ជាតិ
សេដ្ឋកិច្ច
សាលាបង្រៀន​ជំនាញ​ឧស្សាហកម្ម​កាត់ដេរ​លើក​ដំបូង​នៅ​កម្ពុជា នឹង​សម្ពោធ​នៅ​ដើមឆ្នាំ​២០១៧
22, Aug 2016 , 7:07 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ នៅ​ដើមឆ្នាំ​២០១៧ ខាងមុខនេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) នឹង​បើក​ឲ្យ​ដំណើរការ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ជំនាញ​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​ខ្លួន ដែល​នឹង​អាច​ឲ្យ​ធនធានមនុស្ស​កម្ពុជា ជំនួស​អ្នកជំនាញ​ពី​បរទេស​ក្នុង​វិស័យ​មួយ​នេះ​។ នេះ​បើតាម​មន្ត្រី GMAC ។



​លោក លី តេ​ក​ហេង ប្រធាន​ប្រតិបត្តិ GMAC ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​កម្ចី​ចំនួន​ជាង ៣​លាន​ដុល្លារ ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD) សមាគម GMAC នឹងដាក់​ឲ្យ​ដំណើរការ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ជំនាញ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា (CGTI) នៅ​ដើមឆ្នាំ​២០១៧ ខាងមុខនេះ​។ លោក​បញ្ជាក់ថា CGTI នឹង​បើក​បណ្ដុះបណ្ដាល​លើ​ជំនាញ ដូចជា គ្រប់​គ្រង់​ផលិតកម្ម​, ត្រួតពិនិត្យ​គុណភាព និង​ការច្នៃ​ម៉ូដ​ជាដើម​។

​ប្រធាន​ប្រតិបត្តិ GMAC រូបនេះ អះអាងថា  CGTI ដែលជា​សាលាបង្រៀន​លើ​ជំនាញ​ឧស្សាហកម្ម​កាត់ដេរ​ជា​លើកដំបូង​នៅ​កម្ពុជា​នេះ នឹង​ផ្ដល់ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទទួលបាន​ជំនាញ​ពិតប្រាកដ អាច​ជំនួស​អ្នកជំនាញ​ពី​ក្រៅប្រទេស​បាន​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​នេះ​ជា​ឱកាស​សម្រាប់​កូន​ខ្មែរ អាច​កាន់​ការងារ​គ្រប់គ្រង​ចង្វាក់​ផលិតកម្ម ហើយ​បំណង​របស់​យើង​ឲ្យ​ខ្មែរ​ទទួលបាន​ជំនាញ​ច្បាស់លាស់ ដើម្បី​មាន​ប្រាក់ខែ​ខ្ពស់ និង​ជំនួស​ជនបរទេស​»​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ពិព័រណ៍​គ្រឿងយន្ត​ឧស្សាហកម្ម​នៅ​កម្ពុជា នៅ​ថ្ងៃទី​២២​ខែសីហា លោក លី តេ​ក​ហេង ថា CGTI នឹង​បើកទទួល​បង្រៀន​ទាំង​អ្នកធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​ស្រាប់ និង​សិស្ស​និស្សិត ដែល​ចង់​ទទួលបាន​ជំនាញ​ច្បាស់លាស់​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​។

លោក លី តេ​ក​ហេង ឲ្យ​ដឹង​ទៀតថា GMAC កំពុងធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ស្វែងរក​លទ្ធភាព​ឲ្យ​អ្នក​ដែល​ខ្វះខាត​ថវិកា អាច​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ទាំងនេះ​។
​បើតាម​មន្ត្រី​បច្ចេកទេស​របស់ GMAC វគ្គ​បណ្ដុះបណ្ដាល នឹងត្រូវ​ចែកចេញជា​ពីរ​វគ្គ​។ សម្រាប់​វគ្គ​បណ្ដុះ​ណ្ដា​ល​រយៈពេល​វែង ត្រូវ​ចំណាយពេល​ពី ៦​ខែ​ទៅ​១​ឆ្នាំ ដែល​គ្រោង​ទទួល​ចុះឈ្មោះ​ចំនួន ២៤០​នាក់ ក្នុងអំឡុងពេល​១៨​ខែ​ដំបូង​។ រីឯ​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី CGTI គ្រោង​បើកឱកាស​សម្រាប់​មនុស្ស ១៦០០​នាក់ ក្នុងអំឡុងពេល​៣​ឆ្នាំ​ដំបូង ដែល​ក្នុង​មួយ​វគ្គ​ត្រូវ​ចំណាយពេល​ពី​១​ខែ​ទៅ​៣​ខែ​។​

ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​របស់​កម្ពុជា កំពុងផ្ដល់​ការងារ​សម្រាប់​ពលរដ្ឋ​ប្រមាណ ៧០​ម៉ឺន​នាក់​។ តែបើ​តាម​អ្នកជំនាញ​ក្នុង​វិស័យនេះ មុខតំណែង​សំខាន់ៗ ដូចជា​អ្នកគ្រប់គ្រង​ផលិតកម្ម អ្នកត្រួតពិនិត្យ​គុណភាព​ជាដើម ត្រូវបាន​ថៅកែ​រោងចក្រ​ជួល​អ្នកជំនាញ​ពី​ក្រៅប្រទេស​ក្នុង​មួយចំនួនធំ​៕




Tag:
 លី តេ​ក​ហេង​
  GMAC
  CGTI
© រក្សាសិទ្ធិដោយ thmeythmey.com