ជាតិ
សេដ្ឋកិច្ច
សាជីវកម្ម OPIC របស់​អាមេរិក ផ្ដល់​កម្ចី ១២៥​លាន​ដុល្លារ​ដល់​ធនាគារ​អេស៊ីលីដា
25, Aug 2016 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាជីវកម្ម​វិនិយោគឯកជន​ក្រៅប្រទេស (OPIC) របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​ហិរញ្ញប្បទាន​ចំនួន ១២៥​លាន​ដុល្លារ​ដល់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម (MSMEs) នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​រវាង​ធនាគារ​អេស៊ីលីដា និង OPIC នៅ​ថ្ងៃទី​២៤​ខែសីហា​។​



​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖«​ការទទួលបាន​ហិរញ្ញប្បទាន​រយៈពេល​វែង​ពី OPIC ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ធនាគារ​អេស៊ីលីដា ដើម្បី​ពង្រីក​លទ្ធភាព​ផ្ដល់​កម្ចី​ដល់ MSMEs នៅ​ទូទាំងប្រទេស​កម្ពុជា ដែលមាន​តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​ចាប់ផ្ដើម និង​ពង្រីក​ធុរកិច្ច ព្រមទាំង​បង្កើន​ចំណូល​»​។

​លោក អ៊ិន ចាន់នី បន្ថែមថា​៖«​ហិរញ្ញប្បទាន​របស់  OPIC រួមចំណែក​បង្កើន​ប្រភព​ទុន​យុទ្ធសាស្ត្រ​របស់​ធនាគារ ដែលជា​ធនាគារ​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​»​។

​ប្រធាន​នាយក​ប្រតិបត្តិ OPIC លោកស្រី Elizabeth L. Littlefield ថ្លែងថា​៖«​ហិរញ្ញប្បទាន​របស់ OPIC នឹង​ផ្ដល់​លទ្ធភាព​ដល់​ធនាគារ​អេស៊ីលីដា ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់ MSMEs បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​ធុរកិច្ច​ចីរភាព​នៅ​កម្ពុជា ព្រមទាំង​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​ខ្មែរ​កាន់តែ​ប្រសើរ​»​។​

​បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​២៤​ឆ្នាំ ធនាគារ​អេស៊ីលីដា មាន​សាខា​ចំនួន ២៥៨​នៅ​ទូទាំងប្រទេស ព្រមទាំង​បាន​ពង្រីក​សាខា​របស់ខ្លួន​នៅ​ប្រទេស​ឡាវ និង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។ ដោយ​គិត​ត្រឹម​ខែកក្កដា​ឆ្នាំ​២០១៦ ធនាគារ​នេះ មានទ្រព្យ​សកម្ម​សរុប​ចំនួន ៤,៣៤​ពាន់​លាន​ដុល្លារ សមតុល្យ​ឥណទាន​សរុប ២,៧២​ពាន់​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​សន្សំ​ចំនួន ៣,០៩​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​សេចក្ដី​ប្រ​ព័ត៌មាន​ដដែល​នេះ​៕


Tag:
 OPIC
  អ៊ិន ចាន់នី​
  ធនាគារ​អេស៊ីលីដា
© រក្សាសិទ្ធិដោយ thmeythmey.com