បទវិភាគ
ពលរដ្ឋ​ខ្មែរ​គ្រប់រូប​គួរ​កុំ​ប្រកាន់​ជំហរ​«​កន្ទេល​ធំ​បន្លំ​ដេក​»!
30, Aug 2016 , 8:19 am        
រូបភាព
ដោយ:
 
 
​ភ្នំពេញ​៖ «​កន្ទេល​ធំ​បន្លំ​ដេក​» គឺជា​ឃ្លា​ល្បើក​ដែល​ចាស់​បុរាណ​ខ្មែរ​បាន​លើក​មក​និយាយ​សម្រាប់​សំដៅយក​អំពើ​មួយចំនួន​ដែល​ចង់​កេងចំណេញ ឬ​ចង់​បន្លំ​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​អ្នកណាម្នាក់ ឬ​ក្រុម​ណាមួយ​។ ក្នុង​ឃ្លា​ល្បើក​«​កន្ទេល​ធំ​បន្លំ​ដេក​» តាមន័យ​ត្រង់ ចង់​និយាយថា ប្រសិនបើ​អ្នក​ម្នាក់​មាន​កន្ទេល​ធំ ដេក​មិន​អស់ ឬ​ដេក​មិន​ពេញ ហើយ​អ្នក​ក្បែរ​ខាង​គ្មាន​កន្ទេល ពួកគេ​អាច​លួច​បន្លំ​ដេក​ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​កន្ទេល​។ ក្នុង​ន័យធៀប ឃ្លា​ល្បើក​នេះ គេ​អាច​និយាយ​ក្នុង​បរិបទ​ជាច្រើន ដូចជា ករណី​ព្រំដី ព្រំដែន ការគ្រប់គ្រង ឬ​ការប្រើ​សិទ្ធិ​ក្នុងការ​សម្រេច​អ្វីមួយ​។​ល​។

 
​ករណី​ព្រំដី​របស់​ប្រជាជន​ជា​បុគ្គល ឬ​ក្រុមហ៊ុន ដែលមាន​ដី​ធំ​ហើយ​មិនបាន​ព័ទ្ធរបង​ច្បាស់លាស់​និង​រឹងមាំ ឬ​គ្មាន​អ្នក​នៅ​ថែរក្សា​និង​អាស្រ័យ​ផល អាច​នាំឱ្យ​អ្នកផ្សេង​លួ​ចប​ន្ល​រំកិល​ព្រំដី លួច​ប្រើប្រាស់​ដី ឬ​កាន់កាប់​ដី​ក្នុង​ចំណែក​ណាមួយ ដោយ​ម្ចាស់​ដី​មិនបាន​ដឹង​។ 
 
​ករណី​ព្រំដែន​របស់​ប្រទេស​«​ក​»​ដែល​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​«​ខ​»​ក៏​ដូចគ្នា​ដែរ ប្រសិនបើ​ប្រទេស​«​ក​»​មាន​ដី​នៅសល់​ច្រើន មាន​ប្រជាជន​តិចជាង មិនមាន​គោលនយោបាយ ឬ​ផែនការ​អភិវឌ្ឍ​ព្រំដែន មិនមាន​ប្រជាជន​រស់នៅ​ច្រើន​តាម​ព្រំដែន មិនមាន​ការការពារ​ព្រំដែន​ឱ្យបាន​រឹងមាំ​និង​ខ្ជាប់ខ្ជួន មិនបាន​ប្រុងប្រយ័ត្ន​លើ​ការប៉ុនប៉ង​រំកិល​ព្រំដែន និង​មិនទាន់មាន​ការបោះបង្គោល​ព្រំដែន​ច្បាស់លាស់ នាំឱ្យ​ប្រទេស​«​ខ​»​ដែលមាន​មហិច្ឆតា​ចង់​រំលោភ​យក​ដី អាច​រំកិល​ព្រំដែន លួច​ប្រើប្រាស់​ដី ឬ​កាន់កាប់​ដី​តាម​តំបន់​ព្រំដែន​ក្នុង​ចំណែក​ណាមួយ​ដោយ​ចេតនា​ទុច្ចរិត បើទោះបីជា​ប្រទេស​«​ខ​»​មាន​ដី​ធំ​ជាង​ប្រទេស​«​ក​»​ក៏ដោយ​។​
 
