ជាតិ
​​​ន​យោ​បាយ​ជាតិ​
​កម្ពុជា ប្រាប់​វៀតណាម​ថា នឹង​រុះរើ​សំណង់​តាម​ព្រំដែន បើសិន​វៀតណាម​មិន​បញ្ឈប់​ការសាងសង់
29, Aug 2016 , 4:21 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា បានស្នើ​ឲ្យ​ភាគី​វៀតណាម​ផ្អាក​ការសាងសង់​​ប៉ុស្តិ៍ អគារ និង​ផ្លូវ​តាម​ព្រំដែន ដើម្បី​រង់ចាំ​ដំណោះស្រាយ​ជាមុនសិន​។ កម្ពុជា​ប្រាប់​វៀតណាម​ទៀតថា បើ​វៀតណាម​មិន​ព្រម​ផ្អាក​សកម្មភាព​ខ្លួន​ទេនោះ កម្ពុជា នឹង​រុះរើ​សំណង់​អាគារ​តាម​ព្រំដែន​ទាំងនោះ​ចោល​។ គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម បើកកិច្ចប្រជុំ​ចង្អៀត​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៩ សីហា នេះ  ដើម្បី​ពិភាក្សាគ្នា​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​លើ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។​


​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ជា​អនុប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា លោក ឡុង វិ​សា​លោ បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​ចង្អៀត​លើ​បញ្ហា​ព្រំដែន​នេះ ក្រុមការងារ​កិច្ចការ​ព្រំដែន​កម្ពុជា បានស្នើ​ឲ្យ​ភាគី​វៀតណាម​ផ្អាក​គម្រោង​សាងសង់​សំណង់​ប៉ុស្តិ៍ អគារ និង​ផ្លូវ​តាម​ព្រំដែន ដើម្បី​រង់ចាំ​ដំណោះស្រាយ​ជាមុនសិន ។ លោក​ថា ប្រសិនបើ​វៀតណាម​មិន​ព្រម​ផ្អាក​ការសាងសង់​នោះទេ កម្ពុជា​នឹង​រុះរើ​សំណង់​អាគារ​តាម​ព្រំដែន​នេះ​ចោល​តែម្ដង​។​
 
​ថ្លែង​ចំពោះមុខ​កាសែត​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ចង្អៀត​ព្រឹក​នេះ អនុប្រធាន​គណៈកម្មកា​រ​ចម្រុះ​ព្រំដែន​រូបនេះ បានបញ្ជាក់​យ៉ាងខ្លី​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​តវ៉ា​បើសិនជា​ហ៊ាន​ធ្វើ (​សាងសង​) ខ្ញុំ​ឲ្យ​រុះ​ចេញ​»​។ 

ជាការ​ឆ្លើយតប​ភាគី​វៀតណាម​ទទួលយក​សំណើរ​របស់​កម្ពុជា ដែល​ស្នើ​ឲ្យ​ផ្អាក​ការសាងសង់នៅតាម​ការដ្ឋាន​នានា តាម​ខ្សែបន្ទាត់​ព្រំដែន​នេះ សុំ​យកទៅ​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​របស់​វៀតណាម​ជាមុនសិន​។នេះ​បើតាម​លោក ឡុង វិ​សា​លោ​។​
 
​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​លោក វ៉ា គីម​ហុង ទទួលស្គាល់ថា កិច្ចប្រជុំ​ចង្អៀត​លើ​បញ្ហា​ព្រំដែន​នេះ ភាគី​ទាំងពីរ​នៅមាន​ភាពចម្រូងចម្រាស​គ្នា ដែល​មិនទាន់​អាច​រក​ដំណោះស្រាយ​សមស្រប​នោះឡើយ ។ បើទោះមិនទាន់រកដំណោះស្រាយត្រឹមត្រូវក្ដី តែលោក វ៉ា គីម​ហុង អះអាងថា កម្ពុជា​មិនមែនជា«កញ្ជះ»របស់​ប្រទេស​ណាមួយ ដែល​ត្រូវ​ទុក​ឲ្យ​គេ​រំលោភបំពាន​បូរណភាព​ទឹកដី បាន​ស្រេច​តែ​ចិត្ត​នោះទេ។

ក្រៅពីស្នើឲ្យវៀតណាមបញ្ឈប់សកម្មភាពសាងសង់តាមបន្ទាត់ព្រំដែននេះ កម្ពុជានិងវៀតណាម ក៏បានប្រជុំត្រួតពិនិត្យ​លើឯកសារ​ស្នើសុំ​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​បារាំង ដើម្បី​ដោះ​ស្រាយ​លើ​ចំណុច​ខ្វែងគំនិត​គ្នា នៃ​បញ្ហា​ព្រំដែន​ប្រទេស​ទាំងពីរ​។​ ប៉ុន្តែចំណុចមួយចំនួនលើឯកសារស្នើសុំអន្តរាគមន៍ពីបារាំងនេះ ភាគីទាំងពីរក៏មិនទាន់​ឯកភាពគ្នា​ទាំងស្រុង​នោះ​ដែរ ដោយសារ​កម្ពុជា​ចង់​ស្នើសុំ​ឲ្យ​បារាំង​ជួយ​អន្តរាគមន៍​ចំនួន​២​ចំណុច​ប៉ុណ្ណោះ ខណៈ​ខាង​ភាគី​វៀតណាម​ចង់​ឲ្យ​ស្នើសុំ​៧​ចំណុច​។ នេះ​បើតាម​លោក វ៉ា គីម​ហុង​ ដែលមិនទាន់​អាច​បញ្ជា​ក់​ពី​ចំណុច​ក្នុងខ្លឹមសារទាំងនោះបាននៅឡើយទេ។
 
​គួរ​បញ្ជាក់ថា កម្ពុជា​-​វៀតណាម បាន​ព្រមព្រៀងគ្នា​បោះបង្គោល​ព្រំដែន កាលពី​ឆ្នាំ​២០០៦​មក ក្នុង​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ប្រវែង​១២៧០​គីឡូម៉ែត្រ ដោយ​កំណត់​បោះបង្គោល​ព្រំដែន​ចំនួន​៣៧៥​បង្គោល​។ បើតាម​របាយការណ៍​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ​កាល​ឆ្នាំ​២០១៥​ កម្ពុជា​-​វៀតណាម បាន​បោះបង្គោល​ព្រំដែន​បាន​ចំនួន​៨៣​ភាគរយ ពោលគឺ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ នៅសល់​១៧​ភាគរយ​ទៀត​ប៉ុណ្ណោះ​៕
 

Tag:
 ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com