អន្តរជាតិ
អ្នក​សាធារណរដ្ឋ​ត្រៀម​ស្ប៉ត​ពាណិជ្ជកម្ម​បង្ខំឲ្យ ដូ​ណា​ល់ ត្រាំ ចាក​ចេញពី​ការប្រកួតប្រជែង​
29, Aug 2016 , 5:07 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាជិក​បក្ស​សាធារណរដ្ឋ​មួយចំនួន​កំពុង​រៀបចំ​ស្ប៉តពាណិជ្ជកម្ម​ដែលមាន​ឈ្មោះថា​«​រក្សា​ពាក្យសម្តី​របស់​អ្នក​» ដើម្បី​បង្ខំ​ឲ្យ​បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដកខ្លួន​ពី​ការប្រកួតប្រជែង និង​អនុញ្ញាត​ឲ្យ​អ្នកផ្សេង​ដែល​ស័ក្តិសម​មក​ជំនួស​វិញ​។ កន្លងមក​លោក ដូ​ណា​ល់ ត្រាំ អះអាងថា លោក​នឹង​ដកខ្លួន បើសិនជា​ចំនួន​អ្នកគាំទ្រ​លោក​ធ្លាក់ចុះ​នោះ​។​



​កម្មវិធី​ពាណិជ្ជកម្ម​ប្រឆាំង​បេក្ខជន ដូ​ណា​ល់ ត្រាំ កំពុង​ត្រូវបាន​គេ​រៀបចំឡើង​ដើម្បី​ចាក់ផ្សាយ​នៅ​តំបន់​ជាយក្រុង​មួយចំនួន​នៅ​រដ្ឋ​ដែល​គណបក្ស​ធំៗ​ទាំងពីរ​មាន​សំឡេង​ប្រហាក់ប្រហែលគ្នា (Swing State)​។

​កម្មវិធី​ពាណិជ្ជកម្ម​នោះ​មាន​ចំណងជើង​ថា « រក្សា​ពាក្យសម្តី​របស់​អ្នក​» ហើយ​វា​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​ប្រឆាំង​លោក ដូ​ណា​ល់ ត្រាំ ។ គេ​ចង់​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ គោរព​ពាក្យសម្តី​របស់​ខ្លួនឯង​ដែល​ធ្លាប់​អះអាងថា លោក​នឹង​ចាក​ចេញពី​សង្វៀន​នយោបាយ បើសិនជា​ចំនួន​អ្នកគាំទ្រ​លោក ថយចុះ​នោះ​។

​យោងតាម​សារព័ត៌មាន Politico ដែល​ស្រង់​សម្តី​សកម្មជន​បក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Colorado លោក Regina Thomson ស្ប៉ត​ពាណិជ្ជ​កម្មនេះ​មាន​រយៈពេល ៣០​វិនាទី ហើយ​វា​ត្រូវ​នឹងត្រូវ​ចាក់ផ្សាយ​នៅ​តំបន់​មួយចំនួន​នៅ​រដ្ឋ Florida, Virginia, Ohio និង Michigan ផង​។ 

​តាមពិតទៅ គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ធ្វើយ៉ាងណា​ដាក់​សម្ពាធ​និង​បង្ខំ​ឲ្យ​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​នេះ​ចាក​ចេញពី​ការប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​។ ហើយ​វា​នឹង​អនុញ្ញាត​ឲ្យ​គណកម្មាធិការ​ជាតិ​នៃ​គណបក្ស​សា​ធាណ​រដ្ឋ​ជ្រើសរើស​អ្នកនយោបាយ​ថ្មី​ម្នាក់​ដើម្បី​មក​ជំនួស​និង​ប្រជែង​ជាមួយ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​វិញ​។

​កាលពី​ខែតុលា​ឆ្នាំមុន ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន NBC លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា​៖« ខ្ញុំ​មិនមែនជា​មនុស្ស​ដែល​រីករាយ​ដោយសារ​ការឈឺចាប់​ឡើយ​។ បើសិនជា​ចំនួន​អ្នកគាំទ្រ​ខ្ញុំ​ធ្លាក់ចុះ ហើយ​ខ្ញុំ​មើលឃើញថា​ខ្ញុំ​មិនអាច​ឈ្នះ​ទេ តើ​ខ្ញុំ​បន្ត​ប្រកួត​ធ្វើ​អី្វ​ទៀត​?»​។​

​មកទល់ពេលនេះ លោក ដូ​ណា​ល់ ត្រាំ មិនបាន​គោរព​ពាក្យសន្យា​របស់លោក​ឡើយ ថ្វីបើ​យោងតាម​ការស្ទង់មតិ លោក​ទទួលបាន​សំឡេងគាំទ្រ​តិចជាង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក៏ដោយចុះ​។ ការស្ទង់មតិ​បង្ហាញថា លោក ទទួលបាន​សំឡេងគាំទ្រ​តិចជាង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​នៅ​ស្ទើរតែ​គ្រប់​រដ្ឋ​ដែល​គណបក្ស​ទាំងពីរ​មាន​សំឡេងគាំទ្រ​ប្រហាក់ប្រហែលគ្នា​នោះ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្រុម​អ្នកគាំទ្រ សេដ្ឋី​អចលនទ្រព្យ​ដូ​ណា​ល់ ត្រាំ នេះ​សង្ឃឹមថា ការគាំទ្រ​លោក​នឹង​កើន​ឡើងវិញ ដោយសារ​ការបន្ត​ត្រួតពិនិត្យ​អាណត្តិ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅពេល​ជា​រដ្ឋមន្ត្រីការបរទេស ជាពិសេស​បញ្ហា​ជំនួយ​និង​មូល​នី​ធិ​គ្លី​ន​តុ​ន​នោះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  បក្ស​សា​ធាណរ​ដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com