ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង ថា​ឯកឧត្តម កឹម សុខា ពុំ​ខ្លាច​ការចាប់ខ្លួន​ឡើយ​
29, Aug 2016 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ អស់​រយៈ​ជាង​២​ខែ​ហើយ ដែល​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ សំងំ​លាក់ខ្លួន​ក្នុង​ទីស្នាក់ការ​កណ្តាល​។ ការមិន​ចាកចេញ​ពី​ទីស្នាក់ការ​គណបក្ស​បែបនេះ ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន ជាពិសេស​អ្នកគាំទ្រ​បក្ស​កាន់អំណាច សើចចំអក​ឲ្យ​ឯកឧត្តម កឹម សុខា ថា​ភ័យខ្លាច​នឹង​សមត្ថកិច្ច​ចាប់ខ្លួន​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​លោក អេង ឆៃអ៊ាង បាន​អះអាងថា អ្នកដឹកនាំ​របស់លោក មិន​ខ្លាច​សមត្ថកិច្ច​នោះទេ​។



​ស្ថិតនៅក្នុង​សម្លៀកបំពាក់​ពណ៌​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៩​សីហា​នេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង បាន​បដិសេធ​ចំពោះ​មតិ​របស់​បុគ្គល​មួយចំនួន ដែល​អះអាងថា ឯកឧត្តម កឹម សុខា ខា្ល​ច​សមត្ថកិច្ច​ចាប់ខ្លួន ទើប​សុខចិត្ត​សំងំ​រស់នៅក្នុង​ទីស្នាក់ការ​គណបក្ស​បែបនេះ​។ ពី​វេទិកា​នយោបាយ​ប្រចាំ​សប្តាហ៍ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស លោក អេង ឆៃអ៊ាង​សារភាពថា ឯកឧត្តម កឹម សុខា មិនអាច​គេចខ្លួន​ឡើយ ប្រសិនបើ​សមត្ថកិច្ច ចង់​នាំខ្លួន​គាត់​ទៅ​តុលាការ​មែន​នោះ​។

​នៅ​ចំពោះមុខ​អ្នកគាំទ្រ មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ជម្រាបជូន​ជា​ផ្លូវការ​នៅថ្ងៃនេះ   ឲ្យ​សាធារណជន​ទាំងអស់​ជ្រាបថា ឯកឧត្តម កឹម សុខា អត់​ខ្លាច​សន្តិសុខ (​សមត្ថកិច្ច​) ហើយ​រត់​ពួន​ទេ​។ យើង​ដឹង​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​មធ្យោបាយ​អ្វី​ធំដុំ​ទេ​។ គេ​អាចមក​ចាប់​ពេលណា​ក៏បាន​»​។​

​ផ្ទុយទៅវិញ លោក អេង ឆៃអ៊ាង ពន្យល់ថា ការមិន​ចាកចេញ​ពី​ទីស្នាក់ការ​គណបក្ស​បែបនេះ ព្រោះ​ឯកឧត្តម កឹម សុខា កំពុង​ធ្វើ​កូដកម្ម​នយោបាយ ក្នុង​គោលបំណង​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​។ លោក​បន្ថែមទៀតថា អំឡុងពេល​ប៉ុន្មាន​ខែ​ដែល ឯកឧត្តម កឹម សុខា រស់នៅក្នុង​ទី​ស្នា​ការ គឺ​ដើម្បី​បង្ហាញថា អ្វីៗ​ដែល​អ្នកមានអំណាច ធ្វើ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការរំលោភច្បាប់​យ៉ាងធ្ងន់ធ្ងរ​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ច្រានចោល ការអត្ថាធិប្បាយ​របស់​លោក អេង ឆៃអ៊ាង​។ សម្រាប់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច សំណុំរឿង​ក្តីក្តាំ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី និង​របស់​ឯកឧត្តម កឹម សុខា គឺពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវច្បាប់​សុទ្ធសាធ​។ លោក សុខ ឥសាន លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ពិតមែន​។ វា​ជា​រឿង​ការអនុវត្ត​របស់​តុលាការ​។ ជា​រឿង​នីតិរដ្ឋ មិនមែន​រឿង​នយោបាយ​ឡើយ​»​។​

​សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា បានសម្រេច​ចិត្ត​រស់នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស ចាប់តាំងពី​កម្លាំង​សមត្ថកិច្ច បរាជ័យ​ក្នុងការ​ចាប់ខ្លួន​លោក កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​។ ការបញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា ទាំង​មាន​អភ័យឯកសិទ្ធិ​បែបនេះ ដោយសារតែ​តុលាការ​សំអាងថា  ឯកឧត្តម កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​។ ក្រោយពី​ឯកឧត្តម កឹម សុខា មិន​ព្រម​បង្ហាញ​ខ្លូន​ចំនួន​២​លើក តាម​ការកោះហៅ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ តុលាការ ក៏បាន​ចោទ​ឯកឧត្តម កឹម សុខា ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» តែម្តង​។ សាលាដំបូង​នឹង​បើកសវនាការ​ជម្រះ​សំណុំ​រឿងនេះ​នៅ​ថ្ងៃទី​៩​ខែកញ្ញា​ខាងមុខនេះ​។​

​ឯកឧត្តម សម រង្ស៊ី វិញ​បាន​ភៀសខ្លួន​ទៅ​រស់​នៅឯ​បរទេស   បន្ទាប់ពី​ការអនុវត្ត​សាលដីកា​ស្ថាពរ​មួយ​នៃ​សំណុំរឿង​បរិហារកេរ្តិ៍​លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​បន្ទាប់មក ឯកឧត្តម សម រង្ស៊ី ក៏​រង​បណ្តឹង​ពី​រដ្ឋាភិបាល​ជាច្រើន​ហូរហែ​ថែមទៀត​៕


Tag:
 CNRP
  តុលាការ​
  កឹម សុខា​
  សម រង្ស៊ី​
  អេង ឆៃអ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com