ជាតិ
បទវិភាគ
​ផល​វិជ្ជមាន និង​អវិជ្ជមាន​លើ​កំណែទម្រង់​ការប្រលង​ស​ញ្ញាប​ត្រ​នៅ​កម្ពុជា​
14, Aug 2016 , 11:08 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ភូមិ​សិក្សា​របស់​កម្ពុជា​ចែកចេញជា​បី​កម្រិត គឺ​បឋមសិក្សា មធ្យមសិក្សា​(​បឋមភូមិ​និង​ទុតិយភូមិ​) និង​ឧ​ត្ត​មសិ​ក្សា​។ កម្រិត​បឋម មានការ​ប្រែប្រួល​រយៈពេល​សិក្សា​ពី​៤​ឆ្នាំ​ទៅដល់​៦​ឆ្នាំ​ចាប់ពី​ទសវត្ស​ឆ្នាំ​១៩៨០​ដល់​បច្ចុប្បន្ន​។ កម្រិត​មធ្យមសិក្សា មាន​រយៈពេល​៦​ឆ្នាំ (​បឋមភូមិ​៣​ឆ្នាំ និង​ទុតិយភូមិ​៣​ឆ្នាំ​)​។ កម្រិត​ឧ​ត្ត​មសិ​ក្សា មាន​រយៈពេល​៤​ឆ្នាំ ឬ​លើសពីនេះ​។ ការឆ្លង​ពី​កម្រិត​មួយ​ទៅ​កម្រិត​មួយ សុទ្ធតែ​ត្រូវ​ឆ្លងកាត់​ការប្រលង​ពីមួយ​ដង​ទៅ​ពីរដង​។ រហូតមកដល់​ពេលនេះ ដោយសារ​កំណែទម្រង់​លើ​វិស័យ​អប់រំ ការប្រលង​មួយចំនួន​ត្រូវបាន​លុបចោល និង​ការប្រលង​ខ្លះទៀត ត្រូវបាន​ប្ដូរ​ទម្រង់​។ តើ​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​អ្វីខ្លះ​ចំពោះ​កំណែ​ទ្រង់ ឬ​ការផ្លាស់ប្ដូរ​នេះ​?



​គួររម្លឹកថា​ក្នុង​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ​១៩៨០ ការឆ្លង​ពី​កម្រិត​បឋម​ទៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​ត្រូវ​ឆ្លងកាត់​ការប្រលង​មួយ​។ ឯ​ការឆ្លង​ពី​មធ្យមសិក្សា​បឋមភូមិ​ទៅ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវ​ឆ្លងកាត់​ការប្រលង​មួយដង​ឬ​ពីរដង​។ មុន​ឆ្នាំ​១៩៨៧ ការឆ្លងកាត់​កម្រិតសិក្សា​នេះ ត្រូវ​ប្រលង​ពីរដង លើកទីមួយ គឺ​ការប្រលង​សញ្ញាបត្រ និង​លើក​ទី​ពីរ​អ្នក​ដែល​ជាប់​សញ្ញាបត្រ​ហើយ មាន​សិទ្ធិ​ប្រលង​យក​កៅអី ឬ​ប្រលង​ចូលរៀន​មធ្យមសិក្សា​ទុតិយភូមិ​។ ក្រោយមក ការប្រលង​នេះ​ធ្វើឡើង​តែមួយ​លើក​ទេ ដោយ​ជ្រើស​រើសយក​អ្នក​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ត្រឹម​កម្រិត​កំណត់​មួយ​ឱ្យ​ចូលរៀន​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ​។ ឯ​ការឆ្លង​ពី​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ទៅ​ឧ​ត្ត​មសិ​ក្សា ក៏ត្រូវ​ឆ្លងកាត់​ការប្រលង​មួយ​ដែរ​។

