ​មាសបង​» ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​ក្នុង​វ័យ​៧២​ឆ្នាំ​
04, Aug 2016 , 12:36 pm        
រូបភាព
ដោយ: រួបរួម
«​មាន់រងាវ​ឮសូរ​ខ្វើ​យៗ ឱ​!​ខ្មៅ​បង​អើយ​ដណ្តាំបាយ​ឲ្យ​ប្តី​...»! នេះ​ជា​ទំនុកច្រៀង​ក្នុង​បទ  «​ស្រី​ខ្មៅ​មាសបង​» ដែល​គេ​និយម​ហៅ​តៗ​គ្នា​ថា​បទ «​មាន់រងាវ​»​។ បច្ចុប្បន្ន លោក កុល សែម ម្ចាស់​សំនៀង​ដើម​ដែល​បាន​ឆ្លើយឆ្លង​ជាមួយ​អ្នកស្រី រស់ សេរី​សុទ្ធា កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ការ​ញាំញី​ដោយសារ​ជំងឺ​ក្នុង​វ័យ​៧២​ឆ្នាំ​។​



​ចាប់តាំងពី​ចុងខែ​កក្កដា មក លោក កុល សែម អ្នកចម្រៀង​ដ៏​ល្បីល្បាញ​កាលពីមុន​សង្គ្រាម ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ (​ពេទ្យ​លោកសង្ឃ​) ដោយសារ​ជំងឺលើសឈាម និង​វ័យ​ចាស់ជរា​ដែល​ឈានដល់​៧២​ឆ្នាំ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សេង តារា អ្នកស្រាវជ្រាវ​ស្នាដៃ​សិល្បៈ​ខ្មែរ ដែល​បាន​ទៅសួរសុខទុក្ខ​ដោយផ្ទាល់​នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៦ ។​



​លោក កុល សែម ដែលមាន​ដើមកំណើត​នៅ​រាជធានី​ភ្នំពេញ បាន​សាង​ភាពលេច​ធ្លោរ​កាលពី​អំឡុង​ឆ្នាំ​១៩៦០ ជាមួយនឹង​បទ «​ស្រី​ខ្មៅ​មាសបង​» «​តា​វ៉ៅ​យំ​ឆ្លង​» ដែល​លោក​បកស្រាយ​ជាមួយ​អ្នកស្រី រស់ សេរី​សុទ្ធា រួមទាំង​បទ «​សត្វ​ចាប​យំ​ចេ​ប​» ជាដើម​។ បើតាម​សៀវភៅ «​នគរ​ស្រោបមាស​» ភាគ​៧  របស់លោក សេង តារា បទ​ចម្រៀង​ជាច្រើន​របស់លោក កុល សែម ត្រូវបាន​បំផ្លាញ និង​បាត់បង់​នៅ​សម័យ​ខ្មែរក្រហម​។​

​ប្រឡូក​ក្នុង​វិស័យ​តន្ត្រី​ចាប់តាំងពី​ចុងឆ្នាំ​១៩៥០​មក លោក កុល សែម ជា​មិត្ត​រួម​ជំនាន់​របស់​សិល្បករ តន្ត្រីករ និង​អ្នកចម្រៀង​ជាច្រើន ដូចជា​អ្នកស្រី ម៉ៅ សារ៉េត លោក សូ ផូ​ត្រា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កូឡាឆាត និង​ជាពិសេស​តន្ត្រីករ អ៊ុំ ដ​រ៉ា ដែល​បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​លោក​មាន​ការងារ​ធ្វើ​ក្រោយ​របប​ខ្មែរក្រហម​។​

​ស្ថិតនៅក្នុង​វ័យចាស់​ជរា និង​រួមរឹត​ទៅដោយ​ជំងឺ​ធ្ងន់ធ្ងរ លោក កុល សែម ដែលមាន​ជីវភាព​គ្រួសារ​មិនសូវ​ធូរធា​នោះ ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​។ ជាមួយគ្នានេះ លោក សេង តារា ដែល​បាន​ចងក្រង​ប្រវត្តិ​លោក កុល សែម និង​អតីត​អ្នកចម្រៀង​ផ្សេងទៀត​កាលពី​សម័យ​ដើម​នោះ បាន​អំពាវនាវ​សប្បុរសជន​ឲ្យ​ចូលរួម​បរិច្ចាគ​ដើម្បី​ជួយ​ដល់​សិល្បករ​ជើងចាស់​។​



​លោក សេង តារា បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «...​សូម​សប្បុរសជន​មេត្តាជួយ​បរិច្ចាក​ក្តី​សប្បុរសធម៌​ដល់​អ្នកចម្រៀង​ជើងចាស់​រូបនេះ​ផង ។ មានតែ​យើង​អ្នក​ស្រឡាញ់​សិល្បៈ​និង​ជា​ជន​សម​ញ្ញ​ទេ​ដែល​អាចជួយ​រៀមច្បង​បាន គឺ​មិនអាច​រំពឹង​ផ្កាយ​លើ​មេឃ​បានឡើយ ។ ជួយសង្គ្រោះ​ពួកគាត់​ផង​»​។​

​ការលើកឡើង​របស់រ​បស់ លោក សេង តារា អ្នកស្រាវជ្រាវ​សិល្បៈ បន្ទាប់ពី​លោក​បាន​មើលឃើញ​ការចាកចេញ​ជា​បន្តបន្ទាប់​របស់​សិល្ប​ករ​ខ្មែរ ក្នុងនោះ មាន​តារាភាពយន្ត អ្នកស្រី ភួង ផល្លី និង​លោក ហង្ស ផល្លី មធុ​រា (​តួ​សេ្ត​ច​អាប៉ោង​) ដែល​ទើបតែ​ទទួលមរណភាព​ក្នុង​វ័យ​៥២​ឆ្នាំ​។​

​សម្រាប់​សប្បុរសជន​ដែល​ចង់​ជួយ​រំលែក​ការចំណាយ​របស់​គ្រួសារ​លោក កុល សែម សូម​ទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ​លោក សេង តារា ០១២ ៣០៦ ៨៥៣ ៕


© រក្សាសិទ្ធិដោយ thmeythmey.com