បទវិភាគ
ដំណើ​រវិ​វត្ត​នៃ​ព្រៃឈើ​កម្ពុជា​…
28, Aug 2016 , 5:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រយៈពេល​ជាង​៣​ទសវត្សរ៍​មកនេះ ព្រៃឈើ​កម្ពុជា​ត្រូវបាន​មតិ​មួយចំនួន​ចោទថា ត្រូវបាន​គេ​កាប់បំផ្លាញ​អស់​ច្រើន​។ ទន្ទឹមនឹង​ការបាត់បង់​វត្តមាន​ព្រៃឈើ ក៏មាន​លេចចេញ​អ្នក​ស្រឡាញ់​ធនធានធម្មជាតិ​ជាច្រើន​។ ពួកគេ​បាន​ពុះពារ​ទម្លុះទម្លាយ​ឧបសគ្គ​គ្រប់បែបយ៉ាង ដើម្បី​ការពារ​ព្រៃឈើ​ដែលជា​ធនធាន​ដ៏​មានតម្លៃ​នេះ​។ ក្នុងនោះ សកម្មជន​បរិស្ថាន​ខ្លះ ត្រូវបាន​គេ​ចាប់​ដាក់គុក រង​បណ្តឹង​ពី​តុលាការ និង​ពេលខ្លះ ត្រូវ​ចំណាយ​ជិវិត​ដោយសារតែ​ការស្រឡាញ់​ព្រៃឈើ​។

  

​ទិន្នន័យ​មួយចំនួន បាន​បង្ហាញថា ក្រោយ​របប​ខ្មែរក្រហម ព្រៃឈើ​កម្ពុជា មាន​ប្រមាណ​៧៣​ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា​។ មកដល់​បច្ចុប្បន្ននេះ គេ​គ្មាន​និ​ន្ន​ន័យ​ពិត​ប្រាក​ទេ តែមាន​អ្នកខ្លះ ប៉ាន់ស្មាន​ក្រៅផ្លូវការ​ថា ព្រៃឈើ​នៅ​កម្ពុជា អាច​នៅសល់​ប្រហែលជា​៣០​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​។

​ព្រៃឈើ​សេសសល់ ដែល​គេ​ស្គាល់​ច្រើន​នោះ មានដូចជា ព្រៃ​ឡង់ (​ជាប់​ខេត្ត​៤៖​ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ព្រះវិហារ​) ព្រៃឈើ​នៅ​តំបន់​អា​រ៉ែ​ង​ខេត្តកោះកុង និង​ព្រៃឈើ​ជួរ​ភ្នំក្រវាញ​ជាដើម​។ ទន្ទឹមនឹង​ការកាប់បំផ្លាញ​ព្រៃឈើ ក៏មាន​អ្នក​អភិរក្ស​ជាច្រើន បានចេញ​មុខការ​ពារ​ព្រៃឈើ រាប់​ចាប់តាំងពី​ប្រជាជន​សាមញ្ញ រហូតដល់​ព្រះសង្ឃ​ផងដែរ​។ នៅ​ពី​ក្រោយខ្នង​ព្រៃ​សេសសល់​ខ្លះ​ទាំងនេះ មានការ​លះបង់ និង​បូជា​សាច់​ស្រស់​យាម​ស្រស់​របស់​សកម្មជន​ប​រិ​ស្ថាន​យ៉ាងច្រើន​។ ក្នុងនោះ មាន​សកម្មជន​បរិស្ថាន​ជាច្រើន​ត្រូវបាន​គេ​ចាប់​ដាក់គុក គំរាមកំហែង និង​បាញ់សម្លាប់​ទាំង​កណ្តាល​ព្រៃ​ជាដើម​។ សកម្មជន​បរិស្ថាន​ដ៏​ល្បីល្បាញ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវបាន​ឃាតករ​បាញ់សម្លាប់ កាលពី​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១២ នៅក្នុង​បរិវេណ​ភូមិ​វាល​បី ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ក្នុងពេលដែល​រូបលោក​ចុះទៅ​ឃ្លាំមើល​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នោះ​។​