​ជាទូទៅ សិស្សានុសិស្ស​ដែល​បាន​ប្រលង​ជាប់​កម្រិត​នីមួយៗ​ក្នុងពេលនោះ ត្រូវបាន​គេ​វាយតម្លៃថា មានចំណេះដឹង ឬ​សមត្ថភាព​ស័ក្ដិសម​នឹង​កម្រិត​របស់ខ្លួន​។ ឯ​សីលធម៌​រស់នៅ​របស់​ពួកគេ​ភាគច្រើន​ក៏​ល្អប្រសើរ​ដែរ​។ លទ្ធផល​ល្អប្រសើរ​ពេលនោះ ត្រូវបាន​គេ​វាយតម្លៃថា គឺ​បានមកពី​ការប្រឹងប្រែង​រួមគ្នា​ទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថាប័ន​ពាក់ព័ន្ធ គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល ជាពិសេស គឺ​ការប្រឹងប្រែង​ផ្ទាល់ខ្លួន​របស់​សិស្សានុសិស្ស និង​ដោយមាន​ការរៀប​ចំការ​ប្រលង​ចម្រាញ់​យកគុណ​ភាពជា​ច្រើន​ដំណាក់កាល​។ ក្រៅពីនេះ បរិបទ​សង្គម​ពេលនោះ ក៏ត្រូវ​បាន​គេ​មើលឃើញថា មាន​អំណោយផល​ល្អ​សម្រាប់​ការរៀន​និង​ការបង្រៀន​ផងដែរ បើទោះបីជា​ពេលនោះ សមត្ថភាព​របស់​គ្រូបង្រៀន​នៅមានកម្រិត កម្មវិធីសិក្សា​មិនទាន់​សម្បូរបែប សៀវភៅ​គោល​មិនទាន់មាន​ជម្រើស​ច្រើន និង​ប្រភព​ឯកសារ​សម្រាប់​ការស្រាវជ្រាវ​ក៏​មិនទាន់មាន​ច្រើនយ៉ាង​ណាក៏ដោយ​។​

​ទន្ទឹមនឹងនោះ ជា​បណ្ដើរ ចាប់ពី​ចុង​ទសវត្ស​ឆ្នាំ​១៩៨០ ឬ​ដើម​ទសវត្ស​ឆ្នាំ​១៩៩០​មក គុណភាព​អប់រំ​ក៏​ចាប់ផ្ដើម​ធ្លាក់ចុះ​បន្តិច​ម្ដងៗ ដោយសារ​តែមាន​ភាពមិន​ប្រក្រតី​បាន​កើតមានឡើង​ក្នុង​វិស័យ​អប់រំ​របស់​កម្ពុជា​។ សាក្សី​ដែល​បាន​ចងចាំ​នូវ​បាតុភូត​អាក្រក់​ទាំងនោះ​បានបញ្ជាក់​ថា ពេល​ប្រលង​ម្ដងៗ គេ​បាន​សង្កេតឃើញ​ឪពុកម្ដាយ បងប្អូន សាច់ញាតិ ឬ​មិត្តភក្ដិ​របស់​បេក្ខជន តែងតែ​ទៅ​បោះ​«​ប្រូ​យ៉ុង​»​នៅតាម​មណ្ឌល​ប្រលង​នីមួយៗ​។ ជាទូទៅ គេ​មើលឃើញថា សកម្មភាព​របស់​អ្នក​ទៅ​បោះ​ប្រូ​យ៉ុង​ខាងក្រៅ​បន្ទប់ ឬ​មណ្ឌល​ប្រលង មាន​ភាព​សកម្ម​ជាង​បេក្ខជន​នៅក្នុង​បន្ទប់​ទៅទៀត ពីព្រោះ​បេក្ខជន​ខ្លះ​ដែល​មិនចេះ​មេរៀន បាន​ត្រឹម​អង្គុយ​បៀម​ប៊ិច​រង់ចាំ​ត្រែ​ប្រូ​យ៉ុង​ពី​ខាងក្រៅ​តែប៉ុណ្ណោះ​។​

​ជាការ​ឆ្លើយតប​ទៅនឹង​ភាពអនាធិបតេយ្យ​នេះ ស្ថាប័ន​ពាក់ព័ន្ធ​បាន​បង្កើន​ការ​រឹតបន្តឹង​លើ​ការប្រលង​នានា និង​បង្កើន​ការទប់ស្កាត់​លើ​ចរន្ត​បោះ​ប្រូ​យ៉ុង​ក្នុងពេល​ប្រលង រហូតដល់​ដាក់ពង្រាយ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​នៅតាម​មណ្ឌល​ប្រលង​នានា​ទៀង​ផង​។​

