បទវិភាគ
មន្ត្រីត្រូវបម្រើរដ្ឋ និងរាស្ត្រ គឺមិនមែនបម្រើមេកើយទេ!
× ភ្នំពេញ៖ មន្ត្រីរដ្ឋទទួលបៀវត្សពីប្រជាជនតាមរយៈការបង់ពន្ធរបស់ពលរដ្ឋ។ តែកន្លងមក ពលរដ្ឋជាច្រើនបានរិះគន់មន្ត្រីមួយចំនួនថា ពួកគេបានប្រើតួនាទីរបស់ខ្លួនទៅបម្រើបុគ្គល និងស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ តើនេះបណ្តាលមកពីមូលហេតុអ្វី?
នគរបាល និងកងរាជអាវុធហត្ថ គឺជាមន្ត្រីរដ្ឋមានតួនាទីការពារសន្តិសុខជូនពលរដ្ឋនៅក្នុងប្រទេស ខណៈកងទ័ពមានតួនាទីការពារព្រំដែន ដើម្បីរក្សាសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ដោយមិនឲ្យប្រទេសដទៃទៀត មកឈ្លានពានកម្ពុជា។ ដោយឡែក គ្រូបង្រៀន គ្រូពេទ្យ និងមន្ត្រីរាជការផ្សេងទៀត គឺមានតួនាទីផ្តល់សេវាជូនពលរដ្ឋ ដូចជា វិស័យអប់រំ វិស័យសុខាភិបាល និងសេវាសាធារណៈនានា។
តើមូលហេតុអ្វីបានជាមន្ត្រីរដ្ឋត្រូវបម្រើពលរដ្ឋ?
ជារៀងរាល់ថ្ងៃ ពលរដ្ឋទូទៅ បានបង់ពន្ធគ្រប់ប្រភេទជូនរដ្ឋ ដើម្បីឲ្យរដ្ឋមានលទ្ធភាពយកថវិកាទាំងនេះ ទៅចាត់ចែងការងារទាំងឡាយ ដូចជា កសាងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ និងបើកប្រាក់បៀវត្សជូនមន្ត្រីរបស់រដ្ឋគ្រប់រូប។ ប្រសិនបើ ពលរដ្ឋទូទាំងប្រទេសឈប់បង់ពន្ធ នោះ ដំណើរការរបស់រដ្ឋនឹងគាំងភ្លាម ពោល គឺមន្ត្រីរាជការគ្មានប្រាក់បៀវត្ស គ្មានថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយដំណើរសេវាសាធារណៈទាំងអស់ ប្រាកដជាត្រូវផ្អាកទាំងអស់។
ហេតុផលនេះហើយ ទើបមន្ត្រីរដ្ឋ ត្រូវបម្រើពលរដ្ឋទៅតាមវិស័យរបស់ខ្លួន។ ប៉ុន្តែគេសង្កេតឃើញ មានមន្ត្រីរដ្ឋមួយចំនួន ត្រូវពលរដ្ឋទូទៅរិះគន់ថា ពួកគេមិនបានយកតួនាទី មកបម្រើប្រជាជនពិតប្រាកដនោះឡើយ។ មន្ត្រីមួយចំនួន ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយជារឿយៗថា បានយកតួនាទីរបស់ខ្លួនទៅការពារការជួញដូរឈើខុសច្បាប់ លក់គ្រឿងញៀន បើកមុខរបរខុសច្បាប់ និងធ្វើការងារបម្រើប្រយោជន៍បុគ្គលមានអំណាចជាដើម។
ដោយឡែក គ្រូពេទ្យមួយចំនួនវិញ ត្រូវគេរិះគន់ថា ចូលបម្រើក្នុងមន្ទីរពេទ្យរដ្ឋ ដើម្បីយកកេរ្តិ៍ឈ្មោះទៅបើកគ្លីនិកផ្ទាល់ខ្លួន។ ជាក់ស្តែង គេឃើញមានវេជ្ជបណ្ឌិតខ្លះ ក្រោយពីចេញវេជ្ជបញ្ជារនៅក្នុងពេទ្យរដ្ឋ តែបង្ហាញអ្នកជំងឺឲ្យទិញថ្នាំពេទ្យនៅគ្លីនិករបស់ខ្លួន ឬគ្លីនិកបងប្អូនសាច់ញាតិរបស់ខ្លួនទៅវិញ។ ចំណែក មន្ត្រីផ្តល់សេវាសាធារណៈមួយចំនួនទៀត បានយកតួនាទីទៅប្រកបរបរផ្ទាល់ខ្លួន ដូចជា រត់ការធ្វើលិខិតស្នាមផ្សេងៗ។ មួយវិញទៀត