អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានរកឃើញថា ជនអន្តោប្រវេសន៍ចំនួន ២៥ សញ្ជាតិ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប ១៦០ ៨៧២ នាក់ ស្មើនឹង ៤៦,៥១៦ គ្រួសារ ដោយក្នុងនោះមានជនជាតិតិវៀតណាម ៩៩.៤៩ ភាគរយ។
ចំនួនជនជាតិវៀតណាម ៩៩.៤៩ ភាគរយ ឬស្មើនឹងប្រមាណ ១៦០,០០០ នាក់នៃចំនួនជនអន្តោប្រវេសន៍ទាំងអស់ ១៦០ ៨៧២ នាក់ដែលបានរកឃើញនេះ គឺជាស្ថិតិនៃការជំរឿនជនអន្តោប្រវេសន៍នៅកម្ពុជាទូទាំងរាជធានី ខេត្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងរយៈពេលជាងមួយឆ្នាំកន្លះមកនេះ។ ហើយលទ្ធផលជំរឿនជនអន្តោប្រវេសន៍ដែលធ្វើឡើងចាប់ពីខែមីនា ឆ្នាំ ២០១៥ ដល់ខែសីហា ឆ្នាំ ២០១៦ នេះ ប្រកាសឲ្យដឹងដោយ លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបជំហានដំបូង ស្តីពី ការអនុវត្តបន្តការងារគ្រប់គ្រងជនអន្តោប្រវេសន៍ក្នុងប្រទេសកម្ពុជា នៅក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃសុក្រនេះ។
ទិន្នន័យនៃចំនួនជនអន្តោប្រវេសន៍ខាងលើនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងនៅក្នុងរបាយការណ៍ថា ក្រុមការងាររបស់ខ្លួនបានចុះស្រង់ស្ថិតិ និងជំរឿនបានតែជាង ៨៥ ភាគរយប៉ុណ្ណោះ ពីព្រោះតែមានជនអន្តោប្រវេសន៍ខ្លះគេចវេសមិនមកស្រង់ស្ថិតិឡើងវិញ ហើយអ្នកមួយចំនួនទៀតធ្វើដំណើរទៅមកដើម្បីរកស៊ីនៅក្រៅប្រទេស ជាពិសេសទៅប្រទេសវៀតណាម។
លោកនាយឧត្តមសេនីយ៍ សុខ ផល ដែលជាអ្នកអានរបាយការណ៍អន្តោប្រវេសន៍នោះ បានបញ្ជាក់ថា ជនអន្តោប្រវេសន៍ដែលរស់នៅច្រើនជាងគេនៅរាជធានីភ្នំពេញ មានចំនួន ១៦,៨៦០ គ្រួសារ មានមនុស្សចំនួន ៥៤,៨០១ នាក់, នៅខេត្តកណ្តាលមានចំនួន ៦,៩៦៨ គ្រួសារមានមនុស្ស ២៦,៧២៤ នាក់, នៅខេត្តកំពង់ឆ្នាំមានចំនួន ៤,៦៧២ គ្រួសារ មានមនុស្ស ២០,៣៤១ នាក់ ខេត្តព្រៃវែងចំនួន ៤,៣៥៧ គ្រួសារ មានមនុស្ស ១៦,៣២៣ នាក់។ ចំណែកខេត្តចំនួន ២១ ទៀត មានចំនួនជនអន្តោប្រវេសន៍ត្រឹមតែខ្ទង់រយគ្រួសារប៉ុណ្ណោះ។
សូមរម្លឹកថា លទ្ធផលជំរឿនជនអន្តោប្រវេសន៍ កាលពីឆ្នាំ ២០០២ មានចំនូន ១៩,៤៣៧ គ្រួសារ ដោយមានមនុស្សចំនួន ៧០,០១២ នាក់។ នៅឆ្នាំ ២០១០ មានជនអន្តោប្រវេសន៍ចំនួន ២១,៧១៣ គ្រួសារ ស្មើនឹងមនុស្សចំនួន ១០០,០០០ នាក់៕