ជាតិ
សង្គមអន្តរជាតិ​
អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់​បន្ត​ពង្រីក​ការអនុវត្ត​គម្រោង​បណ្ណាល័យ​
24, Aug 2016 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពី​បានដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​បណ្ណាល័យ​ទាំង ១៧ ប្រកបដោយ​ជោគជ័យ​រួចមក ក្រុមប្រឹក្សាភិបាល​និង​គណៈ​គ្រប់គ្រង​ប្រា​សាក់ បានសម្រេច​អនុវត្ត​គម្រោង​បណ្ណាល័យ​នេះ​ដល់​សាលារៀន​រដ្ឋ ៤ ជា​បន្តទៀត ដើម្បី​ចូលរួម​លើកស្ទួយ​វប្បធម៌​អាន​ក្នុងចំណោម​សិស្សានុសិស្ស​នៅ​កម្ពុជា​។​

​គម្រោង​បណ្ណាល័យ​ប្រា​សាក់​នេះ កើតឡើង​ពី​ការផ្តួចផ្តើម​គំនិត​ពី​ធនាគារជាតិ ដោយ​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដៃគូ​អភិវឌ្ឍ អាជ្ញាធរ​ដែនដី លោកគ្រូ​អ្នកគ្រូ អាណាព្យាបាល និង​សិស្សានុសិស្ស​។​

​គម្រោង​បណ្ណាល័យ​ឆ្នាំ ២០១៦ នឹង​អនុវត្ត​នៅតាម​សាលារៀន​គោលដៅ​ចំនួន ៤ គឺ​៖

-​    ​វិទ្យាល័យ​កំពង់ថ្ម ស្ថិតក្នុង​ភូមិ​ធន​មោង ឃុំ​កំពង់ថ្ម ស្រុក​បារាយណ៍ ខេត្តកំពង់ធំ

-​    ​វិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតក្នុង​ភូមិ​ក្រែក ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ

-​    ​វិទ្យាល័យ ហ៊ុន សែន រុងរឿង​ស្ថិត​ក្នុងភូមិ​បុស្ស​តា​សោម ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​

-​    ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​តាំងក្រសាំង ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​គម្រោង​នេះ​បានចាប់ផ្តើម​អនុវត្ត​ការងារ​សាងសង់​កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦ ដោយ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​វិទ្យាល័យ​កំពង់ថ្ម ហើយនឹង​បន្តទៅ​បើក​ការដ្ឋាន​សាងសង់​ជា​បន្តបន្ទាប់​នៅ​វិទ្យាល័យ ជា ស៊ីម ប្រឡាយ វិទ្យាល័យ ហ៊ុន សែន រុងរឿង និង​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ត្រពាំង​ឈូក នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។

​បណ្ណាល័យ​នីមួយៗ​នឹងត្រូវ​បំពាក់​ទៅដោយ​ធនធាន​សម្ភារ​និង​ឯកសារ​គ្រប់គ្រាន់​រួមមាន​៖ ធ្នើ សៀវភៅ ផែនទី ពាក្យស្លោក តុ​អាន កៅអី ទូ ហិប​ដាក់​សម្ភារ តុ​ការិយាល័យ​។ ក្រៅពី​ការបំពាក់​ធនធាន​សម្ភា​រ​និង​ឯកសារ ប្រា​សាក់​បាន​ឧបត្ថម្ភ​គាំទ្រ​ក្នុងការ​ផ្តល់​ការបណ្តុះបណ្តាល​ទៅដល់​បណ្ណារក្ស​ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ដំណើរការ​បណ្ណាល័យ​ផងដែរ​។​

​សូម​រំលឹក​ផងដែរ​ថា ប្រា​សាក់​បានដាក់​បញ្ចូល​គម្រោង​អភិវឌ្ឍ​បណ្ណាល័យ​ទៅក្នុង​សកម្មភាព​ចូលរួម​អភិវឌ្ឍ​ការងារ​សង្គម​របស់ខ្លួន​នៅ​ឆ្នាំ​២០១១​។ បច្ចុប្បន្ន គម្រោង​នេះ​គ្របដណ្តប់​លើ​ភូមិ​ចំនួន ២០៧ ភូមិ ដែលមាន​ចំនួន​គ្រួសារ​សរុប ៤០០១៤ គ្រួសារ មាន​ប្រជាជន​សរុប​ចំនួន ១៨៥០៧១ នាក់ នៅក្នុង​ខេត្ត​ចំនួន​៨ រួមមាន ៖ កំពង់ស្ពឺ កំពង់ចាម ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ និង​ខេត្តបាត់ដំបង និង​មាន​សិស្សានុសិស្ស​ដែល​ទទួលផល​ផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន ១១០៨៩ នាក់ និង​លោកគ្រូ​អ្នកគ្រូ​ចំនួន ៣៧១ នាក់ ដោយ​ចំណាយ​ទឹកប្រាក់​អស់​ជាង ៥៦២ ពាន់​ដុល្លារ​អាមេរិក​៕




​មាន​វីដេអូ​ទស្សនា ៖
 


© រក្សាសិទ្ធិដោយ thmeythmey.com