អន្តរជាតិ
​មហា​យក្ស​ឥណ្ឌា​ចង់​ទិញ​យន្តហោះ​ទម្លាក់​គ្រាប់​គ្មាន​អ្នកបើក​របស់​អាមេរិក​
29, Aug 2016 , 8:19 pm        
រូបភាព
យន្តហោះគ្មានអ្នកបើករបស់​សហរដ្ឋអាមេរិក​
យន្តហោះគ្មានអ្នកបើករបស់​សហរដ្ឋអាមេរិក​
​តាំងពី​យូរ​មកហើយ ឥណ្ឌា​មានបំណង​ទិញ​យន្តហោះ Drone ដែល​អាច​ទម្លាក់​គ្រាប់ ពី​សហរដ្ឋអាមេរិក​ដើម្បី​ពង្រឹងសមត្ថភាព​វាយប្រហារ​ក្រុម​ភេរវជន​និង​អាច​កំញើញ​ប៉ា​គី​ស្ថាន​និង​ចិន​ផង​។  គេ​រំពឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​ការពារជាតិ​ឥណ្ឌា​ទៅ​អាមេរិក​ដើម​សប្តាហ៍​នេះ នឹង​ជំរុញ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ពិចារណា​ជាថ្មី​ដើម្បី​ផ្តល់​សព្វាវុធ​ប្រភេទ​នេះ​ដល់​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា Manohar Parrikar ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​លោក​នឹង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​អាមេរិក​លោក Ashton Carter​។ ឥណ្ឌា ចង់​ជំរុញ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ផ្តល់​ឲ្យ​ខ្លួន​នូវ​ប្រភេទ​យន្តហោះ​គ្មាន​អ្នកបើក​តែ​អាច​វាយប្រហារ​បាន​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ខ្លួន​។ បន្ថែម​ពីនេះ គេ​រំពឹងថា មេដឹកនាំ​នេះ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ផ្នែក​យោធា​រវាង​ឥណ្ឌា​និង​អាមេរិក​ផងដែរ​។

​យោងតាម​សារព័ត៌មាន Economic Times គោលបំណង​នៃ​ការ​នាំចូល​សព្វាវុធ​ទំនើប​ប្រភេទ​នេះ​គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ប្រឆាំង​ភេរវកម្ម និង​ត្រៀមលក្ខណៈ​ប្រឆាំង​ការកើនឡើង​ឥទ្ធិពល​នៃ​ប្រទេស​ចិន និង​ប៉ា​គី​ស្ថាន​ថែម​ទៀតផង​។  កន្លងមក ឥណ្ឌា​ធ្លាប់​បង្ហាញ​គោលបំណង​សុំ​ទិញ​យន្តហោះ​នេះ​ពី​សហរដ្ឋអាមេរិក​ដែរ ព្រោះ​យន្តហោះ​នេះ​ត្រូវបាន​ប្រើប្រាស់​នៅ​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្កា​នី​ស្ថាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​សហរដ្ឋអាមេរិក​បា​នប​ដិ​សេធ ដោយសារ​គេ​បារម្ភ​ថា ឥណ្ឌា​នឹង​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ​ដើម្បី​ប្រឆាំង​សម្ព័ន្ធមិត្ត​អាមេរិក​ប៉ា​គី​ស្ថាន​។

​តែ​អ្វីៗ​ត្រូវបាន​ផ្លាស់ប្តូរ​ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ឥណ្ឌា​ក្លាយជា​តួអង្គ​សំខាន់ និង​ជា​មិត្ត​មិនអាច​ខ្វះ​បាន​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​តំបន់​នៅពេលដែល​ចិន​កាន់តែ​កើនឡើង​ឥទ្ធិពល​ខ្លាំង​។ ឥណ្ឌា និង​អាមេរិក​កាន់តែ​ជិតស្និទ្ធ​គ្នា ហើយ​អាមេរិក​ក៏​បង្ហាញ​ចេតនា​ចង់​ផ្គត់ផ្គង់​សព្វាវុធ​ជាពិសេស​យន្តហោះ​ទំនើបៗ​ឲ្យ​ឥណ្ឌា​ថែមទៀត​។ ដូច្នេះហើយ ក្នុង​ដំណើ​ទស្សនកិច្ច​លើក​នេះ ភាគរយ​ច្រើន​ដែល​អាច​បញ្ជាក់ថា សហរដ្ឋអាមេរិក​នឹង​ព្រម​ផ្គត់ផ្គង់​យន្តហោះ​គ្មាន​អ្នកបើក​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​តាម​ការស្នើសុំ​។​

​កន្លងមក ក្រៅពី​លក់​អាវុធ​ឲ្យ​ឥណ្ឌា អាមេរិក​ក៏បាន​ជួយ​ឲ្យ​ឥណ្ឌា​ក្លាយជា​សមាជិក​គំនិត​ផ្តួចផ្តើម​ពហុភាគី​ដែល​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​បច្ចេកវិទ្យា​ផលិត​មី​ស៊ី​ល​ដែរ​។ ឥណ្ឌា​បានដាក់​ពាក្យស្នើសុំ​ជា​សមាជិក​នៃ​ភាពជា​ដៃគូ​ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​ផលិត​មី​ស៊ី​ល (MTCR) នៅក្នុង​ខែមិថុនា ឆ្នាំ ២០១៥ ហើយ ឥណ្ឌា​បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៅក្នុង​ខែ មិថុនា​ឆ្នាំ ២០១៦ កន្លងទៅ ដោយមាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​និង​បារាំង​ផង​នោះ​។​

​ត្រឡប់មកវិញ ពាក់ព័ន្ធ​ដំណើរ​ទស្សន​កិច្ច ប្រមុខ​ការពារជាតិ​ឥណ្ឌា​ក៏បាន​ប្រហែលជា​ឆ្លៀតឱកាស​លើកឡើង​ពី​បញ្ហា​អសកម្ម​របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ក្នុងការ​កម្ចាត់​ក្រុម​ភេរវជន​នៅក្នុង​ប្រទេស ក្នុងជំនួប​ជាមួយ​ប្រមុខ​ការពារជាតិ​អាមេរិក​ផង​។ ឥណ្ឌា​យល់ថា បញ្ហា​នៅ​ប៉ា​គី​ស្ថាន​កំពុង​បង្ក​ការគំរាមកំហែង​ខ្លាំង​ដល់​សន្តិសុខ​ជាតិ​របស់​ឥណ្ឌា និង​ស្ថិរភាព​នៅក្នុង​តំបន់​ទាំងមូល​ខ្លាំង​ផងដែរ​៕


Tag:
 ឥណ្ឌា​
  Manohar Parrikar
  Ashton Carter
© រក្សាសិទ្ធិដោយ thmeythmey.com