កីឡាជាតិ
ជាតិ
សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍ Korea Cup
29, Aug 2016 , 3:14 pm        
រូបភាព
ដោយ:
 
 
​ក្រុមកីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បានឈ្នះ​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​វាយ​ជា​ក្រុម​ពី​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក Korea Cup Soft Tennis Tournament 2016 នៅ​ប្រទេស​កូរ៉េ​។ ការប្រកួត​នេះ​មាន​ប្រទេស​ចូលរួម​ទាំងអស់​ចំនួន​១១​ប្រទេស​ក្នុងនោះ​ម្ចាស់ផ្ទះ​កូរ៉េ និង​ជប៉ុន​បាន​បញ្ជូន​៤​ក្រុម​ឲ្យ​ចូលរួម ខណៈ​ចិន ប៉ូឡូញ ឥណ្ឌា ម៉ុង​ហ្គោ​លី ថៃ វៀតណាម ឡាវ ហ្វីលីពីន និង​កម្ពុជា បា​នប​ញ្ចូ​ន​អត្ត​ព​លិ​ក​១​ក្រុម​ទៅ​ចូលរួម​ដូចគ្នា​។

  
 
​កីឡាករ កាន់ សោ​ភ័​ណ្ឌ​, ឯក ចំរើន​, អន សម្បត្តិ​, យី ស​សា​រិ​ទ្ធិ​, ប៉ិល វ​ណ្ណី និង ឌិ​ម សម្បត្តិ បាន​សហការគ្នា​រួម​ប្រកួត​រហូត​បានឈ្នះ​មេដាយ​សំរឹទ្ធ​ស្ទួន​ដូច​ជប៉ុន​លើ​វិញ្ញាសា​ជា​ក្រុម​ពី​ព្រី​ត្តិ​ការណ៍​លំដាប់​ពិភពលោក Cup Soft Tennis Tournament 2016 នៅ​ប្រទេស​កូរ៉េ ក្រោយពី​ចាញ់​ក្រុម​ថៃ ២-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ ខណៈ​ក្រុម​ជប៉ុន​បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​កូរ៉េ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផងដែរ​។ 
 
​មុន​ទទួលបាន​មេដាយ​សំរឹទ្ធ​ពី​ព្រឹ​តិ្ត​ការណ៍​នេះ​ក្រុម​កីឡាករ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ដែល​ដាក់បញ្ចូល​គ្នា​រវាង​កីឡាករ ម៉ុង​ហ្គោ​លី វៀតណាម និង​ឡាវ ២-០ និង​បាន​បន្ត​ឈ្នះ​ក្រុម​ហ្វីលីពីន ២-០ ជា​បន្តបន្ទាប់  តែ​បាន​ចាញ់​ក្រុម​ថៃ ២-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ចំ​ណែ​ក្រុម​ថៃ​ដែល​ឈ្នះ​កម្ពុជា​បាន​ចាញ់​ក្រុម​កូរ៉េ ២-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នាំ​ឲ្យ​ម្ចាស់ផ្ទះ​កូរ៉េ​ក្លាយជា​ម្ចាស់​ជើងឯក ខណៈ​ថៃ​ជា​ម្ចាស់​ជើងឯក​រង​លើ​វិញ្ញាសា​វាយ​ជា​ក្រុម​។    
 
​លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​កីឡាករ​ទៅ​ចូលរួម​ការប្រកួត​នេះ​បាន​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​សូ​ហ្វី​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​កម្រិត​ពិភពលោក​ប្រចាំ​ព្រឹត្តិការណ៍ Korea Cup Soft Tennis Tournament 2016 នេះ ក្រៅពី​វិញ្ញាសា​ជា​ក្រុម កម្ពុជា​មិន​ទទួលបាន​មេដាយ​នោះទេ ដោយ​វិញ្ញាសា​ឯកត្តជន​បុរស​(​កីឡាករ​៨​នាក់​) និង​វិញ្ញាសា​វាយ​ជា​គូ​បុរស​(៤​គូ​)​កម្ពុជា​បាន​ធ្លាក់​ក្នុង​វគ្គ​១/៤​ដូចគ្នា​។​
 