មនុស្សមួយចំនួនទៀត ខំប្រឡងជាធ្វើជាមន្ត្រីរដ្ឋ មិនមែនពួកគេប្រាថ្នាបម្រើពលរដ្ឋដោយស្មោះត្រង់នោះទេ តែផ្ទុយទៅវិញ ពួកគេចង់យកតួនាទីជាមន្ត្រី ដើម្បីងាយស្រួលប្រកបរបរទីពីរទៀត។ ការលើកឡើងនេះ មិនមែនមន្ត្រីទាំងអស់សុទ្ធតែ យកតួនាទីដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួននោះទេ ក៏មានមន្ត្រីរាជការជាច្រើនដែរ ដែលខិតខំបម្រើដល់ពលរដ្ឋពិតប្រាកដ។
នៅពេលមន្ត្រីរដ្ឋ មិនធ្វើការងារបម្រើពលរដ្ឋនោះ វានឹងធ្វើឲ្យការងាររដ្ឋ មិនសូវមានភាពសកម្ម និងគ្មានប្រសិទ្ធភាព។ ជាងនេះទៅទៀត ចរន្តនេះ នឹងបង្កើតជាអំពើបក្សពួកនិយម និងគ្រួសារនិយម(Nepotism) ដែលធ្វើឲ្យមានអំពើពុករលួយចាក់ឬសជ្រៅក្នុងជួរមន្ត្រីរដ្ឋ។ ដោយឡែក ពលរដ្ឋឯនេះវិញ ពួកគេលែងទុកចិត្តមន្ត្រីរដ្ឋ និងចាត់ទុកមន្ត្រីទាំងនោះ ជាឈ្លើងជញ្ជក់ឈាមពួកគេទៀតផង។ មិនមែនតែពលរដ្ឋទេ ដែលធុញទ្រាន់នឹងមន្ត្រីដែលមិនទទួលខុសត្រូវ និងផ្តល់សេវាយឺតយ៉ាវនោះ តែអ្នកវិនិយោគ និងអ្នកជំនួញល្អៗ ក៏មានការរារែកចិត្តនៅក្នុងការដាក់ទុនរកស៊ីនៅកម្ពុជាផងដែរ។
មានមូលហេតុមួយចំនួនដែលបណ្តាលឲ្យមាននិន្នាការខាងលើនេះ។ មូលហេតុទីមួយ គឺបណ្តាលមកពីមន្ត្រីអ្នកមានអំណាចមួយចំនួន ដែលចូលចិត្តសកម្មភាពអែបអប និងសកម្មភាពបម្រើរបស់មន្ត្រីថ្នាក់ក្រោម ហើយអនុញ្ញាតឲ្យពួកគេធ្វើយ៉ាងដូច្នេះរហូតដល់ពួកគេ មានអំនួត និងមិនខ្វល់នឹងភារកិច្ចស្នូលរបស់ពួកគេ។ មន្ត្រីខ្លះ មួយខែៗ ពួកគេស្ទើរតែមិនទៅការិយាល័យការងារនោះទេ តែបែរជាពួកគេទៅផ្ទះមេរបស់ខ្លួនច្រើនជាង។
មូលហេតុទីពីរ គឺបណ្តាលមកពីទម្លាប់នៃការគោរពថ្នាក់លើជាជាងច្បាប់របស់ប្រទេស និងមូលហេតុទីបី គឺអាចមកពីជីវភាពរបស់មន្ត្រីរាជការ នៅមានភាពទន់ខ្សោយ ដែលមិនអាចផ្តោតលើការងារមន្ត្រីតែមួយមុខបាន។
ដូច្នេះ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ រដ្ឋគួរពង្រឹងមន្ត្រីរដ្ឋទាំងក្រមសីលធម៌វិជ្ជាជីវៈ និងជំនាញ ដើម្បីពង្រឹងការងាររបស់ពួកគេ ឲ្យមានប្រសិទ្ធភាព។ លើសពីនេះ រដ្ឋគួរបង្កើនប្រាក់បៀវត្សមន្ត្រីរាជការ ដើម្បីឲ្យពួកគេមានជីវភាពប្រសើរ ចៀសវាងបង្ខំចិត្តបង្កើតមុខរបរទីពីរទៀត ដែលធ្វើឲ្យគុណភាពការងាររដ្ឋថយចុះ។ ចំណែកមន្ត្រីខ្លួនឯង គួរតែមានមនសិការផ្ទាល់ខ្លួនដោយខំខិតបម្រើពលរដ្ឋទៅតាមវិស័យរៀងៗខ្លួន ដើម្បីពង្រឹងសេវាសាធារណៈកម្ពុជាឲ្យកាន់តែប្រសើរជាងនេះ។ មន្ត្រីយកបៀវត្សដែលជាញើសឈាមរបស់ពលរដ្ឋ គឺត្រូវតែបម្រើពលរដ្ឋវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com