​វិធានការ​ទប់ស្កាត់​នេះ ហាក់ដូចជា​បាន​កាត់បន្ថយ​យ៉ាងច្រើន​ចំពោះ​សកម្មភាព​បោះ​ប្រូ​យ៉ុង​ពី​ខាងក្រៅ​បន្ទប់​ប្រលង ប៉ុន្តែ  ទន្ទឹមនឹងនេះ​វា​លេចឡើង​នូវ​ភាពមិនប្រក្រតី​ក្នុង​បន្ទប់​ប្រលង​ទៅវិញ ពោលគឺ មាន​អនុរក្ស​ខ្លះ​បាន​អនុញ្ញាតឱ្យ​បេក្ខជន​លួច​មើល​ប្រូ​យ៉ុង ឬ​ស្មា​ត​ហ្វូ​ន​(​ទូរ​សព្ទ​ទំនើប​) និង​ប្រើ​កាស្យូ​(​ម៉ាស៊ីន​គិត​លេខ​) ដែល​ពួកគេ​បាន​លួច​យក​ចូលក្នុង​បន្ទប់​ប្រលង ឬ​បង្ហើប​ប្រាប់​ចម្លើយ​ដល់​បេក្ខជន ជា​ថ្នូ​នឹង​ប្រាក់​មួយចំនួន​ដែល​បេក្ខជន​បាន​ប្រមូល​ឱ្យ​អនុរក្ស ជាដើម​។ លើសពីនេះ​ទៀត ក៏បាន​លេច​ឮថា មានការ​សូកប៉ាន់​ដោយ​សម្ងាត់​ចំពោះ​គណៈកម្មការ​កំណែ ឬ​បុគ្គល​មានអំណាច​ណាមួយ​ក្នុង​កិច្ច​ប្រលង​នោះ ដើម្បី​បាន​ជាប់​សញ្ញាបត្រ​ក្នុង​កម្រិត​នីមួយៗ ជាដើម​។ ករណីខ្លះ ក៏មាន​លេច​ឮថា មាន​អ្នកស៊ីឈ្នួល​ប្រលង​ជំនួស​ដែរ​នៅពេលនោះ​។ សូម្បីតែ​ក្នុង​អាណត្តិ​របស់លោក​រដ្ឋមន្ត្រី​អប់រំ​បច្ចុប្បន្ន ការប្រលង​ជំនួស​នេះ​ក៏​ធ្លាប់​កើតមាន​ដែរ​។ 

​ម្យ៉ាងទៀត ពេល​ប្រលង​ចូលរៀន​នៅ​មហាវិទ្យាល័យ​នានា ជាពិសេស ចំពោះ​មហាវិទ្យាល័យ​ត្រូវប៉ាន់ ដូចជា ពេទ្យ សេដ្ឋកិច្ច ច្បាប់ គយ ពន្ធដារ ជាដើម ត្រូវបាន​គេ​និយាយថា មានការ​សូកប៉ាន់ ឬ​មាន​អន្តរាគមន៍​ពី​អ្នកធំ (​ត្រា​ជ្រុង ឬ​ត្រា​មូល​) ដើម្បីឱ្យ​កូន​របស់​ពួកគេ​បាន​ចូលរៀន​នៅ​មហាវិទ្យាល័យ​ទាំងនោះ​។ សូម្បីតែ​ការប្រលង​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ឬ​ការប្រលង​ចូល​បម្រើ​ការងារ​តាម​ស្ថាប័ន​នានា ក៏ត្រូវ​បាន​គេ​ចោទថា មាន​អំពើពុករលួយ​ផងដែរ​។

