ជាតិ
បេ​ក្ខ​នារី​អាយុ​១៦​ឆ្នាំ​ពី​ស្រុក​សំឡូត​ធ្វើ​ឲ្យ​គណៈកម្មការ និង​អ្នក​ស្តាប់​រំជួលចិត្ត​
29, Aug 2016 , 9:00 am        
រូបភាព
បេក្ខនារី នាង គន្ធា អាយុ១៦ឆ្នាំមកពីខេត្តបាត់ដំបង។ រូបថត Capture ពីទូរទស្សន៍
បេក្ខនារី នាង គន្ធា អាយុ១៦ឆ្នាំមកពីខេត្តបាត់ដំបង។ រូបថត Capture ពីទូរទស្សន៍
នាង គ​ន្ធា អាយុ​១៦​ឆ្នាំ បានធ្វើ​ដំណើរ​មកពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ជាមួយ​បងប្រុស​បង្កើត​ខ្លួន​ឈ្មោះ នាង ប្រាក់​សុគន្ធ អាយុ​២១​ឆ្នាំ ដើម្បី​ចូល​ប្រឡង​ចម្រៀង​រួមគ្នា​ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​ពីរ​របស់​ទូរទស្សន៍​ហ​ង្ស​មាស​។ ការបកស្រាយ​ចម្រៀង​ដែលមាន​ចំណង​ថា «​ម៉ែ​» របស់​គ​ន្ធា បានធ្វើ​ឲ្យ​គណៈកម្មការ និង​អ្នកទស្សនា រំជួលចិត្ត​យ៉ាងខ្លាំង ដោយសារ​នាង​ហាក់ដូចជា​កំពុង​រៀបរាប់​ពី​ជីវិត​ពិត​របស់ខ្លួន​។​



​បងប្អូន​ត្រកូល​នាង ដែល​ធ្វើដំណើរ​ពី​តំបន់​ជាយដែន​សំឡូត​នៃ​ខេត្តបាត់ដំបង និង​មាន​ចម្ងាយ​ប្រមាណ​៣៣៧​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​គឺជា​បេក្ខជន​ដំបូង​សម្រាប់​វគ្គ Judge Audition សប្តាហ៍​ទីមួយ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol រដូវ​កាល​ទី​ពីរ​របស់​ទូរទស្សន៍​ហ​ង្ស​មាស​។​

​នាង ប្រាក់​សុគន្ធ ជា​បងប្អូន បាន​បកស្រាយ​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​មហា​ឈឺ​» របស់​តារាចម្រៀង នី រតនា នៃ​ផលិតកម្ម​ហង្ស​មាស បន្ទាប់មក​គណៈកម្មកា​រ​ដែលមាន​តារាចម្រៀង ព្រាប សុវត្ថិ​, ណុប បា​យ៉ា​រិ​ទ្ធ​, ឆន សុ​វណ្ណា​រាជ និង​ឱក សុគន្ធ​កញ្ញា បាន​តម្រូវ​ឲ្យ គ​ន្ធា ច្រៀង​បន្ត ដោយមាន​បងប្រុស​ឈរ​ក្បែរ​។​

​គ​ន្ធា បាន​លើកយក​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​ម៉ែ​» ដែលជា​បទ​ដើម​របស់​កញ្ញា ចំរើន សុភ័ក្ត្រ នៃ​ផលិតកម្ម WE Production ។ សំឡេង​ដ៏​ក្រអួន​ក្រអៅ ជាមួយនឹង​ការដាក់​មនោសញ្ចេតនា​ខ្ពស់​ក្នុង​បទ​ចម្រៀង បានធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​៤ រំជួលចិត្ត អួលដើមក និង​ទឹកភ្នែក​រលីងរលោង​។​

​បទ «​ម៉ែ​» ដែល​រៀបរាប់​ពី​ជីវិត​ខ្វះ​កក់ក្តៅ​របស់​នារី​ម្នាក់ មានការ​ទាក់ទាញ​យ៉ាងខ្លាំង ហើយ​ការបកស្រាយ​របស់ គ​ន្ធា ហាក់ដូចជា​នាង​កំពុងតែ​រៀបរាប់​ពី​ជីវិត​ពិត​របស់ខ្លួន​យ៉ាង​ដូច្នោះ​ដែរ​។​

