ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនសិង្ហបុរី នឹងផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យដល់ក្រុងបាវិតចាប់ពីឆ្នាំ២០១៧
× ភ្នំពេញ៖ ក្រុមហ៊ុន Sunseap Asset (Cambodia) ដែលមានក្រុមហ៊ុនមេនៅប្រទេសសិង្ហបុរី នឹងផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar) ក្នុងអានុភាព ១០មេហ្គាវ៉ាត់ ដល់ក្រុងបាវិត និងតំបន់ជុំវិញក្រុងបាវិត ដែលអាចនឹងត្រូវចាប់ផ្ដើមផ្គត់ផ្គង់នៅរដូវប្រាំងឆ្នាំ ២០១៧ ខាងមុខនេះ។
អគ្គិសនីកម្ពុជា( EDC) នៅថ្ងៃទី២៩ខែសីហានេះ បានចុះកិច្ចព្រមព្រៀងទិញ-លក់ថាមពលអគ្គិសនី ជាមួយក្រុមហ៊ុន Sunseap Asset (cambodia) បន្ទាប់ពីក្រុមហ៊ុននេះ បានឈ្នះការដេញថ្លៃក្នុងពេលកន្លងមក។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ឲ្យដឹងថា នេះជាគម្រោងផ្គត់ផ្គង់ថាមពល Solar ខ្នាតធំលើកដំបូងនៅកម្ពុជា ដែលថាមពល Solar នេះ នឹងត្រូវតភ្ជាប់ទៅខ្សែបណ្ដាញអគ្គិសនីជាតិ ដើម្បីចែកចាយដល់ក្រុងបាវិត និងតំបន់ជុំវិញក្រុងបាវិត។
អគ្គនាយក EDC រូបនេះ ឲ្យដឹងទៀតថា គម្រោងថាមពល Solar នេះ ត្រូវចំណាយទឹកប្រាក់ ១២,៥លានដុល្លារ លើផ្ទៃដីជាង១០ហិកតា ហើយក្រុមហ៊ុននឹងធ្វើការផ្គត់ផ្គង់ក្នុងរយៈពេល ២០ឆ្នាំ។ លោកបន្តថា តាមកិច្ចព្រមព្រៀង ក្រុមហ៊ុនត្រូវចាប់ផ្ដើមបញ្ចេញផលិតផលរបស់ខ្លួន ក្នុងអំឡុងពេល ១២ខែ ចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀង តែលោកបញ្ជាក់ថា EDCនឹងជំរុញឲ្យក្រុមហ៊ុនអាចផ្គត់ផ្គង់អគ្គិសនីបានក្នុងរវង្វង់៦ខែទៀតប៉ុណ្ណោះ។
«១០មេហ្គាវ៉ាត់នេះ គឺមិនច្រើនទេ បើធៀបនឹងវារីអគ្គិសនីមួយដែលមានអានុភាព១០០ ឬ២០០មេហ្គាវ៉ាត់។ ប៉ុន្តែនេះគឺជាប្រភពកកើតឡើងវិញមួយនៃថាមពលស្អាត»។ នេះបើតាមលោក កែវរតនៈ។ លោក ក៏បានចាត់ទុកគម្រោងនេះថាបានរួមចំណែកកាត់បន្ថយការទិញអគ្គិសនីពីប្រទេសជិតខាងផងដែរ។
បើតាម លោក កែវ រតនៈ ខេត្តស្វាយរៀងមានតម្រូវការប្រើប្រាស់អគ្គិសនីប្រមាណ ៤០មេហ្គាវ៉ាត់ ហើយអគ្គិសនី ២០មេហ្គាវ៉ាត់ កម្ពុជាបានទិញពីប្រទេសវៀតណាមសម្រាប់ខេត្តមួយនេះ។ ដោយឡែកសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេស មានទំហំប្រហែល ២ពាន់មេហ្គាវ៉ាត់៕
Tag:
EDC
Solar
កែវ រតនៈ
អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com