​ស្ថានការណ៍​ពុករលួយ​ក្នុង​វិស័យ​អប់រំ ជាពិសេស ទាក់ទង​នឹង​ការប្រលង​នានា បាន​ប្រែប្រួល​ម្ដង​ល្អ ម្ដង​អាក្រក់ អាស្រ័យ​លើ​ការដឹកនាំ​របស់​រដ្ឋមន្ត្រី​និង​ថ្នាក់ដឹកនាំ​របស់​ក្រសួង​នេះ​។ រហូតមកដល់​ឆ្នាំ​២០១២ ស្ថានភាព​នោះ​ហាក់ដូចជា​កាន់តែ​ធ្ងន់​ទៅៗ រហូតដល់​អ្នកខ្លះ អះអាងថា ការប្រលង គឺជា​ការចម្លង ហើយ​សិស្ស​ដែល​បាន​ប្រលង​ជាប់​ភាគច្រើន​ក៏​មិនសូវមាន​សមត្ថភាព​ដែរ ដែល​ធ្វើឱ្យ​ពួកគេ​បន្ត​មក​ខ្សោយ​នៅ​មហាវិទ្យាល័យ និង​ខ្សោយ​នៅពេល​រៀន​ចប់​ចេញទៅ​ធ្វើការ​ទៀត​។ ចាប់ពី​ឆ្នាំ​២០១៣​មក ពេលដែល​ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន ដែលមាន​ជំនាញ​ខាង​សេដ្ឋកិច្ច បាន​ឡើង​ធ្វើជា​រដ្ឋមន្ត្រី​អប់រំ​ភ្លាម ការ​រឹតបន្តឹង​លើ​ការប្រលង​បាក់​ឌុប​ជា​លើកដំបូង​ក៏ត្រូវ​បានធ្វើ​ឡើង​នៅពេល​នោះដែរ ដែល​ធ្វើឱ្យ​បេក្ខជន​ដែល​ធ្លាប់តែ​លួច​ចម្លង​នោះ ស្ទើរតែ​គ្មាន​ឱកាស​ចម្លង ហើយ​ពួកគេ​បាន​ធា្ល​ក់​ពី​៧៥​ទៅ​៨៥%​ក្នុងការ​ប្រលង​បាក់​ឌុប​នោះ​។ ក្នុង​ខណៈនោះ ដោយ​ទំនងជា​មានការ​សម្របសម្រួល​ពី​រដ្ឋាភិបាល ក៏​សម្រេច​ឱ្យមាន​ការប្រលង​បាក់​ឌុប​ជា​លើក​ទី​២ ដែលជា​ព្រឹត្តិការណ៍​មិន​ធ្លាប់មាន​សោះ​ពីមុនមក  និង​បើទោះបីជា​គ្មាន​ការកំណត់​ក្នុង​ផែនការ គោលនយោបាយ​អប់រំ និង​ច្បាប់​អប់រំ​ក៏ដោយ​។​
    
​ក្នុង​គោ​ជំហរ​កំណែ​ទ្រង់​របស់ខ្លួន ដែល​គេ​មើលឃើញថា​ហាក់ដូចជា​ផ្អែក​ខ្លាំង​ទៅលើ​ការ​សន្សំ​ថវិការ​ជាតិ ក្រសួង​អប់រំ យុវជន និង​កីឡា បានផ្ដល់​សិទ្ធិ​ឱ្យ​សាលារៀន​នីមួយៗ​រៀបចំ​ការប្រលង​សញ្ញា​ប​ត្រ​មធ្យម​បឋមភូមិ​ដោយ​ខ្លួនឯង ដោយ​គ្រូ​នៅក្នុង​សាលា​នោះ​ជា​អ្នកចេញ​វិញ្ញាសា ជា​អនុរក្ស និង​ជា​គណៈ​កម្ម​កំណែ​។ ឯ​សន្លឹក​កិច្ចការ​ប្រលង​វិញ គឺជា​សន្លឹក​សៀវភៅ​ដែល​បេក្ខជន​រៀន​ចំ​ខ្លួនឯង​ពី​ផ្ទះ ដោយ​មិនមាន​ការរៀប​ចំក្បាល​ក្រដាស​សម្រាប់​ការ​កាត់​ដូច​សន្លឹក​កិច្ច​ការប្រលង ដែល​ក្រសួង​ធ្លាប់​បោះពុម្ព​ក្នុង​រយៈពេល​កន្លង​នោះទេ​។ ការធ្វើ​បែបនេះ ត្រូវបាន​គេ​មើលឃើញថា វា​អាច​ផ្ដល់ឱកាស​ច្រើន​ចំពោះ​អ្នក​ដែល​ចង់​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​កិច្ច​ការប្រលង​។ លើសពីនេះ​ទៀត ភាពអនាធិបតេយ្យ​ក្នុងការ​ប្រលង​ឌី​ប្លូ​ម​នេះ ដូចជា មាន​អនុរក្ស​ខ្លះ​បាន​អនុញ្ញាតឱ្យ​បេក្ខជន​លួច​មើល​ប្រូ​យ៉ុង ឬ​ទូរ​សព្ទ​ទំនើប ម៉ាស៊ីន​គិត​លេខ​ក្នុង​បន្ទប់​ប្រលង ជា​ថ្នូរ​នឹង​ប្រាក់​មួយចំនួន​ដែល​បេក្ខជន​បាន​ប្រមូល​ឱ្យ​អនុរក្ស ជាដើម​នោះ ក៏​នៅតែ​បន្ត​កើតមាន​នៅក្នុង​បន្ទប់​ប្រលង​នៃ​មណ្ឌល​ប្រលង​មួយចំនួន​ដែរ ក្នុងការ​ប្រលង​ឌី​ប្លូ​ម​ឆ្នាំ​២០១៦​នេះ​។​

