English-Français
ពិសា​កាហ្វេ​ជាមួយគ្នា ផលិត​សៀវភៅ​បាន​មួយ​ក្បាល (Coffee makes a book)
23, Aug 2016 , 10:33 am        
រូបភាព
​ភ្នំពេញ​៖ ជំនួប​តុ​កាហ្វេ​រវាង ដុក​ទ័​រ ម៉េង​លី និង​ខ្ញុំ (Dr. Mengly, coffee and Me, healthy conversation) គឺជា​ចំណងជើង​សៀវភៅ​របស់លោក Drarmendra Singh Kshetrimayum ដែល​និយាយ​ពី​រឿងរ៉ាវ​របស់លោក គួច ម៉េង​លី​។ លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី គឺជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ម៉េង​លី​ជេ​.​គួច អេ​ឌ្យូ​ខេ​សិន​។ លោក Drarmendra Singh Kshetrimayum គឺជា​ជនជាតិ​ឥណ្ឌា មាន​អាយុ​៣២​ឆ្នាំ មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០១១ ហើយ​ជំនាញ​របស់លោក គឺ​អប់រំ​។



​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី និង​លោក Drarmendra Singh Kshetrimayum បាន​ជួបគ្នា​ដោយសារ​លោក Drarmendra Singh Kshetrimayum ទទួលបាន​ការងារ​ធ្វើ​នៅក្នុង​សាលារៀន និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង AIS និង​Aii​។ មិនមែន​រឿង​ទំនាក់​ក្នុង​ការងារ​ប៉ុន្មាន​ទេ​ដែល​ជំរុញ​ឲ្យ​លោក Drarmendra Singh Kshetrimayum សរសេរ​សៀវភៅ​ពី​លោក គួច ម៉េង​លី នោះ​។ តាមពិត បុគ្គល​ទាំងពីរ​នាក់​ចូលចិត្ត​ពិសារ​កាហ្វេ​ដូចគ្នា ហើយ​ចូលចិត្ត​ជជែក​គ្នា​រឿង​សង្គម និង​រឿងរ៉ាវ​ផ្សេងៗ​ជាមួយគ្នា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្វីដែល​ជំរុញ​ឲ្យ​លោក Drarmendra Singh Kshetrimayum សរសេរ​នោះ គឺ​ដោយសារ​លោក​ចាប់អារម្មណ៍​រឿងរ៉ាវ​របស់លោក ម៉េង​លី ជាពិសេស​។

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ជា​ភាសា​អង់គ្លេស​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី និង​លោក Drarmendra Singh Kshetrimayum ដូចតទៅ​៖​




​ការ​ពិសា​កាហ្វេ​ជា​ញឹកញាប់​ជាមួយគ្នា​ធ្វើ​ឲ្យ​លោក Drarmendra Singh Kshetrimayum មានគំនិត​ចង់​សេរ​សេរ​សៀវភៅ​ពី​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី​។ សៀវភៅ​នេះ​និយាយ​ពី​ជីវិត​អ​តី​កាល​ខ្លះ​, ពី​ទស្សនវិស័យ​ខ្លះ​របស់លោក គួច ម៉េង​លី​, ពី​មនោគមន៍វិជ្ជា​របស់លោក គួច ម៉េង​លី និង​ពី​បញ្ហា​សង្គម​ខ្លះ​ដែរ​។

​សំណេរ​នៅក្នុង​សៀវភៅ​មាន​លក្ខណៈ​ស្រួល​អាន ព្រោះ​ឃ្លាឃ្លោង​ត្រូវបាន​សរសេរ​ឡើងជា​លក្ខណៈ​សន្ទនា​រវាង​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី និង​លោក Drarmendra Singh Kshetrimayum​។ ការសន្ទនា​ដែលមាន​លក្ខណៈសាមញ្ញ បណ្តុះ​គំនិតល្អៗ ថ្មីៗ បង្កើត​ឲ្យ​មានការ​យោគយល់​គ្នា​រវាង​ដៃគូ​សន្ទនា នេះហើយ ទើប​បុគ្គល​ទាំងពី​បាន​ហៅ​ការសន្ទនា​របស់​ពួកគេ​ថា​៖«​ការសន្ទនា​ស្មោះត្រង់ (Healthy conversation)»​។




​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន បាន​ចេញលក់​សៀវភៅ​«​ទស្សនៈ​អាជីវកម្ម​»​កាលពី​ថ្ងៃអាទិត្យ​កន្លងមក ហើយ​កាលពីដើមឆ្នាំ​២០១៦​នេះ លោក​បាន​ចេញលក់​សៀវភៅ  «You Are The Good. Better. Best» វគ្គ​ទីមួយ​ផងដែរ​។

​សូមបញ្ជាក់ថា ទាំង​សៀវភៅ ជំនួប​តុ​កាហ្វេ​រវាង ដុក​ទ័​រ ម៉េង​លី និង​ខ្ញុំ និង​សៀវភៅ​«​ទស្សនៈ​អាជីវកម្ម​» ត្រូវបាន​ដាក់លក់​ទៅ​បណ្ណាគា Monument Book និង​បណ្ណាគា​លក់​សៀវភៅ​ផ្សេងទៀត​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។ ថវិកា​ដែល​ទទួលបាន​ពី​ការលក់​សៀវភៅ​ត្រូវយក​ទៅប្រើ​ប្រាស់​នៅក្នុង​សកម្មភាព​មនុស្សធម៌រ​បស់​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី​។ នៅក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​ចំណាយ​ប្រា​ក់ជាង​៥​លាន​ដុល្លារ​អាមេរិក​ក្នុង​បុព្វហេតុ​សកម្មភាព​មនុស្ស​ធម៌​សុទ្ធសាធ​៕


Tag:
 អប់រំ
  សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com