​ការបាត់បង់​ព្រៃឈើ បាន​បង្ក​ផលប៉ះពាល់​ជាច្រើន​ចំពោះ​ពលរដ្ឋ ជាពិសេស ជនជាតិដើម​ភាគតិច ដែល​ត្រូវ​រង​ការបណ្តេញ​ចេញពីផ្ទះ​សម្បែង ដីចម្ការ និង​ព្រៃ​សហគមន៍​របស់​ពួកគេ​។​

​របាយការណ៍​អង្គការ​លីកាដូរ​កន្លង​មក បាន​រកឃើញថា មាន​ប្រជាជន​កម្ពុជា​ប្រមាណ​៧០​ម៉ឺន​នាក់ រង​ប៉ះពាល់​ពី​ជម្លោះដីធ្លី​នៅ​កម្ពុជា​។ ទន្ទឹមនឹង​ជម្លោះដីធ្លី ការកាប់បំផ្លាញ​ព្រៃឈើ បានធ្វើ​ឲ្យ​ប៉ះពាល់​មុខរបរ​ពលរដ្ឋ ដូចជា ដង​ជ័រទឹក បោច​វ​ល្លិ៍ ដីចម្ការ​កសិកម្ម និង​អនុផល​ព្រៃឈើ​ផ្សេងទៀត​។ មួយវិញទៀត ការបាត់បង់​ព្រៃឈើ ក៏​បណ្តាល​ឲ្យ​បាត់បង់​សត្វព្រៃ​ផងដែរ​។ ក្រៅពីនេះ ការបាត់បង់​ព្រៃឈើ​ត្រូវបាន​គេ​ស្តីបន្ទោស​ថា បាន​បង្ក​ឲ្យ​មាន​គ្រោះធម្មជាតិ​ជាច្រើន​បានកើត​ឡើង ដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ខ្យល់ក​ន្ទ្រា​ក់ ។​ល​។  គិត​ត្រឹម​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៦ យ៉ាងហោចណាស់ មាន​ពលរដ្ឋ​ស្លាប់​១២​នាក់ និង​អ្នករងរបួស​៦០​នាក់ ដោយសារតែ​បាតុភូត​ខ្យល់ក​ន្ទ្រា​ក់ និង​រន្ទះបាញ់​។ ក្នុងនោះ​មាន​ករណី​ខ្យល់ក​ន្ទ្រា​ក់កើតឡើង​ចំនួន​១៤៦​លើក ដែល​បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១​ពាន់​ខ្នង បាន​រង​ការខូចខាត​។ នេះ​បើតាម លោក កែវ វី នាយខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។  

​មាន​មូលហេតុ​មួយចំនួន ដែល​បណ្តាល​ឲ្យ​ព្រៃឈើ​ត្រូវបាន​កាប់បំផ្លាញ​។ មូលហេតុ​មួយ គឺអាច​បណ្តាលមកពី ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រីក​ផ្ទៃដី​ដាំ​ដុះ ពង្រឹង​វិស័យ​ក​សិ​ឧស្សា​កម្ម ដូចជា ដំណៅ​កៅស៊ូ ម្រេច ស្វាយ ដំ​ឡូ​ក ដូងប្រេង​… ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស សម្រាប់​បង្កើន​ចំណូល​សេដ្ឋកិច្ចជាតិ​។ ឆ្លៀត​ហេតុផល​ខាងលើនេះ ក្រុមហ៊ុន​ដី​សម្បទាន​ខ្លះ បាន​យក​រូបភាព​អភិវឌ្ឍន៍​នេះ ដើម្បី​កាប់​ឈើ​យកទៅលក់​។ ក្រុមហ៊ុន​ខ្លះ មិន​ត្រឹមតែ​កាប់​ឈើ​ក្នុង​រង្វង់​ដី​សម្បទាន​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​បាន​កាប់​ឈើ​នៅក្រៅ​ដី​សម្បទាន ហើយ​នាំចូល​ក្នុង​ដី​សម្បទាន បន្ទាប់មក​នាំចេញ​ជា​ឈើ​ស្របច្បាប់​។​