​ការទម្លាក់​លក្ខខណ្ឌ​នៃ​ការប្រលង​ឌី​ប្លូ​ម​ឱ្យមាន​ភាព​ធូរ​រ​លុ​ជាង​មុន បន្ថែម​លើ​ការលុបចោល​ការប្រលង​វិញ្ញាបនបត្រ​បឋមសិក្សា​ដែល​គេ​បានធ្វើ​កន្លងមក​នោះ ត្រូវបាន​គេ​មើលឃើញថា ហាក់ដូចជា​ការប្រលង​ឌី​ប្លូ​ម​គឺជា​ការប្រលង​បង្គ្រប់កិច្ច ដែល​គេ​សង្ស័យថា ក្រៅពី​ហេតុផល​សេដ្ឋកិច្ច ប្រហែលជា​ក្រសួង​អប់រំ​មិន​ចង់ឱ្យមាន​សិស្ស​ធ្លាក់​ច្រើន ដែលជា​ហេតុនាំឱ្យ​ពួកគេ​បោះបង់​ការសិក្សា​ចោល​ក៏​ច្រើន​ដែរ​។ កត្តា​នេះ​ក៏​អាចធ្វើឱ្យ​រដ្ឋាភិបាល​មិនអាច​បំពេញ​កាតព្វកិច្ច​របស់ខ្លួន ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ​និង​ច្បាប់​អប់រំ ដែល​ចង់​លើកកម្ពស់​ការអបរំ និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ត្រូវតែ​ទទួលបាន​ការអប់រំ​យ៉ាងតិច​៩​ឆ្នាំ​។ លើសពីនេះ​ទៀត ប្រហែលជា​ក្រសួង​អប់រំ​ចង់យក​គំរូ​របស់​ប្រទេស​ណាមួយ​មក​អនុត្ត​នៅ​កម្ពុជា ដែល​អាច​ឈានទៅ​លុបចោល​ការប្រលង​ឌី​ប្លូ​ម​នៅពេល​ខាងមុខ​។​

 ការធ្វើ​បែបនេះ ត្រូវបាន​មតិ​មួយចំនួន​រិះគន់ថា មិនអាច​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​បានទេ ផ្ទុយទៅវិញ វា​បានរួម​ចំណែក​ទាញ​ទម្លាក់​គុណភាព​អប់រំ​ដែល​ក្រសួង​អប់រំ​កំពុងតែ​ចង់​លើកកម្ពស់ តាមរយៈ​ការ​ការ​រឹតបន្តឹង​ការប្រលង​បាក់​ឌុប​នេះ​វិញ​ទេ​។ ពីព្រោះ សិស្ស​ដែល​រៀន​ខ្សោយ​ហើយ​បាន​ជាប់​ឌី​ប្លូ​ម ពួកគេ​នឹង​បន្តម​ករៀន​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ទៀត ដែល​ធ្វើឱ្យ​ភាពកម្សោយ​នេះ​វា​នឹង​បន្ត​មាននៅ​ក្នុង​កម្រិត​បាក់​ឌុប​និង​បរិញ្ញាបត្រ​ទៀត​។ តាមពិតទៅ មូលហេតុ​នៃ​ការបោះបង់​ការសិក្សា​រប​ស់​សិស្ស​តាំងពី​កម្រិត​បឋម​ដល់​មធ្យម មិនមែន​មក​តែ​ពី​ការប្រលង​ធ្លាក់​មួយ​មុខ​នោះទេ​។ តាមពិត វា​នៅមាន​មូលហេតុ​ច្រើន​ទៀត ដូចជា គ្មាន​ការលើកទឹកចិត្ត ការពន្យល់ និង​ការបង្ហាញឱ្យឃើញ​ពី​សារសំខាន់​នៃ​ការសិក្សា​ដល់​សិស្ស​និង​អាណាព្យាបាល​, កត្តា​ជីវភាព​ក្រីក្រ​ពេក​, ការអូសទាញ​ពី​សង្គមងងឹត​និង​បរិយាកាស​អាប់អួរ​រប​ស់​សង្គម ដូចជា គ្រៀង​ញៀន គ្រឿង​ស្រវឹង ហ្គេម​(​ល្បែង​) ល្បែងស៊ីសង អ៊ី​ន​ធើ​ណេ​ត សម្ភារៈ​ទំនើប និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​។​

