កីឡាជាតិ
ជាតិ
លោក ថោង ខុន និង​លោក ហង់ ជួន ណា​រ៉ុ​ន បន្ត​លើកទឹកចិត្ត​ប្រតិភូ​កីឡា​ដែល​ត្រឡប់​មកពី RIO វិញ​
26, Aug 2016 , 4:08 pm        
រូបភាព
ដោយ:
 
​ប្រតិភូ​កីឡា​រួមទាំង​កីឡាករ​កីឡាការិនី​កម្ពុជា​ទោះបីជា​មិនអាច​ពាំនាំ​នូវ​មេដាយ​ពី​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ RIO ប្រទេស​ប្រេ​ស៊ី​ល​ក៏ដោយ ប៉ុន្តែ​ប្រតិភូ​កីឡា​កម្ពុជា​ទាំងនោះ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា ក៏ដូចជា​ក្រុមយុវជន​យុវនារី​យ៉ាងច្រើន​កុះករ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ម្សិលមិញ​។

 
​ប្រតិភូ​កីឡា​អូឡាំពិក​កម្ពុជា​ដែល​មិនអាច​ពាំនាំ​មេដាយ​ពី​ព្រឹ​តិ្ត​ការណ៍​កីឡា​អូឡាំពិក នៅ​RIO ប្រទេស​ប្រេ​ស៊ី​ល​បានមក​ដល់​មាតុប្រទេស​កម្ពុជា​វិញ​ហើយ​កាលពី​ម្សិលមិញ​។ ការមកដល់​មាតុភូមិ​របស់​ប្រតិភូ​កីឡា​កម្ពុជា ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​ឪពុកម្តាយ​កីឡាករ​កីឡាការិនី​ព្រមទាំង​ក្រុមយុវជន​ជាច្រើនរូប​ទៀត​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន NOCC ព្រមទាំង​មន្ត្រី​ថ្នាក់ដឹកនាំ​កីឡា​ជាច្រើនរូប​បាន​រង់ចាំ​នៅ​អាកាសយាន​អន្តរជាតិ​ភ្នំពេញ​តាំងពី​ម៉ោង​៦​ល្ងាច ដើម្បី​ចាំ​ស្វាគមន៍​ដំណើរ​វិលត្រឡប់​មកកាន់​មាតុប្រទេស​របស់​ប្រតិភូ​កីឡា​កម្ពុជា​តាម​ជើងហោះហើរ Bangkok Air នា​វេលា​ម៉ោង​៧:២០​នាទី​។ 
 
​ទោះបីជា​កីឡាករ​កីឡាការិនី​មិនអាច​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ប៉ុន្តែ​លោក ថោង ខុន បាន​កោតសរសើរ​ដល់​អត្ត​ព​លិ​ក​កម្ពុជា ជាពិសេស​លោក​ផ្តោត​សំខាន់​ទៅលើ​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​បាន​កែប្រែ​ប្រវត្តិសាស្ត្រ​ចាស់​ជាង​៦០​ឆ្នាំ​របស់​កម្ពុជា​។ លោក​បញ្ជាក់ថា​«​យើង​សរសើរ​ក្មួយ​ស្រី សៀវ​ម៉ី លើក​ទី​១​ហើយ​ដែល​ចូលរួម​កីឡា​អូឡាំពិក ហើយ​វា​លើក​ទី​១​ដែល​ស្រុក​ខ្មែរ​យើង​ក្រោយ​៦២​ឆ្នាំ​តាំងពី​ឆ្នាំ​១៩៥៤ មក​ដែល​យើង​មាន​អត្ត​ព​លិ​ក​ជា​ផ្លូវ​ការចូលរួម​ប្រកួត​ពេញ​សិទ្ធ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​...​មិនដែល​មាន​ទេ​...​អត់​មាន​ទេ​»​។ 
 