​នៅមុន​ការ​បង្ហើរ​សំនៀង ប្រាក់​សុគន្ធ និង​គ​ន្ធា បាន​អះអាងថា ពួកគេ​មិនមាន​ឱ​ពុក​ម្តាយ​នៅ​ជិត​នោះឡើយ ដោយ​ពួកគាត់​បានរស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​យូរណាស់​មកហើយ​។ ប្រាក់​សុគន្ធ បម្រើការ​នៅកាស៊ី​ណូ​មួយ​នៅ​ប៉ៃលិន ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ ដោយ​ទុក​ឲ្យ គ​ន្ធា ជា​ប្អូនស្រី រៀនសូត្រ និង​រស់នៅ​ស្រុកកំណើត​តែម្នាក់ឯង រីឯ​បង​បង្កើត​ពីរ​នាក់​ផ្សេងទៀត​មក​រស់នៅ​ភ្នំពេញ​។​

​ក្មេងស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​ដែល​រស់នៅ​តែម្នាក់ឯង ហើយពី​១​ខែ​ទៅ​២​ខែ ទើប​ឪពុកម្តាយ ឬ​បងប្រុស ទៅលេង​ម្តង ពិត​ជាមាន​អារម្មណ៍​ឯកោ​ណាស់ ប៉ុន្តែ​ការតស៊ូរ​គឺជា​កម្លាំងចិត្ត​មួយ​ដ៏​អស្ចារ្យ ប្រៀបដូចជា​អត្ថន័យ​ក្នុង​បទ​ចម្រៀង «​ម៉ែ​» យ៉ាង​ដូច្នោះ​ដែរ​។​

​លាយឡំ​ជាមួយនឹង​ទឹកភ្នែក​រលីងរលោង កញ្ញា ឱក សុគន្ធ​កញ្ញា និយាយ​ស្ទើរ​លែងចេញ​។ តារាចម្រៀង​រូបនេះ បាន​កោតសរសើរ បេ​ក្ខ​នារី នាង គ​ន្ធា ដែល​ចេះ​យក​អារម្មណ៍​ដាក់​ក្នុង​បទ​ចម្រៀង និង​បង្ហាញ​ពី​ភាព​ឯកោ ជាពិសេស​ពេល​ត្រឡប់​មកពី​រៀន ខ្វះ​អ្នក​ប្រឹក្សា​យោបល់​។​

​លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​កត់សម្គាល់ថា ជីវិត​បាន​បង្រៀន​ឲ្យ​គ​ន្ធា និង​បងប្រុស​រឹងមាំ​។ លោក​បាន​បាន​កត់សម្គាល់ថា កែវភ្នែក​របស់​គ​ន្ធា​នៅពេល​បកស្រាយ​បទ​ចម្រៀង បានបញ្ជាក់​ពី​ភាព​រងា ភាព​ឯកោ​។​

«​បើសិន​បង​ជា​ឪពុកម្តាយ ហើយ​ឮ​កូន ឃើញ​កូន​អ៊ីចឹង បង​ឈប់​ធ្វើការ​ហើយ​ត្រឡប់មករ​កកូន​វិញ ព្រោះ​កូន​គួរ​ឲ្យ​ស្រឡាញ់​… បង​នឹង​រក​ការងារ​ធ្វើ​នៅ​ជិត​កូន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ព្រាប សុវត្ថិ​។​

​មុន​ខុសពី​គណៈកម្មការ​បី​រូប​ផ្សេង​ទៀតឡើយ លោក ឆន សុ​វណ្ណា​រាជ បាន​លើកឡើងថា សំនៀង​របស់​គ​ន្ធា បាន​ចាក់​ចំ​បេះដូង​អ្នក​ស្តាប់ បើ​មិនមាន​ការដាក់​អារម្មណ៍​ទេនោះ ប្រក​ដ​ជា​មិនមាន​សំឡេង​បែបនេះ​នោះឡើយ​។​

​ទីបំផុត​បងប្អូន​ទាំងពីរ សុទ្ធតែ​ទទួលបាន​សន្លឹក​មាស (Golden Ticket) ជាមួយនឹង​ការឆ្លើយ «Yes» ពី​តារាចម្រៀង​ឆ្នើម​ទាំង​៤​រូប​....៕
(វីដេអូទាក់ទងនឹង នាង ប្រាក់សុគន្ធ និង នាង គន្ធា ចាប់ពីនាទីទី១៣)

Tag:
 Cambodian Idol
© រក្សាសិទ្ធិដោយ thmeythmey.com