​ហេតុនេះ បើទោះបីជា​ក្រសួង​អប់រំ​បាន​លុបចោល​ការប្រលង​ទាំងអស់​ក្នុង​កម្រិត​បឋម​និង​មធ្យមសិក្សា​បឋមភូមិ ឬ​លប់ចោល​ទាំង​ការប្រលង​បាក់​ឌុប​ក៏ដោយ ក៏​ការបោះបង់​ការសិក្សា​នៅតែ​កើតមានឡើង​ដែរ ប្រសិនបើ​សង្គម​របស់​យើង​មិនបាន​ដោះស្រាយ​បញ្ហា​មូលដ្ឋាន​នានា​ដូច​បានលើកឡើង​ខាងលើនេះ​។

​ជាការ​រួមចំណែក​ក្នុង​ដំណោះស្រាយ​បញ្ហា​ការបោះបង់​កា​សិក្សា ការពង្រឹង​គុណភាព​អប់រំ និង​ការកាត់បន្ថយ​ឬ​លុបបំបាត់​អំពើអាក្រក់​ក្នុងសង្គម​ក្នុងពេល​ជាមួយគ្នា សង្គម​ខ្មែរ​ទាំងមូល​ត្រូវ​ដោះស្រាយ​បញ្ហា​ជា​កញ្ចប់ ដូចជា​៖

១)​ការពន្យល់​និង​ការបង្ហាញ​ឱ្យឃើញថា​ការសិក្សា​ឬ​អ្នក​ដែលមាន​ចំណេះដឹង​ពិតជា​បានទទួល​ផលប្រយោជន៍​និង​វាសនា​ល្អ​ជាង​អ្នក​ដែល​គ្មាន​ចំណេះដឹង​

២) កាត់បន្ថយ​ភាពក្រីក្រ​

៣) លុបបំបាត់ ឬ​កាត់បន្ថយ​ឥទ្ធិពល​នៃ​ការអូសទាញ​ពី​សង្គមងងឹត ឬ​បរិយាកាស​អាប់អួរ​រប​ស់​សង្គម​ដូច​បាន​រៀបរាប់​ខាងលើ​

៤) ត្រូវ​បង្កើន​សាលា​វិជ្ជាជីវៈ​ដើម្បី​ផ្ដល់ឱកាស​ដល់​យុវជន​ដែល​មិនមាន​សមត្ថភាព លទ្ធភាព ឬ​មិនមាន​ឆន្ទៈ​ចង់​រៀន​មកដល់​កម្រិត​ខ្ពស់ ព្រមទាំង​បង្កើន​ការអប់រំ​សីលធម៌​គ្រប់​ភូមិ​សិក្សា​ដើម្បីឱ្យ​យុវជន​ក្លាយទៅជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ និង​មនុស្ស​ល្អ​

៥) បង្កើន​គុណភាព​នៃ​ការបង្រៀន​តាមរយៈ​កា​រលើ​កម្ពស់​ជីវភាព សមត្ថភាព មនសិការ និង​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូបង្រៀន និង​ព្រម​ជាមួយនេះ ការគោរព​ច្បាប់ ទស្សនវិជ្ជា​អប់រំ វិទ្យាសាស្ត្រ​អប់រំ កម្មវិធីសិក្សា សៀវភៅ​គោល សម្ភារៈ​ឧបទេស ការគ្រប់គ្រង​ការអប់រំ ជាដើម ក៏ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​ដែរ​។ លើសពីនេះ​ទៀត ការប្រលង​វាយតម្លៃ​តាម​កម្រិត​នានា ក៏​មិនគួរ​លុបចោល ឬ​បន្ថយ​លក្ខខណ្ឌ​ឱ្យមាន​ភាព​ធូរ​លុង​នោះដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com