​ចំណែក​ការប្រកួត​ជា​ក្រុម​នារី​ដែលមាន​កីឡាការិនី​២​នាក់​របស់​កម្ពុ​ជារួម​បញ្ចូល​ជាមួយ​កីឡាការិនី​៤​នាក់​ផ្សេងទៀត​របស់​ម៉ុង​ហ្គោ​លី និង​ប៉ូឡូញ​បាន​ចាញ់​ហ្វីលីពីន ២-១ និង​បន្ត​ចាញ់​ក្រុម​ជប៉ុន ២-០ ខណៈ​ការប្រកួត​វាយ​គូ​នារី និង​ឯកត្តជន​នារី គឺ​កម្ពុជា​បាន​ចាញ់​ក្នុងពេល​ប្រកួត​បើកឆាក​ដូចគ្នា​។​
 
​ទោះបីជា​កម្ពុជា​ឈ្នះ​មេដាយ​សំរឹទ្ធ​ស្ទួន​ក៏ដោយ ប៉ុន្តែ​លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បាន​ថ្លែងថា​៖«​វា​ជា​រឿង​មួយ​ដ៏​អស្ចារ្យ និង​មោទនៈភាព​បំផុត ដែល​យើង​បានឈ្នះ​មេដាយ​សំរឹទ្ធ​នៅក្នុង​ការប្រកួត​កម្រិត​ពិភពលោក​មួយ​នេះ ព្រោះ​ក្នុងចំណោម​១១​ប្រទេស​គឺមាន​តែ​កម្ពុជា​, កូរ៉េ ជប៉ុន និង​ថៃ ប៉ុណ្ណោះ​ដែល​ឈ្នះ​មេដាយ​។ ចំណែក​ហ្វីលីពីន ដែលជា​ប្រទេស​ខ្លាំង​មួយ​បន្ទាប់ពី​ថៃ​នៅ​អាស៊ាន ហើយ​សង្ឃឹម​ខ្លាំង​បំផុត​ក្នុងការ​ឈ្នះ​បាន​មេដាយ​បែរជា​គ្មាន​បាន​មេដាយ​មួយ​សោះ ដល់​អ៊ីចឹង​គេ​សរសើរ និង​ភ្ញាក់ផ្អើល​សម្រាប់​កម្ពុជា​»​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍ Korea Cup Soft Tennis Tournament 2016 ដែល​ធ្វើឡើង​នៅ​ប្រទេស​កូរ៉េ​មាន​១១​ប្រទេស​ចូលរួម ក្នុងនោះ​មាន​ម្ចាស់ផ្ទះ​កូរ៉េ​, ជប៉ុន​, ចិន​, ប៉ូឡូញ​, ម៉ុង​ហ្គោ​លី​, ថៃ​, ហ្វីលីពីន​, វៀតណាម​, ឥណ្ឌា​, ឡាវ និង​កម្ពុជា​។  ប្រតិភូ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា នឹង​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​នា​ថ្ងៃទី​៣០ ខែសីហា ស្អែក​នេះ​។​
 
​ចំណែក​កីឡាករ​សូ​ហ្វ​តិ​ន្នី​ស​ជម្រើសជាតិ​កម្ពុជា​ចំនួន​៥​រូប​រួមមាន កាន់ សោ​ភ័​ណ្ឌ​, ឯក ចំរើន​, អន សម្បត្តិ​, យី ស​សា​រិ​ទ្ធិ​, និង ឌិ​ម សម្បត្តិ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​ប្រធាន​សហព័ន្ធ​កីឡា​សូ​ហូ​តិ​ន្នី​ស​កូរ៉េ ក្រោយ​ចប់​ការប្រកួត នឹង​បន្ត​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជម្រើសជាតិ​កូរ៉េ ជាមួយ​ក្រុម​កីឡាករ​វៀត​ណា​ម និង​ថៃ រហូតដល់​ថ្ងៃទី​១២ ខែកញ្ញា​៕

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង​
  Korea Cup
© រក្សាសិទ្ធិដោយ thmeythmey.com