​ក្នុង​បរិបទ​នៃ​ការគ្រប់គ្រង ឬ​ការប្រើ​សិទ្ធិ​ក្នុងការ​សម្រេច​អ្វីមួយ ក៏​មិន​ខុសគ្នា​ដែរ ដោយសារតែ​បុគ្គល​ឬ​ស្ថាប័ន​ណាមួយ មានអំណាច​ធំ​ពេក ឬ​ការកំណត់​ព្រំដែន​នៃ​អំណាច​មិន​ច្បាស់លាស់ និង​គ្មាន​ការត្រួតពិនិត្យ​លើ​ការប្រើ​អំណាច​និង​សិទ្ធិ​ផង​នោះ នាំឱ្យ​បុគ្គល​ឬ​ស្ថាប័ន​នោះ​អាច​ប្រើប្រាស់​អំណាច​ឬ​សិទ្ធិ​របស់ខ្លួន​ហួស​ព្រំដែន ឬ​អាច​ចង់​ធ្វើ​អ្វីមួយ​តាម​ទំនើងចិត្ត​របស់ខ្លួន​។ ឧទាហរណ៍ បុគ្គល​សាធារណៈ​ណា​ម្នាក់ ដូចជា តំណាងរាស្ត្រ រដ្ឋមន្ត្រី ប្រធាន​តុលាការ ព្រះរាជអាជ្ញា ចៅក្រម ឬ​ប្រធាន​ស្ថាប័ន​ណាមួយ ដែល​ច្បាប់​ផ្ដល់​ឆន្ទានុសិទ្ធិ​ឱ្យ​សម្រេច​អ្វីមួយ​ក្នុង​ការងារ​របស់ខ្លួន ដោយ​ផ្អែកលើ​ហេតុផល​ត្រឹមត្រូវ ឬ​ផលប្រយោជន៍​រួម ជារឿយៗ​ត្រូវបាន​គេ​អះអាងថា​ពួកគេ​បាន​ប្រើប្រាស់​សិទ្ធិ អំណាច ឬ​ឆន្ទានុសិទ្ធិ​របស់ខ្លួន​ក្នុងការ​សម្រេច​ក្ដី ឬ​ក្នុង​ការសម្រេច​អ្វីមួយ មិនបាន​ត្រឹមត្រូវ ឬ​ហួស​ព្រំដែន ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​លម្អៀង​ទៅរក​សាច់ញាតិ ឬ​អ្នកមាន​ប្រាក់​ជាដើម​។​
 
​ដូចគ្នា​ដែរ​ក្នុងករណី​មន្ត្រី​ថ្នាក់ក្រោម ឬ​ប្រជាជន​សាមញ្ញ ដោយ​សំអាងថា មាន​អំពើពុករលួយ មានការ​កាប់បំផ្លាញ​ព្រៃឈើ មានការ​នេសាទ​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន រាលដាល​ពេញ​ផ្ទៃ​ប្រទេស ខ្លួន​ក៏​លួច​បន្លំ​ប្រព្រឹត្ត​អំពើ​ទាំងនោះ ឃុបឃិត ឬ​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ខុសច្បាប់​ទាំងនោះ ដោយ​មិនបាន​រាយការណ៍​មក​ថ្នាក់លើ ឬ​អាជ្ញាធរ ឬ​មិនបាន​ចាត់វិធានការ​តាម​ដែន​សមត្ថកិច្ច​របស់ខ្លួន ជាដើម​។​
 
​ប្រសិនបើ​ក្នុងសង្គម​មួយ សម្បូរ​ទៅដោយ​ប្រភេទ​មនុស្ស​ប្រកាន់យក​ជំហរ​«​កន្ទេល​ធំ​បន្លំ​ដេក​» សង្គម​នោះ នឹង​មិនអាច​ដោះស្រាយ​បញ្ហា​នានា​បាន​ងាយស្រួល​នោះទេ​។ ផ្ទុយទៅវិញ បញ្ហា​សង្គម​អាច​កាន់តែ​ធ្ងន់​ទៅៗ រហូតដល់​ពិបាក​ដោះស្រាយ ឬ​មិនអាច​ដោះស្រាយបាន​ក៏មានដែរ​។ ហេតុនេះ ប្រសិនបើ​ចង់​រួមចំណែក​ដោះស្រាយ​បញ្ហា​សង្គម​ខ្មែរ​ដែល​កំពុងមាន​នាពេល​បច្ចុប្បន្ន លុះត្រាតែ ពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស អ្នកមាន​តួនាទី​ធំៗ លះបង់​ចោល​នូវ​គំនិត​«​កន្ទេល​ធំ​បន្លំ​ដេក​» ហើយ​បែរមក​រស់នៅ​ក្នុងនាម​ជា​កោសិកា​មួយ​របស់​សង្គម ដោយ​ធ្វើ​អ្វីៗ​ផ្អែកលើ​ច្បាប់ គោលការណ៍​សីលធម៌ សេចក្ដីស្រលាញ់ គោរព​តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ទើប​សង្គម​ខ្មែរ​អាច​រក្សាបាន​នូវ​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សមធម៌ យុត្តិធម៌ ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​សុខដុម​នីយកម្ម​យូរអង្វែង​៕        
       
 
    

Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com