​គិត​មកទល់នឹង​ឆមាស​ទីមួយ​ឆ្នាំ​២០១៦ រដ្ឋាភិបាល បានផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ចំនួន​ជាង​១,៥​លាន​ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន​ចំនួន ២២៣ ដែល​កំពុង​ប្រតិបត្តិការ​គម្រោង​របស់​ខ្លួន ក្នុង​ខេត្ត​ចំនួន​១៨​។ នេះ​បើតាម​របាយការណ៍​រប​ស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចេញផ្សាយ​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៦ ។ មូលហេតុ​ទី​ពីរ គឺអាច​បណ្តាលមកពី​អំពើពុករលួយ​របស់​ម​ន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ត្រូវរ៉ូវ​គ្នា​ជាមួយ​ឈ្មួញ​រកស៊ី​ព្រៃឈើ និង មូលហេតុ​ទី​បី គឺ​បណ្តាល​មក​ជីវភាព​ពលរដ្ឋ​ក្រីក្រ និង​កង្វះ​ការយល់ដឹង ទើប​ជំរុញ​ពួកគេ​ឲ្យ​ចូល​ព្រៃ​កាប់​ឈើ ដើម្បី​លក់​ឲ្យ​ឈ្មួញ ខណៈដែល​យន្តការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​របស់រ​ដ្ឋា​ភិ​បាល ត្រូវបាន​គេ​មើលឃើញថា មាន​ភាពទន់ខ្សោយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២២ សីហា ឆ្នាំ​២០១៦ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​វេទិកា​ស្តីពី​៖«​ការការពារ និង អភិរក្ស​ធនធានធម្មជាតិ​»​ដោយបាន​អញ្ជើញ​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ល្បី ព្រះអង្គ ប៊ុត ប៊ុន​ទិញ និង កញ្ញា ធី សុវណ្ណ​ថា ឲ្យ​ចូលរួម​ផងដែរ​។ ក្នុងនោះ សម្តេច ហ៊ុន សែន បានប្រកាស​ទទួលស្គាល់​កំហុស​ចំពោះ​ភាពខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល ក្នុងការ​ការពារ​ព្រៃឈើ និង​ធនធាន​ជលផល​កន្លងមក​។   

​ក្នុងន័យ​ថែរក្សា​ព្រៃឈើ​ដែល​នៅ​សេសសល់ ការប្រកាស​ដាក់​តំបន់​អា​រ៉ែ​ង ជាទី​កន្លែង​ទេសចរណ៍ធម្មជាតិ របស់​រដ្ឋាភិបាល គឺជា​រឿង​គួរ​ឲ្យ​អបអរសាទរ​។ ប៉ុន្តែ រដ្ឋាភិបាល គួរតែ​ប្រមូល​តំបន់​ដែល​សម្បូរ​ព្រៃឈើ និង​សត្វព្រៃ​ទូទាំងប្រទេស ដាក់​ជា​តំបន់​អភិរក្ស និង​តំបន់​ទេសចរណ៍​ជាតិ​ផងដែរ ដើម្បី​រក្សា​ធនធានធម្មជាតិ​ចុងក្រោយ​របស់​កម្ពុជា និង​បង្កើត​ការងារ​ជូន​ពលរដ្ឋ តាមរយៈ​ការរកចំណូល​ពី​ភ្ញៀវទេសចរ ព្រមទាំង​អាច​លក់​កាបូន​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន ដូចដែល​រដ្ឋាភិបាល​បាន​លក់​កាបូន​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ទឹកប្រាក់​ចំនួន ២,៦​លាន​ដុល្លា​អាមេរិក កន្លងមក​អ៊ីចឹង​ដែរ​។​

​ទន្ទឹមនឹង​នេះដែរ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​តំបន់​ទេសចរណ៍ ក៏​ជា​រឿង​មិនគួរ​មើលរំលង​ឡើយ​។ ក្រៅពី​បង្កើត​តំបន់​ទេសចរណ៍ រដ្ឋាភិបាល គួរ​ខិតខំ​ដាំ​ដើមឈើ​ឡើងវិញ ដើម្បី​ជំនួស​ឲ្យ​ព្រៃឈើ​ដែល​បាន​បាត់បង់​រួចទៅហើយ​នោះ​។ លើសពីនេះ រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ គួរតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ដើម្បី​ការពារ​ធនធានធម្មជាតិ​ខ្មែរ ទុក​ឲ្យ​អ្នកជំនាន់ក្រោយ​៕


Tag:
 ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com