ពីនេះ ពីនោះ
ត្រូវឈប់សរសេរពាក្យ«ឱយ និង អោយ» ព្រោះវចនានុក្រមចាត់ទុកថាមិនត្រឹមត្រូវ
× ពាក្យ«ឱយ»អាចមិនសូវមានអ្នកសរសេរ ប៉ុន្តែពាក្យ«អោយ»វិញ អ្នកណាក៏ធ្លាប់សរសេរនៅក្នុងសំណេររបស់ខ្លួនដែរ។ ប៉ុន្តែពាក្យ «ឱយ និង អោយ»នេះ វចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត មិនបានអនុញ្ញាតឲ្យប្រើប្រាស់នោះទេ។
វចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាមិនយល់ព្រមឲ្យប្រើ ពាក្យ«ឱយ និង អោយ»ឡើយ។ ដោយអនុវត្តតាមការពិភាក្សា និងសម្រេចដោយគណៈកម្មការរៀបចំវចនានុក្រមខ្មែរគ្រាដំបូងបំផុតក្នុងកាល ព.ស.២៤៥៩ គ.ស.១៩១៥ គឺតម្រូវប្រើ ពាក្យ«ឱ្យ និង ឲ្យ» វិញ។
ឧទាហរណ៍៖ ធ្វើអំណោយ គឺលះអ្វីៗដល់អ្នកដទៃៈ ឲ្យប្រាក់, ឲ្យស្បៀង, ឲ្យទ្រព្យសម្បត្តិ, ឲ្យគ្រឿងស្លៀកពាក់...ជាដើម។ ប្រសិនបើប្រើក្នុងន័យបង្គាប់ៈ ឲ្យធ្វើ, ឲ្យរៀន, ឲ្យទៅ, ឲ្យមក...។ ឲ្យកាន់ការ មានន័យថា ឲ្យទទួកាន់មុខការ។ ឲ្យការណ៍ មានន័យថា ប្រាប់ដំណើរការណ៍, ប្រាប់រឿងហេតុៈ សាក្សីឆ្លើយឲ្យការណ៍តាមពិត។
ពាក្យនេះគេអាចសរសេរដូចជាៈ ឲ្យជើង, ឲ្យដៃ, ឲ្យតម្រួយ, ឲ្យន័យ, ឲ្យនាម, ឲ្យឧបាយ,ឲ្យអំណាច...។
បញ្ជាក់ថា៖ ពាក្យ«ឱ្យ និង ឲ្យ» គឺជាប្រភេទអញ្ញត្រសព្ទ “សព្ទដោយឡែក គឺពាក្យខ្លះដែលសរសេរខុសពីបែបប្រើអក្សរ ខុសពីសំឡេងនិយាយ។ ឧទាហរណ៍ «អញ, អ្នក, នេះ, នោះ, ឲ្យ, ហោង» ដែលមិនត្រូវសរសេរតាមសូរថា «អាញ់, នាក់, និះ, នុះ, ឱយ, អ្ហង»។”
ដកស្រង់ពីវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com