​ប្រធាន NOCC រូបនេះ​បាន​កត់សម្គាល់ថា កម្រ​មាន​ប្រទេស​ណា​ចូលរួម​លើកដំបូង​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​អូឡាំពិក​ណាស់​។ ហើយ​សម្រាប់​ការចូលរួម​លើក​នេះ​ទោះបី​មិនបាន​ទទួល​មេដាយ​ប៉ុន្តែ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២៥​ក្នុងចំណោម​២០៧​ប្រទេស​ដែលមាន​សម្លៀកបំពាក់​ហែ​ល្អ​ជាងគេ​។ លើសពីនេះ​កម្ពុជា​ទទួលបាន​កិត្តិយស​ល្អ​ដោយ​កីឡាករ​កីឡាការិនី​ប្រកួត​ដោយ​មិនមាន​ការបោះបង់ និង​មិន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​។   
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​នៅ RIO កម្ពុជា​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ចូលរួម​ចំនួន​៦​នាក់​ក្នុងនោះ​តេ​ក្វាន់​ដូ​១​នាក់ ចំបាប់​១​នាក់ ហែល​ទឹក​២​នាក់ និង​ម៉ារ៉ាតុន​២​នាក់ ប៉ុន្តែ​កម្ពុជា​មិន​ទទួលបាន​មេដាយ​នោះឡើយ​។ ក្នុងនោះ​កីឡាករ ពូ សុវិជ្ជា ទទួលបាន​ចំណាត់ថ្នាក់​លេខ​៥៧​ក្នុងចំណោម​៥៩​នាក់​លើ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​១០០​ម៉ែត្រ​ដោយ​ប្រើ​ថេរវេលា ៥៤.៥៥​វិនាទី​។ 
 
​ចំណែក​កីឡាការិនី ហែម​ថុ​ន វិ​ទី​នី បាន​ត្រឹម​បំបែក​កំណត់ត្រា​ផ្ទាល់ខ្លួន​ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៦៦​ក្នុងចំណោម​៩២​នាក់​លើ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​៥០​ម៉ែត្រ​ដោយ​ប្រើ​ថេរវេលា​២៩:៣៧​វិនាទី ខណៈ​អូឡាំពិក​ក្នុង​ទីក្រុង​ឡុង​ប្រើ​ថេរវេលា​៣០.៤៤​វិនាទី​។ 
 
​ឬ​ឯ​កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា បាន​ចាញ់​កីឡាករ​កូ​ឡុំ​ប៊ី Castillo Hidalgo Carolina ០-១០ ក្នុង​វគ្គ​១/៨​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម ខណៈ​កីឡាការិនី ស៊ន សៀវ​ម៉ី បាន​ចាញ់​កីឡាការិនី​ហូ​ឡង់ Reshimie Oogink ១-៧ ក្នុង​វគ្គ​១/៨ លើ​ប្រភេទ​ម្ង​ន់​លើស​៦៧​គីឡូក្រាម​។ 
 
​ដោយឡែក កីឡាការិនី​ខ្មែរ​-​បារាំង លី ណា​រី ទទួលបាន​ចំណាត់ថ្នាក់​លេខ​១៣៣​ក្នុងចំណោម​អត្ត​ព​លិ​ក​១៥៧​នាក់​លើ​វិញ្ញាសា​ម៉ារ៉ាតុន​ដោយ​ប្រើ​ថេរវេលា​៣​ម៉ោង​២០​នាទី និង​២០​វិនាទី​។ ចំណែក​កីឡាករ​ខ្មែរ​-​ជប៉ុន Takizaki Kuniaki ហៅ Neko ទទួលបាន​ចំណាត់ថ្នាក់​លេខ​១៣៩​ក្នុងចំណោម​១៥៥​នាក់​លើ​វិញ្ញាសា​ម៉ារ៉ាតុន ដោយ​ប្រើ​ថេរវេលា​២:៤៥:៥៥​។ គួរ​បញ្ជាក់ថា អត្ត​ព​លិ​ក​កម្ពុជា​ទាំងពីរ​នាក់​នេះ​សុទ្ធតែ​បានមក​ដល់​គោលដៅ​ទាំងអស់គ្នា​៕  
 
 

Tag:
 ហង់ ជួនណា​រ៉ុ​ន​
  ថោង ខុន​
  RIO
© រក្សាសិទ្ធិដោយ thmeythmey.com