ជាតិ
សុវត្តិភាព ចរាចរណ៍
ស្នងការនគរបាលខេត្តបាត់ដំបងពន្យល់ករណីដាក់សពគរគ្នាលើរថយន្ត
× តាមរយៈហ្វេសប៊ុករបស់ខ្លួន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឆ្លើយតបចំពោះការរិះគន់ទាក់ទងការដាក់សព គរគ្នាលើរថយន្ត។ ជនរងគ្រោះ៩នាក់បានស្លាប់ភ្លាមដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកដី លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ភូមិសាស្ត្រស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៩ ខែសីហា។
រូបភាពដែលបង្ហាញពីលើកសពដាក់គរគ្នាលើរថយន្ត ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ដោយខ្លះបានចោទក្រុមមន្ត្រីប៉ូលិសថា បានប្រមាថ និងមើលងាយជនរងគ្រោះ។ តបទៅនឹងការរិះគន់ ស្នងការនគរបាលខេត្តបាត់ដំបង បានសរសេរនៅលើហ្វេសប៊ុកថា៖ «ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមចូលរួមរំលែកនូវទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព និងក្រុមគ្រួសារជនរងគ្រោះ»។
នគរបាលខេត្តបាត់ដំបង បានពន្យល់ថា សកម្មភាពជួយសង្គ្រោះជនរងគ្រោះនៅកន្លែងកើតហេតុ នគរបាលបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ឋដែលនៅជិតបំផុត ក្នុងនោះមានរថយន្តសង្គ្រោះដឹកនាំអ្នករង របួសទៅកាន់មន្ទីរពេទ្យ ដោយឡែកអ្នកបាត់បង់ជីវិតនៅកន្លែងកើតហេតុ ក្រោយគាស់យកចេញពីរថយន្ត នគរបាលបានសម្រេចដឹកសាកសពទៅកាន់ទីអារាមដែលនៅក្បែរនោះដើម្បីរៀបចំការវេចខ្ចប់ឲ្យបានត្រឹមត្រូវដោយមានជំនួយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផងដែរ ។
«ដោយរថយន្តសង្គ្រោះពេលនោះបានដឹកនាំជនរងគ្រោះទៅមន្ទីរពេទ្យអស់ ហើយសាកសពស្ថិតនៅលើដីយូរ ឯអាកាសធាតុមិនអំណោយផល ត្បិតមានភ្លៀងរលឹមផង បើទុកយូររង់ចាំរថយន្តសង្គ្រោះត្រឡប់មកវិញ ពិតជាមានលក្ខណៈមិនគប្បីច្រើន ដូច្នេះនគរបាលសម្រេចលើកសាកសពដាក់លើ រថយន្តដឹកទៅកាន់ទីអារាមនៅជិតបំផុតជាច្រើនជើង។ ទិដ្ឋភាពនេះត្រូវបានមតិ មួយចំនួនលើកឡើងថា (មិនគប្បី មិនសមរម្យ ឬមិនទំនង)ដែលដាក់សាកសពលើរថយន្តបែបនេះ» ។
ជាមួយគ្នានេះផងដែរ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានព្រមទទួលយកការរិះគន់ ហើយសន្យាខិតខំរកមធ្យោបាយឲ្យបានល្អប្រសើរជាងនេះ ក្នុងករណីមានឧប្បត្តិហេតុលើកក្រោយៗទៀត៕
Tag:
ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com